ចម្លែក​មែន! ស្ត្រី​ម្នាក់​មិនបាន​ដេក​ 40 ឆ្នាំ​មក​ហើយ តែ​នៅ​មាន​កម្លាំង​ដូច​ធម្មតា

ថ្មីៗនេះ សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​ប្រកាសថា មិនបាន​ដេក​អស់​រយៈពេល​​ប្រហែល 4 ទសវត្សរ៍​មកហើយ ប៉ុន្តែ​មិនមាន​សភាព​ងងុយដេក ឬ​អស់កម្លាំង​អ្វី​ឡើយ។

មនុស្ស​គ្រប់រូប​ត្រូវការ​ដំណេក​ដើម្បី​យក​កម្លាំង​មកវិញ ប៉ុន្តែ Li Zhanying ដែលជា​ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្ត Henan ប្រទេស​ចិន បានឱ្យដឹងថា បាន​ឆ្លងកាត់​ពេលវេលា 40 ឆ្នាំ ដោយ​មិនបាន​ដេក​ពួន​សោះឡើយ។ នេះ​គឺជា​រឿង​ចម្លែក​ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​ស្វាមី​របស់​អ្នកស្រី និង​អ្នកជិតខាង។

អ្នកស្រី Li ប្រាប់ថា តាម​ការចងចាំ គាត់​ធ្លាប់បាន​ដេក​មួយ​ដំណេក​កាលពី​អាយុ 5 ឬ 6 ឆ្នាំ។ ក៏ប៉ុន្តែ​ពេលនេះ បើ​ទោះ​មាន​អាយុ​ជាង 40 ទៅហើយ ដំណេក​របស់​អ្នកស្រី ​គឺ​នៅសល់តែ​អនុស្សាវរីយ៍​ប៉ុណ្ណោះ។

លោក Liu Suoquin ដែលជា​ស្វាមី​របស់​អ្នកស្រី Li បាន​ប្រាប់ថា តាំងពី​ពេល​រៀបការ​រួច គាត់​មិនដែល​ឃើញ​ភរិយា​ខ្លួន​ដេក​នៅពេល​យប់​នោះទេ ហើយ​ពេល​ថ្ងៃ​ក៏​នៅតែ​ធ្វើការ។ លោក Liu ធ្លាប់បាន​ទិញ​ថ្នាំ​ងងុយដេក​ឱ្យ​លេប ប៉ុន្តែ​ក៏​មិនបាន​ផល។

យោងតាម​ទំព័រ Bastille Post អ្នកស្រី Li បាន​ស្វែងរក​ជំនួយ​ពី​វេជ្ជបណ្ឌិត​ជាច្រើនលើក ដើម្បី​ដោះស្រាយ​បញ្ហា​របស់ខ្លួន តែ​វេជ្ជបណ្ឌិត​ទាំងនោះ​សុទ្ធតែ​មិនបាន​រកឃើញ​ភាពមិនប្រក្រតី​ទាក់ទង​នឹង​អា​ការមិន​ងងុយដេករ​បស់​គាត់។

ក៏ប៉ុន្តែ បន្ទាប់​ពី​បាន​ទៅកាន់​មជ្ឈមណ្ឌល​សុខាភិបាល​មួយ​នៅ​រដ្ឋធានី​ប៉េកាំង កាលពីពេលថ្មីៗនេះ អាថ៌កំបាំង​ស្ដីពី​កង្វះ​ដំណេក​រាប់សិប​ឆ្នាំ​របស់​អ្នកស្រី Li ក៏​ទទួល​បាន​ចម្លើយ​។

ក្រោយ​ការតាមដាន 48/48 ម៉ោង ក្រុម​វេជ្ជបណ្ឌិត​ខាងលើ​បាន​រកឃើញថា តាមពិត អ្នកស្រី Li នៅតែ​បាន​ទទួលទានដំណេក ប៉ុន្តែ​ដំណេក​របស់គាត់​មិន​ដូច​មនុស្ស​ទូទៅ។ ពួកគេ​រកឃើញថា រាងកាយ​របស់​អ្នកជំងឺ​នេះ​មាន​ចំណុច​ពិសេស​មួយចំនួន អនុញ្ញាតឱ្យ​ស្ថិតក្នុង​ស្ថានភាព​សម្រាក​ទាំង​នៅពេល​កំពុង​ជជែក​ជាមួយ​អ្នក​នៅ​ជុំវិញ ឬ​កំពុងធ្វើការ។ ការ​បិទ​ភ្នែក​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​គឺ​អាចឱ្យ​រាងកាយ​យក​កម្លាំង​មកវិញ​បាន។

ក្រុម​អ្នកជំនាញ​បាន​វិភាគ​លទ្ធផល​នៃ​ការ​ស្កេ​ត​ខួរក្បាល​របស់ Li ហើយក៏​រកឃើញថា ការប្រើប្រាស់​កម្លាំង​រប​ស់ Li នៅពេល​ថ្ងៃ​ គឺ​តិចជាង​អ្នកដទៃ​ឆ្ងាយ​ណាស់។ ពួកគេ​ថា អ្នកស្រី Li តាមពិត បាន «ចាញ់បោក» ខួរក្បាល​ខ្លួនឯង។ ពេល Li កំពុង​សម្រាក ផ្នែក​ខ្លះ​នៃ​រាងកាយ​របស់គាត់​ក៏​ប្ដូរ​ទៅរក​ស្ថានភាព​ដេក ដោយ​មិនចាំបាច់​បិទ​ភ្នែក។

ទោះជា​យ៉ាងណាក៏ដោយ នៅ​មានរឿង​ជាច្រើន​ទៀត​ដែល​អ្នកវិទ្យាសាស្ត្រ​បច្ចុប្បន្ន​មិនអាច​បកស្រាយ​បាន​ទាក់ទង​នឹង​ករណី​របស់​អ្នកស្រី Li។ ប៉ុន្តែ យ៉ាងហោចណាស់​ក៏​ពួកគេ​អាច​​បញ្ជាក់បាន​ថា រាងកាយ​របស់​ស្ត្រី​រូបនេះ​គឺមាន​សភាព​ធម្មតា៕

Advertisement