(វីដេអូ)-សង្ឃ​ច្រើន​អង្គ «រាំរែក​តាម​ចង្វាក់ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍» ដើម្បី​លើកទឹកចិត្ត​សិស្ស និស្សិត

(ជប៉ុន)-លោកសង្ឃ​មួយអង្គ នាម Ryushin Takiyama បាន​ចូលរួម​បញ្ចេញ​ក្បាច់​រាំ​ជាមួយនឹង​បទ​ភ្លេង​កន្ត្រាក់​អារម្មណ៍​នៅឯ​វិហារ Ekoin ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត​ដែល​ត្រូវ​ចូល​ប្រលង​នៅ​មហាវិទ្យាល័យ។

អង្គ​គ្រូ Ryushin Takiyama រួម​នឹង​សិស្ស​ជាច្រើន​នាក់​របស់​សាលា​មធ្យមសិក្សា Koyasan ក្នុង​ខេត្ត Wakayama នៃ​ប្រទេស​ជប៉ុន គ្រង និង​ស្លៀកពាក់​ឈុត​ចីវរ និង​រាំរែក​ទៅតាម​ចង្វាក់ Sutra Remix ដែល​និពន្ធ​ដោយ Kenta Higashioji។

វីដេអូ​នេះ​បានចាប់ផ្ដើម​ដោយ​ទេសភាព​ស្ងប់ស្ងាត់​នៅឯ​វិហារ Ekoin ស្ថិតនៅលើ​ភ្នំ​ពិសិដ្ឋ Koya ក្នុង​ខេត្ត Wakayama។ ក្នុង​ទិដ្ឋភាព និង​កាយវិការ​ប្រកបដោយ​ការ​សង្រួម ស្រាប់តែ​អង្គ​គ្រូ Takiyama បញ្ចេញ​ក្បាច​រាំ​ទន្ទឹមនឹង​ចង្វាក់ភ្លេង​យ៉ាង​កន្ត្រាក់​អារម្មណ៍ ជាមួយនឹង​ការ​រាំ​អម​កំដរ​របស់​ក្រុមនិស្សិត។

វីដេអូ ដែល​ត្រូវបាន​បង្ហោះ​លើ Youtube តាំ​ប​ពី​ចុងខែ​ធ្នូ ២០២១ បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ទាក់ទាញ​អ្នក​ចូល​មើល​បាន​រាប់ម៉ឺន​លើក។

ការសម្ដែង​របស់​អង្គ​គ្រូ Takiyama ត្រូវបាន​ពន្យល់ថា ជា​អំណោយ​ជំនួយស្មារតី លើកទឹកចិត្ត​ដល់​សិស្ស និស្សិត​ជប៉ុន ដែល​ត្រៀមខ្លួន​សម្រាប់​ការប្រលង​ចូល​មហាវិទ្យាល័យ​នៅ​ដើម​ឆ្នាំនេះ ហើយក៏​ជា​គម្រោង​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ក្នុងស្រុក​មួយ​ផងដែរ។

ព្រះគ្រូ Takiyama គឺជា​ស្ថាបនិក​របស់​គម្រោង «Koyasan x Dance» ដែល​បង្កើតឡើង​ក្នុង​បំណង​ចែករំលែក​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ជំនឿ Koyasan ទៅកាន់​ពិភពលោក តាមរយៈ​សិល្បៈ​នៃ​ការសម្ដែង។

ក្រៅពី​វីដេអូ​ខាងលើ ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ខាងលើ​នោះ ថែមទាំង​បាន​នាំយក​ផលិតផល​របស់​ពួកគេ​មកកាន់​វិហារ Ekoin ដើម្បី​ពឹង​សង្ឃ​អង្គ​នេះ​ប្រសិទ្ធី និង​ចែកជូន​សិស្ស និស្សិត​ដែល​កំពុង​ត្រៀមប្រលង​ផងដែរ។ សិស្ស និស្សិត​ដំបូង​គេ​ចំនួន ២៤០ នាក់ ដែល​មកកាន់​វិហារ​នេះ សុទ្ធតែ​ទទួលបាន​ស្ករ​គ្រាប់ ១ ថង់ ដែល​ត្រូវគេ​ចាត់ទុកថា​ជាវ​ត្ថុ​ស័ក្ដិ​សិទ្ធ​សម្រាប់​ការប្រលង​នាពេលខាងមុខ៕

Advertisement