លោក ហូ វណ្ឌី៖ មហាវិនាសកម្មជាសកលក្នុងវិស័យទេសចរណ៍ដោយសារ COVID-19

ស្ថិតក្នុងវិបត្តិសកលដែលកើតឡើងដោយសារតែការរីករាលដាលនៃមេរោគដ៏កាចសាហាវ COVID-19 នេះ លោក ហូ វណ្ឌី សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរ​ណ៏​ផ្នែក​ឯកជន បានបង្ហាញពីហេតុផល និងបញ្ហាជាច្រើនពាក់ព័ន្ធនឹងការធ្លាក់ចុះនៃវិស័យទេសចរណ៍នៅលើសកលលោក។

អ្នកជំនាញទេសចរណ៍រូបនេះបានលើកឡើងក្នុងអត្ថបទទាំងស្រុងថា៖ ឆ្នាំ2020​ ម្នាក់ៗកំពុងបន់ព្រះសំពះទេវតាសុំឱ្យជំងឺនេះសាបរលាយទៅវិញ ហើយជាពេលដែល​មនុស្ស​ខ្លាចមនុស្សជាងខ្លាចខ្មោច​ សង្រ្គឺតធ្មេញដាក់គ្នាក៏មិនដឹង​ បបូរមាត់លាបក្រេមក៏មិនដឹងស្អាត​ ប្រុស​មិនដឹង​ថាប្រុស​ ស្រីក៏មិនដឹងថាស្រី​ សាច់ញាតិផៅសណ្តាន​ ប្តីប្រពន្ធកូនចៅមើលគ្នាមិនស្គាល់​ មិនហ៊ានប៉ះគ្នា​ មិន​ហ៊ានជិតគ្នា ព្រោះមុខមាត់ហ៊ុមព័ទ្ធទៅដោយម៉ាស់ជិតឈឹង​ និងរអាឆ្លងរោគទៅវិញទៅមក​ ប្រើម៉ាស់​ អាល់កុល​ ជែល​ សាប៊ូ​ រាប់មិនអស់​។ កាលពីមុនមនុស្សចូលកន្លែងឃុំទាល់តែប៉ូលីសអ្នកនាំចូល​ ប៉ុន្តែ​ឥឡូវ​នេះម្នាក់ៗស្ម័គ្រចិត្តឃុំខ្លួនឯង​ ទើបដឹងថាតើជីវិតនៅក្នុងទ្រុងវាមានអារម្មណ៍យ៉ាងណា​។ ដូច​មនុស្ស​មួយចំនួនចាប់សត្វឱ្យរស់នៅក្នុងទ្រុង មើលទៅហាក់បីដូចជាផែនដីនេះកំពុងតែ​ជួសជុលដើម្បីបរិស្ថានល្អ​ ខ្យល់បរិសុទ្ធ​ ទាំងលើអាកាស​ លើគោក និងក្នុងទឹក​ឱ្យល្អឡើងវិញ​ដើម្បីទុកជូនបន្តទៅមនុស្សជំនាន់​ក្រោយ​ទៀតយ៉ាងដូច្នោះ​។

