គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ៣ ថ្ងៃ បានសម្លាប់​មនុស្ស​ជិត ៣០ នាក់

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ៤៧ លើក នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ៣ ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំខាល ២០២២។

របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា យ៉ាងហោចណាស់​មាន​មនុស្ស ២៧ នាក់ បាន​បាត់​បង់ជីវិត និង ៨០ នាក់ បាន​រងរបួស​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ មេសា ២០២២។

មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង​ឡាយ​នេះ ត្រូវបាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ លើកឡើងថា បណ្ដាលមកពី​ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ពេល​ស្រវឹង និង​ការបើក​បរជែង​ក្នុង​ស្ថាន​ភាព​​គ្រោះ​ថ្នាក់។ល។

នៅក្នុង​ថ្ងៃទី​មួយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៨ ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣ នាក់ និង​រងរបួស ១៥ នាក់។ ចំណែក​ថ្ងៃទី​ពីរ​វិញ មាន​គ្រោះថ្នាក់​ចរាចរណ៍ ២៥ ករណី ក្នុងនោះ​មាន ១៦ នាក់​បាន​ស្លាប់ និង ៣៣ នាក់ រងរបួស។ ដោយឡែក នៅក្នុង​ថ្ងៃទី​បី មាន​គ្រោះថ្នាក់​ចរាចរណ៍ ១៤ លើក ក្នុងនោះ​មាន ៨ នាក់ បាន​បាត់​បង់ជីវិត និង ៣១ នាក់ បាន​រងរបួស៕

Advertisement