ដឹងឬទេ កាហ្វេមានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះ?

មនុស្សជាច្រើនអាចមិនដឹងថា កាហ្វេដែលយើងនាំគ្នាញ៉ាំរៀងរាល់ថ្ងៃនេះមានទាំងប្រយោជន៍ និងផ្ដល់គុណវិបត្តិដល់រាងកាយយើងច្រើនយ៉ាងឡើយ ថ្ងៃនេះទំព័រសុខភាព ឡារ៉ែន សូមនាំប្រិយមិត្តអ្នកអានទៅស្គាល់ពីគុណប្រយោជន៍ និងគុណវិបត្តិរបស់កាហ្វេទាំងអស់គ្នា។

គុណប្រយោជន៍របស់កាហ្វេ

1 . ជួយបន្ថយអត្រាការប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី2 ៈ ព្រោះនៅក្នុងកាហ្វេមានសារធាតុប្រឆាំងអនុមូលឥស្សរៈ និងសារធាតុគីនីនដែលជួយឱ្យរាងកាយអាចផលិតអ៊ីនស៊ូលីនបានរឹតតែល្អឡើង ដូច្នេះអ្នកដែលកើតជំងឺទឹកនោមផ្អែមអាចសាកល្បងញ៉ាំកាហ្វេលមើលបាន។

2 . ជួយបន្ថយអត្រាការកើតសភាវភ្លេចភ្លាំង មិនសូវចងចាំបាន ៈ ដោយកាហ្វេអ៊ីនការទៅបង្អាក់ ឬប្រឆាំងការផ្ដុំគ្នារបស់កូលេស្តេរ៉ូលដែលជាផលអាក្រក់ដល់រាងកាយ។

3 . ជួយបន្ថយអត្រាការកើតរោគបេះដូង ៈ ដោយជួយបន្ថយកូលេស្តេរ៉ូលក្នុងក្រសែឈាម ការពារសរសៃឈាមឡើងរឹង និងជួយឱ្យឈាមហូរវិលបានល្អ។

4 . ជំរុញចរន្តឈាមរត់នៅក្នុងខួរក្បាល ៈ ក្លិនក្រអូបឈ្ងុយរបស់កាហ្វេនឹងជួយជំរុញឱ្យឈាមក្នុងខួរក្បាលហូរវិលរឹតតែល្អឡើង។

5 . ជួយក្នុងការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ ៈ កាហ្វេអ៊ីនពីកាហ្វេជួយសាងទឹករំលាយអាហារក្នុងក្រពះ និងថ្លើមបន្ថែមដើម្បីដុតបំផ្លាញជាតិខ្លាញ់។

6 . ជួយរំលាយខ្លាញ់ ៈ ដោយវានឹងចូលទៅជំរុញឱ្យខ្លាញ់បំបែកខ្លួន និងក្លាយជាកម្លាំងថាមពលជំនួសវិញ។

7 . បង្កើនជាតិខ្លាញ់ល្អ ៈ តាមរយៈការស្រាវជ្រាវបានរកឃើញថា ការញ៉ាំកាហ្វេញឹកញាប់ នឹងជួយបង្កើនបរិមាណខ្លាញ់ល្អ( HLD)ក្នុងរាងកាយបាន។

8 . ជួយពន្យារភាពចុះខ្សោយរបស់រាងកាយ ៈ ព្រោះការញ៉ាំកាហ្វេដែលមានរសជាតិខាប់ នឹងធ្វើឱ្យអុកស៊ីតកើតការបំបែកខ្លួន ទើបកាត់បន្ថយការកើតមហារីក ជំរុញការដុតបំផ្លាញកម្លាំងថាមពល និងជួយឱ្យរាងកាយធ្វើការបានរឹតតែល្អឡើង និងស្រស់ស្រាយឡើង។

9 . ជួយបំបាត់អាការឈឺក្បាល ៈ ព្រោះកាហ្វេមានចំណែកផ្សំរបស់កាហ្វេអ៊ីនដែលពង្រីកសរសៃឈាម រម្ងាប់អាការឈឺក្បាលបានដូចគ្នានឹងថ្នាំបំបាត់ការឈឺចាប់ដែរ និងថែមទាំងជួយដល់ការបត់ជើងតូច រំលាយជាតិខ្លាញ់ក្នុងសរសៃឈាមដើម្បីមិនឱ្យមានជាតិខ្លាញ់ច្រើនជ្រុលពេក និងជួយសម្រាលអាការស្រវឹងស្រាសល់ពីយប់បានទៀតផង។