ខ្ញុំបាទមិនមែនទស្សនវិទូ​ ឫសេដ្ឋវិទូទេទាន​ ប៉ុន្តែទាំងបទពិសោធន៍និងអាជីវកម្មក្នុងវិស័យ​ទេសចរណ៍​ជិត​30ឆ្នាំកន្លងមក ទោះបីជាកើតជំងឺសារ​ (Sars) ឆ្នាំ2001​ សង្រ្គាមមជ្ឈឹមបូពារ៍(Invasion of Iraq)​ ឆ្នាំ​2003 វិបត្តិសេដ្ឋកិច្ច​ពិភពលោក(Worldwide Economic Crisis)ឆ្នាំ2008​ ​ ជំងឺ​អេចវ័ន​អែនវ័ន​(H1N1) ឆ្នាំ​2009 ជំងឺ​អីប៊ូឡា(Ebola)ឆ្នាំ2014​ ការប្រយុទ្ធប្រឆាំងនិងក្រុមភេរវករឆ្នាំ​2014(Global War on Terrorism) ការប្រកាសបង្កើត​សង្រ្គាមពាណិជ្ជកម្ម (Trade War US-China) ឆ្នាំ​2018 ក៏​អន្តរវិស័យក្នុងការផ្គត់ផ្គង់ និងផ្តល់សេវាកម្មកទាំងតូចទាំងធំទាំងខ្ពស់មធ្យមទាបមិនដែលនៅត្រឹង ឫបញ្ឈប់នូវសង្វាក់របស់ខ្លួនឡើយ​ ។ ពេលនេះម៉ោងនេះថ្ងៃនេះជាងពេលណាៗទាំងអស់​ ចង់ស្រែកក៏ស្រែកមិន​កើត​ ចង់យំក៏យំមិនចេញ​ពី ព្រោះអ្វីខ្ញុំបានឃើញពីផលប៉ះពាល់ដ៏មហាសាលដល់វិស័យទេស​ចរណ៍​ដែល​ជាវិស័យនាំសំណាង​ដល់​គ្រប់​សាសន៍ និងគ្រប់វ័យ​ក្នុងពិភពលោក កន្លងមកថ្មីៗនេះអង្គកា​រទេសចណ៍​ពិភពលោក​(UNWTO)​បានធ្វើការទស្សទាយពីផលប៉ះពាល់ដែលវិស័យនេះនឹងទទួលផលអវិជ្ជមានរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក​។​

​មិនត្រឹមតែប៉ុណ្ណោះ​ វិស័យ​នេះបានឈានមុខនិងដឹកនាំវិស័យផ្សេងៗទៀត​ឱ្យរស់រានមានជីវិត​និយាយ​ដោយ​ឡែកតែក្នុងអន្តរវិស័យពាក់ព័ន្ធនឹងទេសចរណ៍តែមួយប៉ុណ្ណោះ ដែលកំពុងតែដួល​បណ្តើរៗដោយមិន​បាច់​ច្រាន​ ហើយ​ក៏គ្មានគូប្រកួតប្រជែងណាបន្ថែមទុន​វិនិយោគ​ដើម្បីចាប់​យកចំណែកទីផ្សារទៀតដើម្បី​វាយ​បំបាក់គូប្រជែងរបស់ខ្លួនក្នុងអំឡុងពេលនេះដែរ​ ក្នុងនោះមានជាអាទ៍៖

1.​ ក្រុមហ៊ុនអាកាសចរណ៍(Airlines)​ និងឧទ្ធម្ភាគចក្រ(Helicopter)

ជាក្រុមហ៊ុនវិនិយោគដឹកជញ្ជូន​ក្នុងលំហរអាកាស​ ដែលវិនិយោគប្រាក់រាប់ពាន់លានដុល្លារ​ ត្រូវយកយន្តហោះទាំងអស់មកចតចោល​ប្រៀបបីដូចជារថយន្តដែលខូចយកចូលយាន្តដ្ឋានរង់ចាំជួសជុល​យ៉ាងដូច្នោះ​ បានបញ្ឈប់​បញ្ឈរជើង​បុគ្គលិក​គ្រប់លំដាប់ថ្នាក់​ អ្នកបើកយន្តហោះខ្លះគាត់ថា​ គាត់ស្ទាត់នឹងបើកបក្សី​ស្លាបដែក​ហោះហើរលើ​អាកាស​ តែពេលនេះគាត់មិនអាចបញ្ជារថយន្តរបស់គាត់ឱ្យហោះដូចយន្តហោះបានឡើយ​ ក្រុមហ៊ុន​បានកាត់ប្រាក់បៀរវត្ស៍​ និងកាត់ម៉ោងធ្វើ​ការរហូតដល់បិទ​សកម្មភាពអាជីវកម្មរបស់ខ្លួន​ក្នុងពេលបន្តិច​ទៀត​នេះ​ដោយហេតុផលមិនមានទេសចរនិងអ្នកដំណើរ។​

