ក្រសួង​សាធារណការ​ ណែនាំ​ឱ្យប្រើ​ប្រាស់​ ក្រុម​​តេ​ឡេ​ក្រាម “សុវត្ថិភាព​​ចរាចរណ៍​​យើង​ OUR ​ROAD ​SAFETY»​ ដើម្បី​​ផ្តល់​ព័ត៌មាន​​ទាន់​​ហេតុ​ការណ៍​ ពាក់​ព័ន្ធ​​ស្ថាន​ភាព​​ចរាចរណ៍​​ផ្លូវ​គោក

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បង្កើត​ក្រុម​តេ​ឡេ​ក្រាម (Telegram Group) មួយ ដែលមាន​ឈ្មោះថា “សុវត្ថិភាព​ចរាចរណ៍​យើង OUR ROAD SAFETY» ជូន​សាធារណជន​សម្រាប់​ប្រើប្រាស់​ដោយ​សេរី ដើម្បី​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ អំពី​ស្ថានភាព​ចរាចរណ៍​ផ្លូវគោក បន្ទាប់ពី​មាន​អនុសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន។

ការបង្កើត​ក្រុម​តេ​ឡេ​ក្រាម​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អះអាងថា គឺ​ដើម្បី​បង្ការ ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្ការ ទប់ស្កាត់​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ជា​កម្មវិធី​មួយ​ដែល​បន្ថែម​ពីលើ​បណ្តាញ​សង្គម និង​កម្មវិធី​ផ្តល់ព័ត៌មាន​នានា​ដែល​គណៈកម្មាធិការ​នេះ​កំពុង​ដាក់ឱ្យ​ប្រើប្រាស់។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ណែនាំ​ដូចខាងក្រោម ទាក់ទង​នឹង​ការផ្ដល់​ព័ត៌មាន​ពី​សំណាក់​សាធារណជន៖

១. ព័ត៌មាន ទីតាំង និង​ពេលវេលា នៃ​ហេតុការណ៍ ត្រូវតែ​ពិតប្រាកដ និង​ច្បាស់លាស់។
២. រូបភាព ឬ​វីដេអូខ្លីៗ នៃ​ហេតុការណ៍ ត្រូវតែពិតៗ និង​ជាក់ស្តែង។
៣. ខ្លឹមសារ​ព័ត៌មាន ត្រូវ​ប្រកាន់ខ្ជាប់​តាម​ក្រមសីលធម៌។
៤. មិនត្រូវ​ផ្ដល់ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ មួលបង្កាច់ ឬ​ប្រើ​ពាក្យពេចន៍​អសុរោះ ឬ​រូបភាព​អាសអាភាស។

ក្រៅពីនេះ សាធារណជន​ក៏​អាច​រាយការណ៍​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទដៃ «ថែទាំ​ផ្លូវថ្នល់ ROAD CARE» ដែល​អាច​ទាញយក​ពី App Store ផងដែរ។

Advertisement