10 . ជួយដាស់ភាពក្លៀវក្លាស្វាហាប់ ៈ ព្រោះកាហ្វេអ៊ីនមានគុណសម្បត្តិមិនខុសពីសារធាតុជំរុញល្អដែលអាចដាស់ភាពស្វាហាប់ឱ្យរាងកាយដែលកំពុងនឿយហត់ ឬល្វើយអស់កម្លាំងឱ្យរស់រវើកឡើងវិញបានក្នុងរយៈពេលដ៏ខ្លី។

គុណវិបត្តិរបស់កាហ្វេ

1 . ធ្វើឱ្យសម្ពាធឈាមខ្ពស់ឡើង ៈ លទ្ធផលនៃការវិភាគបានបង្ហាញថា ពេលញ៉ាំកាហ្វេមួយកែវហើយ សម្ពាធឈាមនឹងកើនខ្ពស់ឡើងយូរដល់ទៅ 12ម៉ោង ដូច្នេះ ក្រុមមនុស្សដែលកើតជំងឺលើសឈាម មិនគួរញ៉ាំកាហ្វេខណៈពេលមានអារម្មណ៍តានតឹង ឬមានសម្ពាធពីការធ្វើការងារឡើយ។

2 . កាហ្វេនឹងហុចផលប៉ះពាល់ដល់ការបឺតជ្រាបសារធាតុរ៉ែ ៈ កាហ្វេអ៊ីននឹងបញ្ចេញផលប៉ះពាល់ដល់ការបឺតជ្រាបយកសារធាតុរ៉ែរបស់ពោះវៀន ដូចជាកាល់ស្យូម ជាតិដែក និងស័ង្កសី ជាដើម ដូច្នេះ ក្មេងៗមិនគួរញ៉ាំកាហ្វេឡើយ។

3 . កាហ្វេនឹងធ្វើឱ្យអ្នកមានជំងឺក្រពះកាន់តែមានដំបៅធ្ងន់ធ្ងរឡើង ៈ ដោយសារតែកាហ្វេនឹងធ្វើឱ្យក្រពះមានទឹករំលាយអាហារចេញមកច្រើន រហូតធ្វើឱ្យក្លាយជាដំបៅច្រើនឡើង ដូច្នេះអ្នកកើតជំងឺក្រពះមានដំបៅមិនគួរញ៉ាំកាហ្វេច្រើនឡើយ ជាពិសេសក្នុងពេលដែលពោះទទេ។

4 . កាហ្វេនឹងធ្វើឱ្យពុកឆ្អឹង ៈ ដោយសារតែកាហ្វេអ៊ីនមានគុណប្រយោជន៍ធ្វើឱ្យបញ្ចេញទឹកមូត្រច្រើនឡើង បើញ៉ាំកាហ្វេរយៈពេលយូរ នឹងធ្វើឱ្យបាត់បង់ជាតិកាល់ស្យូមទៅជាមួយទឹកមូត្រច្រើន រហូតធ្វើឱ្យឆ្អឹងពុក ជាពិសេសសម្រាប់ស្រ្តីក្នុងវ័យអស់រដូវ មិនគួរញ៉ាំកាហ្វេច្រើនពេកឡើយ។

5 . ស្រ្តីមានគភ៌ បើញ៉ាំកាហ្វេច្រើន នឹងធ្វើឱ្យទារកដែលនៅក្នុងគភ៌ធំធាត់មិនប្រក្រតី ឬអាចនឹងរលូតទៀតផង។

6 . កាហ្វេនឹងបំផ្លាញ វីតាមីន B1 ជាវីតាមីនដែលរក្សាតុល្យភាព និងភាពស្ថិតស្ថេររបស់ប្រព័ន្ធប្រសាទ ដូច្នេះ អ្នកដែលខ្វះវីតាមីន B1 មិនគួរញ៉ាំកាហ្វេឡើយ។

នៅពេលបានដឹងទាំងអស់គ្នាដូច្នេះហើយ សូមញ៉ាំកាហ្វេឱ្យល្មមសមរម្យណាប្រិយមិត្តអ្នកអាន ព្រោះអ្វីក៏ដោយ ឱ្យតែលើសបរិមាណដែលសមរម្យល្មហើយនោះ គឺសុទ្ធតែហុចគុណវិបត្តិឱ្យទាំងអស់៕

Advertisement