2. ព្រលានយន្តហោះ(Airport)

​ងើយមើលទៅលើឃើញយន្តហោះខ្លះកំពុងសុំសិទ្ធចុះចត​ រីឯខ្លះទៀតក៏ហោះត្រុយឡើងទៅលើអាកាសដោយក្នុងលំហរពោរពេញទៅដោយខ្សែរអាកាសចរណ៍ខ្វាត់ខ្វែងដេរដាស់​ ជាទីកន្លែងសំចតនិងឆ្លងកាត់​របស់អាកាសចរណ៍ទាំងតូចទាំងធំ​ ហើយម្ខាងទៀតនៃព្រលានជាកន្លែងដែលរថយន្តតូចធំទាំងទំនើបនិងមធ្យមដាក់ភ្ញៀវ​ ឫអ្នកដំណើរដើម្បីបន្តដំណើររបស់ខ្លួនក្នុងស្រុកឫក្រៅស្រុកជិតឫឆ្ងាយប៉ុន្តែមិនចេញពីភពផែនដី​ លើកលែងតែយាន្តអាវកាសដែលធ្វើដំណើរទៅភពផ្សេងៗតែប៉ុណ្ណោះ​ ត្រូវបិទនិងផ្អាកសកម្មភាពរបស់ខ្លួនមួយអន្លើរដោយសារយន្តហោះមិនធ្វើការហោះហើរ​ ដោយសារហេតុផល​ មិនមានភ្ញៀវទេសចរឫអ្នកដំណើរ។​

3. ហាងទំនិញក្នុងព្រលានយន្តហោះ/តាមក្រវ៉ាត់ជាដែន​(Duty Free)

ហាងទំនិញ​សារពើភ័ណ្ឌ​ ភោជនីយដ្ឋាន​ ជាកន្លែងដែលអ្នកធ្វើដំណើរគ្រប់លំដាប់ជាវរបស់របររួចពន្ធសុទ្ធតែប្រែនៗមុននឹងឡើងយន្តហោះ​ ឫចាកចេញពីជាយដែនត្រឡប់ទៅកាន់ប្រទេសកំណើតឬជាប្រទេសទី2របស់ខ្លួន​ បែរជាស្ងាត់ដូចចោរលួចសេះ​ ទីតាំងខ្លះក៏រើយកឥវ៉ាន់ចេញ​ ហើយបុគ្គលិកត្រូវបានរំសាយដោយហេតុផលមិនមានទេសចរ និងអ្នកដំណើរតាមផ្លូវអាកាស​ និងតាមក្រវ៉ាត់ព្រំដែន​

4. កន្លែងទទួលទានតំណេក (Accommodation)

សណ្ឋាគារ​(Hotel) រីសតរ៍​(Rsort) ផ្ទះសំណាក់(Guest House)​ ផ្ទះស្នាក់​(Home Stay) ម៉ូតែល​(Motel) ហូស្តែល​(Hostel) ខុនដូថែល (ConTel=Condo Hotel) ទីតាំងទាំងអស់នេះជាកន្លែងសុខសំរាន្តគ្រប់ឋាន:នៃមនុស្សជាតិទាំងទេសចរចាស់ក្មេងតូចធំសខ្មៅ​ ជាទីកន្លែងឆ្វេចឆ្វាចចេញចូល24ម៉ោងលើ24ម៉ោង​ ដោយមានតម្លៃបន្ទប់ពីរាប់ម៉ឺនរហូតចុះក្រោមសិបដុល្លារអាមរិក​ ឥឡូវគ្រែនៅផ្ទះស្អាតនិងមានតម្លៃជាងគេ ដោយមានការតុបតែងលំអរដោយភ្លើងពណ៌​ និងក្បូរក្បាច់ផ្សេងៗទៅតាមរដូវកាលរបស់ប្រទេសនីមួយៗនៃជាតិសាសន៍ខ្លួន​ បែរជាងងឹតសូន្យសុងដូចជាអគារខ្មោចទៅវិញ​ ដូចចាស់បូរាណខ្មែរបានប្រៀបធៀប​ មានផ្ទះអត់មនុស្សនៅ​ មានផ្លូវអត់មនុស្សដើរ​ បុគ្គលិកគ្រប់ផ្នែកត្រូវត្រឡប់ទៅទីលំនៅរបស់ខ្លួនដោយគ្មានវាចារនឹងថ្លែងដោយសារមូលហេតុគ្មានភ្ញៀវទេសចរនិងអ្នកដំណើរ។​

