ក្រសួងការងារ៖ អ្នកសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំ ពេលត្រឡប់មកវិញនឹងត្រូវដាក់ឱ្យដាច់ដោយឡែករយៈពេល 14ថ្ងៃ

យោងទៅតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រកាសពីការរំសាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងប្រកាសឱ្យមន្ត្រីរាជការ ទាំងការងាររដ្ឋ និងឯកជនធ្វើការងារតាមធម្មតានោះ នៅថ្ងទី9 ខែមេសា ឆ្នាំ2020នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញវិធានការ 4ចំណុច បន្ថែមទៀតដល់រោងចក្រ សហគ្រាស បើសិនជាមានកម្មករឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ក្រសួងការងារបានបញ្ជាក់ថា៖ យោងអនុក្រឹត្យលេខ50 អនក្រ.បក ចុះថ្ងៃទី8 ខែមេសា ឆ្នាំ2020 ស្ដីពីការលើកការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី13 ទី14 ទី15 និងទី16 ខែមេសា ឆ្នាំ2020 ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមបញ្ជាក់បន្ថែមដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ2020 នេះ ដូចខាងក្រោម៖
1-កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ខ្លួន។
2-ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករនិយោជិតម្នាក់នោះ នឹងត្រូវដាក់ក្នុងវិធានការចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល 14ថ្ងៃ មុនចូលបំពេញការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។
3-ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតម្នាក់នោះ នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល(ការដាក់ឱ្យនៅដោយឡែក) រយៈពេល14ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។
4-និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានការចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។
ក្រសួងបានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ19 ទាំងអស់គ្នា។ ក្រសួងមានសេចក្ដីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Advertisement