សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឱ្យផ្អាកការនាំត្រីចេញពីកម្ពុជា ទៅលក់នៅក្រៅប្រទេស

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យផ្អាកការនាំត្រីចេញពីកម្ពុជា ទៅលក់នៅក្រៅប្រទេស ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ក្នុងខណៈដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-19 នេះ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នាថ្ងៃទី5 ខែមេសា ឆ្នាំ2020 នេះ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាឱ្យផ្អាកការនាំត្រីចេញពីប្រទេស។ ទន្ទឹមនឹងនេះ គឺសម្តេចប្រមុខដឹកនាំបានបញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារ មិនឱ្យមានការដំឡើងថ្លៃត្រី និងហាមឃាត់មិនឱ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេសទៀតឡើយ នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ហ្វេសប៊ុកសម្តេចក៏បានប្រកាសដាក់កំហិតផ្អាកការនាំអង្ករ-ស និងស្រូវ ចេញទៅក្រៅប្រទេសត្រឹមថ្ងៃទី5 ខែមេសា ដោយលើសពីថ្ងៃនេះនឹងមិនអនុញ្ញាតឱ្យមានការនាំចេញស្រូវ និងអង្ករ-សចេញទៅក្រៅប្រទេសទៀតឡើយ ហើយអនុញ្ញាតឱ្យនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-19។

ម៉្យាងទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេស ដើម្បីផលិតមីជូនរាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ និងបានត្រៀមរៀបចំឱ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនឱ្យធ្លាក់ទៅក្នុងការភ័យខ្លាច និងបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ៕

Advertisement