5. ទីតាំងកំសាន្ត( Amusement/Theam Parks)

ក្មេងៗឱ្យតែឮថាមានកម្មវិធីទៅតាំងកំសាន្តទាំងនេះពិតជាហក់កញ្ឆេងដូចឃើញម្តាយរបស់ខ្លួនទិញឥវ៉ាន់មកពីផ្សារយ៉ាងដូច្នេះ​ ជាកន្លែងដែលសំបូរទៅដោយសម្ភារ:លេងកន្រា្តក់អារម្មណ៍ភ័យអររន្ធន់ស្លន់ស្លោរសប្បាយក្អាកក្អាយសំឡេងតន្ត្រីគ្រប់ទីកន្លែងភ្លើងដូរគ្រប់ពណ៌​ ក្មេងៗប្រដេញគ្នាប្រសាចដូចជាមិនចេះហត់នឿយដូចពេលរៀននៅសាលានិងធ្វើការងារផ្ទះឡេីយ​ ទោះបីជាលេងពីព្រឹករហូតដល់យប់ក៏មិនចេះធុញទ្រាន់នៃការបង្កើតទាក់ចិត្តដិតអារម្មណ៍របស់ម្ចាស់ទីតាំងទាំងនោះ​ ជាទីប្រជុំជនទៅដោយមនុស្សរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ​ តែប្រែ​ក្លាយជាស្ងាត់ជ្រងុំ​ ពេលខ្លះអ្នកយាមបែរជាស្រែកឡូរឡាម្នាក់ឯងទៅវិញ​ ពីព្រោះសុំាងឫសុំានឹងសំឡេងដែលកងរំពងរាល់ថ្ងៃ​ គ្រឿងចក្រក្មេងលេងក្លាយជាធ្មឹងៗគ្រប់ទីកន្លែង​ ទឹករេរាំភ្លើងឆ្លាស់ពណ៌ភ្លឺចែងចាំងបែរជាងងឹតសូន្យសុងគ្រប់ៗកន្លែង​ទៅវិញ​ ម្ចាស់ទីតាំងត្រូវបង្ខំចិត្តផ្អាកនិងបិទអាជីវកម្មរបស់ខ្លួនដោយមិនអាចបន្តរឈរជើងតទៅទៀតបានឡើយ​ ដោយហេតុផលថា​មិនមានភ្ញៀវទេសចរកទទួលសវា។

6. តំបន់ទាក់ទាញទេសចរ ​(Tourism Sites)

ជាសាធារណប្រយោជន៍​ និងជាកន្លែងដែលមាននិមិត្តសញ្ញារបស់ប្រទេសនិងតំបន់​ខ្លួនដែលឱ្យទេសចរគ្រប់រូបបានចងចាំថាខ្លួនធ្លាប់មកដល់មកឃើញទីនេះ​ ហើយទទួលទេសចររាប់ពាន់រាបម៉ឺននាក់គ្រប់ជាតិសាសន៍ទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីហ៊ុមព័ទ្ធរាល់ថ្ងៃបែរជាស្រឡះ​ ដោយមិនមានភ្ញៀវណាម្នាក់ផ្តិតយករូបភាពទាំងនោះឡើយ​ ហាក់បីដូចជាចែកគ្នាដាច់ដោយមិនលាយឡំជាមួយនឹងមនុស្ស
ដែលមានវិញា្ញណយ៉ាងដូច្នេះ​ ពី្រពោះគ្មានទេសចរលេចមុខទៅតំបន់នោះទៀតឡើយ។

