ប្រមុខ​រដ្ឋាភិបាល អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី 1 នៃ​រដ្ឋសភា

នៅ​ព្រឹក​ថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2021 នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី 1 រដ្ឋសភា ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី 5 វិច្ឆិកា។

អមដំណើរ​សម្តេច​តេ​ជោ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ ក៏​រួមមាន​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ជាច្រើនរូប​ផ្សេងទៀត។

ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី 1 នៃ​រដ្ឋសភា បានទទួល​មរណភាព​កាលពី​ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 នៅវេលា​ម៉ោង 10 និង 31 នាទី ព្រឹក ក្នុង​ជន្មាយុ 79 ឆ្នាំ ដោយ​រោគាពាធ។

សព​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល ត្រូវបាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី ពុទ្ធសាសនា នៅ​គេហដ្ឋាន​នៃ​សព ដែល​ស្ថិតនៅ​ក្នុងភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ៕

Advertisement