ក្រសួងវប្បធម៌ នឹងពិន័យចំពោះអ្នកផ្សព្វផ្សាយ ឬចែកចាយខ្លឹមសារព័ត៌មានដែលប៉ះពាល់ដល់វប្បធម៌ជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះបានចេញសេចក្តីណែនាំស្តីពី​វិធានការ​ទប់ស្កាត់ការផ្សាយ ឬការចែកចាយ​ខ្លឹមសារព័ត៌មាន​ជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗដែលបណ្តាលឱ្យប៉ះពាល់​ដល់វប្បធម៌ទំនៀមទម្លាប់​ប្រពៃណីជាតិ។

នៅក្នុងសេចក្តីណែនាំនោះ ក្រសួងបញ្ជាក់ថា ក្នុងបរិការណ៍ដែល​ប្រជាជនកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់​ចូលរួម ថែរក្សា ការពារ និងលើកកម្ពស់សុខដុមភាពនៃវិស័យសិល្បៈ ក្រុមប្រឹក្សាវិន័យនិងលើកសរសើររបស់ក្រសួងបានមើលឃើញថាអ្នកប្រើប្រាស់​គេហទំព័រ និងបណ្តាញសង្គម​មួយចំនួន ពិសេស​អាជីវករតាមអនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបាន​ផ្សព្វផ្សាយរូបភាព សារជាអក្សរ និងសំឡេង និងវីដេអូ​ប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌បង្កឱ្យមាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌​ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិជារឿយៗ។

ហេតុនេះដើម្បីបញ្ចៀសផលប៉ះពាល់ និងដើម្បីរក្សា​បាននូវសេចក្តីថ្លៃថ្នូរ​ព្រមទាំងគុណតម្លៃក្នុងនាមជាពលរដ្ឋកម្ពុជា ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ​សូមធ្វើការណែនាំដល់​អ្នកប្រើប្រាស់​គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់​សូមបញ្ឈប់សកម្មភាព​ផ្សពផ្សាយខ្លឹមសារទាំងឡាយណាដែលមានចរិតអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្ករឱ្យមាន​ផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់​សង្គមជាតិ។

ប្រសិនបើបុគ្គល ឬក្រុមណាមួយនៅបន្តប្រព្រឹត្តអវិជ្ជមាន​ខាងលើ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ និងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសនីយនិងទូរគមនាគមន៍ ក៏ដូចជាស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀតដើម្បីចាត់វិធានការតាមច្បាប់៕

Advertisement