7. ក្រុមហ៊ុនដឹកជញ្ជូនលើគោកនិងតាមទឹក (Land/Water Way Transportation)

ក្រុមហ៊ុនឡានតូចឡានធំទាំងទំនើបនិងប្រែនៗ​ តាក់ស៊ី​ តុកតុក​ រឺម៉ក​ ម៉ូតូ​ ស៊ីក្លូ​ កង់បី​ ត្រូវចូលចតទៅតាមក្រុមរបស់ខ្លួនដោយមិនកំរើក​ ហើយមិនចាំបាច់ថែមប្រេងសាំងម៉ាស្សូតបន្តទៀតឡើយ​នាំតែធ្ងន់​ហើយកង់ក៏មិនសឹកសម្រេចចិត្តបិទដំណើរការអាជីវកម្មរបស់ខ្លួនដោយមិនកំណត់ថាពេលណានឹងដូចដើមវិញ​ រីឯរថភ្លើងរត់លើផ្លូវដែកសោះក៏ត្រូវបានបញ្ជាឱ្យចូលស្ថានីយចតយ៉ាងស្ងៀមស្ងាត់ដោយឥតកម្រើកបន្តិចឡើយ​ ងាកមកមើលកប៉ាល់យក្សដឹកភ្ញៀវទេសចររាប់ម៉ឺននាក់ម្តងៗរាប់សិបថ្ងៃត្រាច់ចរតាមប្រទេសជាច្រើនត្រូវចូលក្នុងផែរបស់ខ្លួនវិញ​ នាវឹកនិងបុគ្គលិកទាំងអស់មិនដឹងវាសនាការងាររបស់ខ្លួនពេលពេលណានឹងកើតឡើងវិញ​ ដូចជាកប៉ាល់តូចៗអូប័រធ្លាប់ដឹកចម្លងនិងជិះកំសាន្តមានវាសនាដូចកប៉ាល់យក្សដែរ​ នេះជាមូលហេតុដោយគ្មានភ្ញៀវទេសចរ​ និងអ្នកដំណើរ។​

8. ភោជនីដ្ឋាន​/អាហារដ្ឋាន(Restaurant)

ជាកន្លែងដែលបង្កើតនូវមុខម្ហូបប្លែកៗ​ សម្រាប់ទាំងចាស់ទាំងក្មេងអ្នកដែលមានចំណូលច្រើន​ មធ្យម​ ទាប​ ប្រចាំថ្ងៃ​ ប្រចាំខែ​ ប្រចាំឆ្នាំ​ តម្រូវការរកអ្វីបែ្លកៗចម្លែកៗដើម្បីបានរសជាតិខុសពីម្ហូបចំណីអាហារនៅក្នុងផ្ទះរបស់ខ្លួន​តែពីរបីមុខ​និងស្តាយដដែលៗ​ ប៉ុន្តែភោជនីដ្ឋានឫអាហារដ្ឋានមានចាប់ពីសិបមុខដល់ជាងរយមុខម្ហូបនិងរសជាតិគ្រប់ជាតិសាសន៍​ រង់ចាំទទួលស្វាគមន៍រាក់ទាក់ទសចរនិងភ្ញៀវគ្រប់ជាតិ
សាសន៍​ មេចុងភៅមួយចំនួនលិឍនិងភ្លក់រសជាតិមុខម្ហូបមុនចេញជូនភ្ញៀវពិសា​ ទៅជាលិឍដៃរបស់ខ្លួនឯទៅវិញពីព្រោះមួយថ្ងៃៗធ្លាប់ភ្លក់រាប់រយចានក៏មានដូច្នេះថ្នឹកនឹងអ្វីដែលខ្លួនបានធ្វើ តែអនិច្ចាឆ្នាំងចានស្លាបព្រាវែកវែងវែកខ្លី​ កាំបិតមុតក្តីក៏លែងត្រូវការ​ ចុងភៅកូនកាំបិតរហូតដល់អ្នកផ្តល់សេវា​ រៀបចំយាត្រាត្រឡប់ទៅស្រុកវិញ​ នេះដោយសារហេតុផល​ គ្មានភ្ញៀវនិងទេសចរមកទទួលសេវាកម្ម​។

