(វីដេអូ)-រុក្ខជាតិ​ដែលមាន​គ្រាប់ពូជ​មាន​ជើង «ចេះ​ដើរ» និង «ចេះ​លាក់ខ្លួន» ក៏ដូចជា «ចេះ​បន្ត​ពូជ»

គ្រាប់ពូជ​របស់​ស្រូវ​សាឡី​ព្រៃ​មួយ​ប្រភេទ​នៅ ប្រទេស​អ៊ីស្រាអែល មាន​រោម​រឹង​វែង​ចំនួន ២ ដែល​ដូច​ទៅនឹង​ជើង​ដែល​ជួយ​ឱ្យ​វា​ផ្លាស់​ទី​នៅលើ​ដី និង​ស្វែងរក​ទីតាំង​ល្អ​ដើម្បី​បន្ត​ពូជ។

មាន​រុក្ខជាតិ «បុរាណ» ជាច្រើន​ដូចជា ស្រូវ​សាឡី​ព្រៃ នៅ អ៊ីស្រាអែល ជាដើម មាន​លក្ខណៈពិសេស​ដែល​ធានាថា គ្រាប់ពូជ​ត្រូវបាន​បណ្ដុះ​នៅ​ទីកន្លែង​ដ៏​សមស្រប។ គ្រាប់​របស់​រុក្ខជាតិ​នេះ​សុទ្ធ​តែមាន​រោម​រឹង វែង ចំនួន ២ ដែល​ហៅថា ស្នែង ឬ​ជើង។ ពេល​គ្រាប់ពូជ​ធ្លាក់​ទៅលើ​ដី ស្នែង​នេះ​បំពេញ​តួនាទី​ដ៏​អស្ចារ្យ​របស់​វា។

ពួកវា​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត។ ជើង ឬ​ស្នែង​ទាំងនោះ បត់បែន​នៅពេល​វា​ស្ងួត​បន្តិចម្ដងៗ ហើយ​ពេល​ទទឹក វា​ក៏​លែង​បត់បែន ធ្វើឱ្យ​វា​ផ្លាស់​ទី​បាន​យ៉ាង​ប្រសើរ។ រោមតូចៗជាច្រើន​របស់​វា តោង​ជាប់​ទៅលើ​ផ្ទៃដី។

ដោយ​វិធី​នេះ វា​ផ្លាស់​ទី​ឆ្លងកាត់​ផ្ទៃដី​រហូតដល់​បាន​រកឃើញ​ក្រហែងដី ឬ​ដុំថ្ម​ដើម្បី​ជ្រក ឬ​ជ្រែកចូល លាក់ខ្លួន​រង់ចាំ​ឱកាសល្អ​ដើម្បី​បន្ត​ពូជ។

Advertisement