អ្វីជាគម្លាតសង្គម ហើយអ្វីជាគម្លាតបុគ្គល?

ស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺ Covid-19 លើពិភពលោកនេះ ពិភពលោក​បាន​ជំរុញឱ្យមនុស្សរក្សាគម្លាតសង្គម និងគម្លាតបុគ្គលដើម្បីកុំឱ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំងនៅក្នុងសហគមន៍ ក៏ដូចជាការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬមួយក្រុម។

ពាក់ព័ន្ធនឹងបញ្ហានេះ​ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា៖

គម្លាតសង្គម៖ គឺជាការដាក់ខ្លួនឱ្យឆ្ងាយពីសង្គម ដូចជាពិធីអាពាហ៍ពិពាហ៍ ខួបកំណើត ពិធីសាសនានានា ឡើងផ្ទះ ឬជប់លៀងជាដើម។ គម្លាតសង្គម​គួរត្រូវបានគេអនុវត្តដំណាលគ្នា​ជាមួយនឹងគម្លាតបុគ្គល។

គម្លាតបុគ្គល៖ គឺការប្រាស្រ័យទាក់ទងគ្នាពីម្នាក់ទៅម្នាក់ ជួបដោយការងារ ឬគ្រួសារ និង​ការទិញលក់ទំនិញជាដើម គឺត្រូវរក្សា​គម្លាតពីគ្នាយ៉ាងហោចណាស់ 1.5 ម៉ែត្រឡើងទៅ ហើយត្រូវពាក់ម៉ាស់​ និងមានជែល ឬអាល់កុលសម្រាប់សម្អាតដៃ។

លោកវិជ្ជបណ្ឌិត​បានបញ្ជាក់ផងដែរថា ក្នុងករណីដែលពុំអាចចៀសវាងបាន តាមរយៈការអនុវត្តគម្លាតសង្គម ឬគម្លាតបុគ្គល ប្រជាពលរដ្ឋ​ត្រូវមានវិធានអនម័យជាប់ជានិច្ច ដោយយ៉ាងហោចណាស់ក៏ត្រូវការពារជំងឺឆ្លងនេះកុំឱ្យមានការចម្លងពីគេមកខ្លួនឯង ព្រោះបើទោះបីជាកម្ពុជាមិនមានរកឃើញករណីឆ្លងថ្មីរយៈពេល 3សប្តាហ៍មកនេះក៏ពិតមែន តែករណីនាំចូលនៅតែអាចមានក្នុងរណីជាយថាហេតុណាមួយ៕

Advertisement