9.​ ទីភ្នាក់ងារទេសចរណ៍​(Travel Agent)

បុគ្គលិកជំនាញយកពិភពលោកទាំងមូលដាក់ក្នុងបាតដៃរបស់ខ្លួន​ពួកគាត់អង្គុយ​ស្ទើរតែមិនបាច់បង្វិលខ្លួន​ អាចស្គាល់គ្រប់ប្រទេស​ គ្រប់ទីក្រុង​ និងគ្រប់ក្រុមហ៊ុនអាកាសចរណ៍​ ចង់ចាប់កៅអីប្រភេទណាក៏អាចចាប់យកបាន​ឫជាប្រភេទគ្រែដេកនៅក្នុងយន្តហោះក៏ពួកគាត់អាចកក់ជូនទៅតាមតម្រូវការរបស់អតិថិជនមិនឱ្យទាស់ចិត្តដែរ​ ​ដែលមានតម្លៃចាប់ពី​ រាប់សិបដុល្លារដល់រាប់ម៉ឺនដុល្លារទាំងក្នុងនិងក្រៅប្រទេស​ ប៉ុន្តែឱ្យពួកគាត់ធ្វើយ៉ាងណាបើគ្រប់ក្រុមហ៊ុនអាកាសចរណ៍ត្រូវកៀងបង្សីស្លាបដែកទាំងនោះចូលទៅក្នុងទ្រុងវិញទៅហើយ​ម្ចាស់ក្រុមហ៊ុនក៏សម្រេចចិត្តផ្អាកអាជីវកម្មរបស់ខ្លួនមួយរយ:ផងដែរ​ ក្រោមហេតុផលមិនមានអាកាសចរណ៍ដំណើរការ​ ដោយសារថាការភ័យខ្លាចរបស់ទេសចរនិងអ្នកដំណើរ។​

10. ការីទេសចរណ៍(Tour Operator)

ជាអ្នករៀបចំកញ្ចប់ទស្សនកិច្ចសំរាប់ទេសចរគ្រប់លំដាប់ពួកគាត់មិនអន់ជាងគ្នាប៉ុន្មានទេបើធៀបជាមួយអ្នកកក់សបុត្រ​យន្តហោះ​ គឺពួកគាត់បានស្គាល់គ្រប់ច្រកល្ហកនៃទី្វបទាំងអស់ក្នុងសកលលោកយើងនេះ​ សូម្បីតែទីក្រុងតូចតាចកោះតូចកោះធំភ្នំខ្ពស់ប៉ុន្មាន​ ជ្រលងដងអូរ​ ទន្លេសមុទ្រ​ បឹងកោះទឹកធ្លាក់​ ទឹកជ្រោះ​ កន្លែងជិះស្គីតាមភ្នំទឹកកក​ តំបន់ត្រជាក់ទោះក្តៅប៉ុណ្ណាសមុត្រខ្សាច់​ ឫកន្លែងស្រៀវស្រើបតាមក្លឹបតន្រ្តី​មានពណ៌ភ្លឹបភ្លែតសំរាប់កំដរកាយនិងអាម្មណ៍មនុស្សប្រុសស្រី​ ស្គាល់ច្បាស់ពីបែបបទគោលការណ៍មុនចេញនិងចូលប្រទេសគេឫតំបន់នីមួយ​ ចំណេះដឹងរបស់គាត់ជាងរដ្ឋមន្ត្រីក្រសួងការបរទេស​ ឬឯកអគ្គរាជ/រដ្ឋទូតទៅទៀត​ ឫហៅម្យ៉ាងទៀតថា​ជាទូតសុច្ឆន្ទ:ដោយមិនរអាមាត់ឡើយ​ តែមិនអាចបន្តការប្រតិបត្តិរបស់ពួកគាត់តទៅទៀតបានឡើយ​ ដោយមូលហេតុមិនមានការស្នើសុំពីដៃគូអាជីវកម្មក្រៅប្រទេសដើម្បីទទួលភ្ញៀវទេសចរចូលឫចេញទៅកំសាន្តស្រុកគេឡើយ​ ប្រទេសគេក៏ដូចយើង​ រីឯស្រុកយើងក៏ដូចគេ​ ដោយសារបំរាមគោចរនិងបិទទ្វារច្រកចេញចូលទាំងអាកាស​ តាមទឹកនិងតាមគោក​ គឺមូលហេតុតែមួយគត់​ គឺមិនមានទេសចរចូលនិងចេញទៀតឡើយ​ ។

