កំពូលអាហារដើម្បីសុខភាព សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច

តើកូនរបស់អ្នកស្គមពេកឬទេ? ទាំងបានទទួលអាហារបន្ថែម និងទឹកដោះគោយ៉ាងពេញទំហឹង និងពេញទៅដោយគុណភាពហើយនោះ។ ឪពុកម្តាយជាច្រើននាក់សុទ្ធតែចង់កូនមានទម្ងន់ខ្លួនល្អ គួរឱ្យស្រឡាញ់ ម៉ាប់ៗ និងស្ថិតនៅក្នុងកម្រឹតដែលស័ក្តិសមហើយមិនធាត់ជ្រុលពេក។  តើធ្វើយ៉ាងណាឱ្យទម្ងន់ខ្លួនកូនល្អឡើង?  តើអាហារដែលគួរឱ្យញ៉ាំមានអ្វីខ្លះ? ដូច្នេះថ្ងៃនេះ ឡារ៉ែនមានអាហារ 10 យ៉ាងដែលចង់ណែនាំអ្នកម្តាយ ដើម្បីឱ្យកូនជាទីស្រឡាញ់ទាំងអស់មានទម្ងន់ខ្លួនកើនឡើងក្នុងកម្រឹតស័ក្តិសមនឹងវ័យរបស់គេមកជម្រាបជូន។

1- ប៊័រទឹកដោះគោ : កុំទៅគិតថាអាហារមួយនេះគ្មានប្រយោជន៍ ឬមិនល្អឱ្យសោះ  អ្នកម្តាយអាចប្រើប៊័រមកធ្វើនំ ឬអាហារឱ្យកូនញ៉ាំបានរាល់ថ្ងៃ តែត្រូវទិញនៅក្នុងផ្សារដែលជឿទុកចិត្តបាន និងជាប៊័រដែលមានម៉ាកល្បី និងមានគុណភាពល្អ។
2- ប៊័រសណ្តែក : អ្នកម្តាយអាចរកទិញប៊័រធ្វើពីសណ្តែកមកធ្វើជានំស៊ែនវិចឆ៍ឱ្យកូនញ៉ាំបានរាល់ថ្ងៃ  ជាប៊័រធ្វើពីសណ្តែកដី ឬប៊័រធ្វើពីសណ្តែកអាល់ម៉ុនក៏បាន ព្រោះប៊័រសណ្តែកជាអាហារដែលមានជាតិខ្លាញ់មិនបង្កកខ្លួន និងមានប្រូតេអុីនខ្ពស់ទៀតផង។
3- ទឹកដោះ : មានសារធាតុអាហារទាំង កាល់ស្យូម និងខាបូហាយដ្រេត កូនគួរបានញ៉ាំយ៉ាងតិចក្នុងមួយថ្ងៃ 2 កែវ  បើកូនធុញ ឬទ្រលាន់ មិនចង់ញ៉ាំរាល់ថ្ងៃនោះ អ្នកម្តាយអាចថែមផ្លែឈើចូលជាមួយដើម្បីបង្កើនភាពឈ្ងុយឆ្ងាញ់ក៏បាន។
4- ស៊ុត : ជាអាហារដែលផ្តល់នូវប្រូតេអុីនខ្ពស់ មានវីតាមីន A  វីតាមីន B12 ដែលជាអាហារចាំបាច់សម្រាប់ការចម្រើនធំធាត់របស់រាងកាយ។ ក្មេងៗគួរបានញ៉ាំស៊ុតក្នុង 1 ថ្ងៃយ៉ាងតិច 1 គ្រាប់។
5- ផ្លែចេក : ជាប្រភពអាហារដែលល្អសម្រាប់ក្មេងៗ  ព្រោះផ្តល់នូវកម្លាំងថាមពលខ្ពស់ និងមានខាបូហាយដ្រេត និងជាតិខ្លាញ់ដែលមានភាពចាំបាច់ជាមួយរាងកាយរបស់ក្មេងៗវ័យកំពុងចម្រើនធំធាត់។
6- ផ្លែប៊័រ(អាវ៉ូខាដូ) : ជាផ្លែឈើដែលក្មេងៗគ្រប់គ្នាគួរបានញ៉ាំ ព្រោះមានជាតិខ្លាញ់ជួយបំប៉នប្រព័ន្ធប្រសាទ និងខួរក្បាលរបស់ក្មេងគ្រប់វ័យ និងនៅបានជួយក្នុងរឿងការចម្រើនធំធាត់របស់ក្មេងៗទៀតផង។
7- សាច់មាន់ : មានប្រូតេអុីនខ្ពស់ជួយក្នុងរឿងការសាងសាច់ដុំ  សាច់មាន់ជាអាហារដែលរកញ៉ាំបានយ៉ាងងាយ តម្លៃមិនថ្លៃសាច់ទន់ អាចធ្វើជាមុខម្ហូបបានច្រើនយ៉ាង។
8- មើមដំឡូងបារាំង : បើញ៉ាំដំឡូងបារាំងរាល់ថ្ងៃធានាថា កូនជាទីស្រឡាញ់របស់អ្នកនឹងមានទម្ងន់កើនឡើងយ៉ាងពិតប្រាកដ ព្រោះដំឡូងបារាំងមានខាបូហាយដ្រេតខ្ពស់ ក្មេងៗនឹងបានទទួលកម្លាំងថាមពលយ៉ាងពេញទំហឹងប្រាកដណាស់។
9- សាច់សត្វ : ចាំបាច់ណាស់ជាមួយកុមារដែលស្ថិតក្នុងវ័យកំពុងចម្រើនធំធាត់  ព្រោះសាច់សត្វមានប្រូតេអុីនស័ក្តិសមសម្រាប់ក្មេងគ្រប់វ័យ។
10- បន្លែ ផ្លែឈើ : ការញ៉ាំបន្លែ និងផ្លែឈើនឹងធ្វើឱ្យក្មេងៗញ៉ាំអាហារបានច្រើនឡើង ព្រោះប្រព័ន្ធរំលាយអាហារនឹងធ្វើការបានល្អ និងអាចញ៉ាំអាហារបានជារឿយៗ  ក្រៅពីនេះ ក្មេងៗនៅបានទទួលវីតាមីន និងសារធាតុរ៉ែដែលចាំបាច់សម្រាប់រាងកាយ និងថែមទាំងអាចញ៉ាំបានរាល់ថ្ងៃទៀតផង។
ចំណុចគួរចងចាំសម្រាប់លោកឪពុកអ្នកម្តាយនោះ គឺការញ៉ាំតែអាហារអាចនឹងធ្វើឱ្យកូនឡើងទម្ងន់តែម្យ៉ាងប៉ុណ្ណោះ តែមិនរឹងមាំឡើយ ដូច្នេះក្មេងៗគួរបានញ៉ាំអាហារដែលស័ក្តិសមព្រមជាមួយការហាត់ប្រាណយ៉ាងត្រឹមត្រូវទៅតាមវ័យផង៕

Advertisement