កម្ពុជា គឺជា​ប្រទេស «សោកសៅ​បំផុត» នៅ​អាស៊ីអាគ្នេយ៍! ការ​ស្ទង់​មតិ​របស់​ Gallup ​បង្ហាញ​​ដូច្នេះ

លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​ធ្វើឡើង​ដោយ Gallup បាន​បង្ហាញថា កម្ពុជា ឈរ​លំដាប់​លើ​គេ​បង្អស់​នៅ អាស៊ីអាគ្នេយ៍ ស្ដីពី​អារម្មណ៍ «សោកសៅ» ខណៈដែល ហ្វ៊ី​លី​ពី​ន គឺជា​ប្រទេស​ដែល «តានតឹង​បំផុត» ក្នុង​តំបន់​នេះ។

Gallup ដែលជា​ក្រុមហ៊ុន​ប្រឹក្សា និង​វិភាគ​ទិន្នន័យ​លំដាប់​កំពូល​លើ​ពិភពលោក និង​មាន​មូលដ្ឋាន​នៅ វ៉ា​ស៊ី​ង​តោន សហរដ្ឋ​អាម៉េរិក ថ្មីៗនេះ​បានប្រកាស​លទ្ធផល​នៃ​ការស្ទង់មតិ​ស្ដីពី​ស្ថានភាព​អារម្មណ៍​ពី​វិជ្ជមាន​រហូតដល់​អវិជ្ជមាន របស់​ប្រជាជន​នៅក្នុង​ប្រទេស​ជាង ១០០ ក្នុងនោះ​មាន​ទាំង​បណ្ដា​ប្រទេស​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ផងដែរ។

លទ្ធផល​នៃ​ការស្ទង់មតិ​បង្ហាញថា កម្ពុជា គឺជា​ប្រទេស «សោកសៅ» បំផុត នៅ អាស៊ីអាគ្នេយ៍ ដោយ ៤២% ក្នុងចំណោម​មនុស្ស​ដែល​ត្រូវបាន​សួរ ឆ្លើយថា ពួកគេ​ទើបតែ​បាន​ឆ្លងកាត់​ភាព​សោកសៅ។ រីឯ ហ្វ៊ី​លី​ពី​ន វិញ ឈរ​លំដាប់​ទី​ពីរ ដោយមាន​អត្រា ៣៥% បាន​ឆ្លើយថា «សោកសៅ» ខណៈដែល វៀតណាម ឈរ​លំដាប់​ទី​បី ដោយមាន ២៧%។

ចំណែក អារម្មណ៍ «ភាព​តានតឹង» វិញ ហ្វ៊ី​លី​ពី​ន ឈរ​លំដាប់​ទីមួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ប្រទេស​ថៃ កម្ពុជា និង វៀតណាម ឈរ​ពីក្រោយ​តាម​លំដាប់​បន្តបន្ទាប់​គ្នា។

ការស្ទង់មតិ​របស់ Gallup ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ ចាប់ពី​ឆ្នាំ ២០២១ ដល់​ដើមឆ្នាំ ២០២២ ដោយ​ការដាក់​សំណួរ​នានា​ដែលមាន​ចម្លើយ​ចំនួន ៣ ឱ្យ​ជ្រើសរើស​គឺ «យល់ស្រប», «មិន​យល់ស្រប» និង «មិនដឹង ឬ​បដិសេធ​ការឆ្លើយ» ចំពោះ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី ១៥ ឆ្នាំ​ឡើងទៅ។

នៅក្នុង​ប្រធានបទ អារម្មណ៍ «ក្រោធ​ខឹង» ប្រទេស​ឡាវ ឈរលើ​កំពូល​តារាង​នៅ អាស៊ីអាគ្នេយ៍ ខណៈដែល ហ្វ៊ី​លី​ពី​ន ឈរ​លំដាប់​លេខ ២ និង កម្ពុជា ឈរ​លេខ ៣ ក្នុង​គ្រា​ដែល ថៃ, មី​យ៉ាន​ម៉ា និង ឥណ្ឌូណេស៊ី ឈរ​ពីក្រោយ​បន្តបន្ទាប់​គ្នា។

ប្រទេស​សិង្ហ​បុរី ត្រូវបាន​គេ​រកឃើញថា មានការ «ក្រោធ​ខឹង» និង «សោកសៅ» តិចជាងគេ​បង្អស់​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍។

កម្ពុជា បើទោះជា​ត្រូវបាន​គេ​រកឃើញថា «សោកសៅ» បំផុត​នៅ អាស៊ីអាគ្នេយ៍ ប៉ុន្តែ បែរជា​ឈរ​លំដាប់​កំពូល​តារាង​ចំណាត់ថ្នាក់​នៅ តំបន់​នេះ និង​ជាប់​លេខ ៥ លើ​លោក ក្នុង​ប្រធានបទ​ស្ដីពី «បទពិសោធន៍​រីករាយ (Experienced Enjoyment)» ដោយមាន​ចម្លើយ​ស្រប ៨៥% និង​មិន​ស្រប ១៤%។ ក្នុង​ប្រធានបទ​នេះដែរ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និង​ហ្វ៊ី​លី​ពី​ន ឈរ​លំដាប់​បន្តបន្ទាប់ សម្រាប់ តំបន់​អាស៊ីអាគ្នេយ៍។

ចំណែក​អារម្មណ៍​ស្ដីពី «ស្នាមញញឹម ឬ​សំណើច (Smile or Laugh)» Gallup បាន​រកឃើញថា ឥណ្ឌូណេស៊ី ឈរ​លំដាប់​ទី​ពី​រលើ​លោក និង​ទីមួយ​នៅ អាស៊ីអាគ្នេយ៍ ដោយមាន​អ្នកឆ្លើយ​ស្រប ៩០% និង​មិន​ស្រប ១០% ខណៈដែល កម្ពុជា ស្ថិតនៅ​ឈរ​លំដាប់​ទី​បួន​លើ​ពិភពលោក និង​ទី​ពីរ​នៅ អាស៊ីអាគ្នេយ៍ ដោយមាន​ចម្លើយ​ស្រប ៨៩% និង​មិន​ស្រប ១០%។ ចំណែក ឡាវ ឈរ​លំដាប់​ទី​ប្រាំ​ក្នុង​ពិភពលោក ស្ដីពី «ស្នាមញញឹម ឬ​សំណើច»៕

Advertisement