11. មគ្គុទ្ទេសក៍​ទេសចរណ៍​ (Tour Guide)

និយាយពីមគ្គុទេស្ទក៍ទេសចរណ៍វិញ​ គឺឋាន:ស្មើនឹងប្រធានាធិបតីឬនាយករដ្ឋមន្រី្តពីព្រោះគាត់ត្រូវស្គាល់ប្រវត្តិសាស្រ្តសេដ្ឋកិច្ចនយោបាយសិល្ប:ពីអតីតកាលបច្ចុប្បន្នកាលហើយអាចផ្តល់នូវការទោះទាយនាពេលអនាគតនឹងមកដលទៀតផង​ ប្រៀបបីដូចជាគ្រូទាយផងដែរ​ រួសរាយរាក់ទាក់ញញឹមញញែមដឹងពីចិត្តភ្ញៀវថាត្រូវការអ្វី​ ភ្ញៀវជេរស្តីថានូវតែញញឹម​ប្រៀបបីដូចជាមនុស្សចម្លាក់​ ភ្ញៀវមានទុក្ខត្រូវជូនទៅពេទ្យ​ពេលខ្លះភ្លេចឈឺខ្លួនឯង​ ពេលអរសប្បាយត្រូវចិត្តនៃសេវា​ និងការទទួលបដិសណ្ឋារកិច្ចល្អបានតែពាក្យ​អរគុណ​នោះ​ ពួកគាត់បេះដូងរីកហើយ​ ទោះបីគ្មានប្រាក់សណ្តានចិត្តក៏ហីទៅចុះ​ តែវាសនារបស់គាត់ក៏ដូចគ្នានឹងម្ចាស់ក្រុមហ៊ុនដែរ​ ដោយិនមានក្រុមទេសចរបន្តទៀតឡើយ​ មានតែរង់ចាំឱ្យអ្វីៗវាបានធូរស្រាលមកវិញ​ ហើយវាសមហេតុសមផលណាស់ដែលគ្រប់គ្នាបានយល់ច្បាស់ពីហេតុផលគ្មានភ្ញៀវទេសចរនេះឯង​ ។

12.​ មេក្រុមទេសចរ​ (Tour Leader)

ជាអ្នកសម្របសម្រួលពេលក្រុមទេសចរចេញនិងចូលតែប៉ុណ្ណោះ​ ឫប្រៀបបាននឹងពិធីការ​ ដែលពួកគាត់មិនទទួលបន្ទុកធ្ងន់ដូចមគ្គុទេស្ទក៍ទេសចរណ៍ឡើយ​ ម្យ៉ាងទៀតពួកគាត់ប្រៀបីដូចជាអ្នកនាំពាក្យរបស់ស្ថាប័នមួយ​ ធ្វើយ៉ាងណាឱ្យក្រុមទេសចរនោះបញ្ចប់ការទស្សនកិច្ចទៅដោយរលូន​និងនាំមកវិញនូវលទ្ធផលល្អដល់ក្រុមហ៊ុននិងក្រុមភ្ញៀវគ្រប់រូប​ ប៉ុន្តែពួកគាត់ក៏ប្រឈមនឹងហានិភ័យផងដែរចំពោះទេសចរខ្លះដែលគ្មានចិត្តប្រណី​ពេលដែលឃ្នើសនឹងចិត្តខ្លួន​ គឺអ្នកសម្របសម្រួលត្រូវទក់សាច់ដូចនំបុ័ងត្រូវទឹកយ៉ាងដូច្នោះ​ ពេលដែលមិនទាន់រកហេតុផលឃើញ​ នៃទង្វើខុសឆ្គងទាំងឡាយពេលកើតមានម្តងៗ​។ ណ្ហើយចុះ​ ទោះបីយ៉ាងណាក៏ភ្ញៀវនៅតែជាស្តេចពីព្រោះពួកយើងជាអ្នកផ្តល់សេវកម្ម​ តែពេលនេះក៏ត្រូវត្រឡប់ទៅស្រុកភូមិកំណើតមួយរយ:តូចដែរទំរាំក្រុមហ៊ុនបើកដំណើរការអាជីវកម្មឡើងវិញ​ ហើយនេះជាហតុផលដែលមិនមានភ្ញៀវទេសចរចេញទៅស្រុកគេកំសាន្តនេះឯង​។

13.​ អ្នកទទួលប្រយោជន៍ដោយប្រយ៉ោល(Indirect beneficiary)

ពួកគាត់លាក់មុខលាក់មាត់នៅតាមចំការ​ដាំដំណាំ​ នៅស្រែធ្វើស្រូវ​ នៅកសិដ្ឋានចញ្ចឹមសត្វយកស៊ុតយកសាច់ទៅដាក់តាមសណ្ឋាគារ​ ភោជនីដ្ឋាន​ អាហារដ្ឋាន​ សម្រាប់ធ្វើជូនភ្ញៀវទេសចរ​ តែបែរជារងគ្រោះដូចគេឯងដែរ​ ទោះបីជាមិនបានចាប់ដៃចាប់ជើងភ្ញៀវទេសចរដោយផ្ទាល់ក៏ដោយ​ ពីព្រោះមិនមានអ្នកទទួលទានទើបគេឈប់បញ្ជាទិញពីពួកគាត់​ នេះជាហេតុផលដែលគ្មានភ្ញៀវទេសចរទទួលទានណាទាន​។

មិនមានអ្វីលើសពីការបរិយាយខាងលើនោះទៀតទេ​ មានតែបន់ព្រះសំពះទេវតាបើ​សិន​ជារោគានេះរលាយបាត់ពីភពផែនដី​ ខ្ញុំបាទនឹងថ្វាយភ្លេងពិណពាទ្យ7បទ​ និង7សីល​ ដើម្បីឱ្យវិស័យទេសចរណ៍យើងងើបឡើងវិញឆាប់ៗ​ ហើយបើតាមបទពិសោធន៍ខាងលើ​ ការរាតត្បាតជំងឺនេះ​នឹងមិនលើសពី6ខែឡើយ​ ដោយសារការខិតខំប្រឹង​ប្រែងដ៏សកម្មរបស់គ្រូពេទ្យជំនាញៗតាមប្រទេសនីមួយៗ​និងវិធានទប់ស្កាត់​ និងអន្តរាគមន៍​បន្ទាន់ទាំងអស់នេះ​ ។

សូមគ្រប់ៗសមាជិកក្រុមគ្រួសារមានសុខភាពល្អ​ និងសុភមង្គល ដែលជីវិតមនុស្សគ្រប់រូបគ្រប់វ័យគ្រប់សាសន៍ត្រូវការជាទីបំផុត​៕

Advertisement