ត្រូវធ្វើ​តាំងពីក្មេង! 5វិធី បង្កើន​ក្តី​មោទនភាព​ដល់​កូន

នៅពេល​ត្រូវ​ទទួល​តួនាទី​ជា​ឪពុកម្តាយ ឬ​អាណាព្យាបាល ក្រៅពី​ការចិញ្ចឹម​មើលថែទាំ​ដ៏​ស័ក្តិសម​ល្អ​ហើយ​នោះ ការបង្កើន​ក្តី​មោទនភាព​ដល់​កូនចៅ​ក៏​ជា​រឿង​មួយ​សំខាន់​មិនតិច​តួច​ឡើយ។ ក្តី​មោទនភាព​លើ​ខ្លួនឯង (Self-esteem) ជា​រឿង​សំខាន់​ក្នុង​ការរស់នៅ និង​ជា​រឿង​ដែល​ត្រូវតែ​សាងបណ្តើរៗតាំងពីក្មេង។ ក្មេង​ដែលមាន​មោទនភាព​លើ​ខ្លួនឯង នឹង​ក្លាយជា​ក្មេង​ដែលមាន​ភាពជឿជាក់​ក្នុង​ចិត្ត អាច​ដោះស្រាយ​បញ្ហា មាន​ភាព​អត់ទ្រាំ​ចំពោះ​សម្ពាធផ្សេងៗ និង​ជម្លោះ​ទាំងឡាយ​បាន​យ៉ាង​ល្អ ហើយ​ជាម​នុស្ស​ដែល​សម្លឹងមើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​ថែម​ទៀតផង។

ក្តី​មោទនភាព​លើ​ខ្លួនឯង​ត្រូវ​ចាប់ផ្តើម​តាំងពី​អាយុ​ខួប​ឆ្នាំ​ដំបូង ក្មេង​នឹងមាន​អារម្មណ៍​ថា “ខ្លួនឯង​ធ្វើបាន” បន្ទាប់ពី​ព្យាយាម​មកជា​ច្រើនដង​រហូត​ទទួលបាន​ជោគជ័យ និ​ងបង្រៀន​ខ្លួនឯង​ថា “យើង​ធ្វើបាន បើ​យើង​ព្យាយាម”។ ចំណែកឯ​តួនាទី​របស់​ឪពុកម្តាយ និង​អាណាព្យាបាល​ក្នុងការ​បង្កើន​ក្តី​មោទនភាព​ដល់កូនៗនោះ​មាន​ដូចតទៅ ៖

1/ ចាប់តាំងពី​កើត​ដំបូង៖ ជាពិសេស​ក្នុងអំឡុង​ខួប​ឆ្នាំ​ដំបូង ឪពុកម្តាយ​គួរផ្តល់​ពេលវេលា សេចក្តីស្រឡាញ់ ភាពកក់ក្តៅ ភាព​ជិតដិត​ស្និទ្ធស្នាល ដូចជា ឱ្យ​បៅ​ទឹកដោះ​នៅពេល​កូន​ឃ្លាន លួងលោម​នៅពេល​កូន​មួម៉ៅ ឬ​មិន​ស្រួលខ្លួន លេង​ជាមួយ​នៅពេល​កូន​ត្រូវការ ទាំងអស់នេះ​ជួយ​ឱ្យ​ក្មេង​មាន​អារម្មណ៍ល្អ​ជាមួយ​ខ្លួនឯង​ដែល​បានទទួល​ការ​តបស្នង ឬ​បានទទួល​សេចក្តីស្រឡាញ់​ពី​អ្នកដទៃ។

2/ វ័យ1-3ខួប៖ ក្មេង​ចាប់ផ្តើម​ហ្វឹកហាត់ និង​ត្រូវ​ការធ្វើ​អ្វី​ម្យ៉ាង​ដោយ​ខ្លួនឯង​ហើយ ឪពុកម្តាយ​គួរផ្តល់​ឱកាស​ឱ្យ​កូន​បានចាប់ផ្តើម​ធ្វើ​ដោយ​ខ្លួនឯង ព្រោះ​នៅពេល​ធ្វើបាន​សម្រេច គេ​នឹង​កើត​ភាពជឿជាក់​លើ​ខ្លួនឯង មោទនភាព​លើ​ខ្លួនឯង និង​មើល​មក​ខ្លួនឯង​ថា​ជា​មនុស្ស​មាន​សមត្ថភាព។

3/ វ័យ​ម​ត្តេ​យ្យ និង​វ័យ​រៀន៖ ឪពុកម្តាយ​គួរ​ប្រគល់​ការងារងាយៗដែល​ស័ក្តិសម​នឹង​វ័យ ឱ្យ​ក្មេង​ធ្វើ​ដោយ​ខ្លួនឯង ឬ​ឱ្យ​ក្មេង​មានការ​ងារល្អៗ ដូចជា មាន​ទឹកចិត្ត​ចែករំលែក និង​ធ្វើការ​រួមជាមួយ​អ្នកដទៃ​ជាដើម។

4/ ការទំនាក់ទំនង និង​បរិយាកាស​ដែល​ល្អ​ក្នុង​គ្រួសារ​សំខាន់​សម្រាប់​កុមារ​គ្រប់​វ័យ៖ ឪពុកម្តាយ​គួរ​សម្តែង​អាកប្បកិរិយា ឬផ្តល់នូវ​ពាក្យ​កោតសរសើ​រយ៉ាង​ល្មម​សមរម្យ​នៅពេល​ក្មេង​ធ្វើ​រឿង​ដែល​ល្អ តែបើ​កូន​ធ្វើ​រឿង​ដែល​មិនល្អ គួរតែ​ណែនាំ​ចង្អុលបង្ហាញ និង​ផ្តល់​កម្លាំងចិត្ត​យ៉ាង​ល្អប្រសើរ គួរ​ចៀសវាង​ការទិតៀន​តវ៉ា​ក្មេងដដែលៗ ព្រោះ​នឹងធ្វើ​ឱ្យគេ​មើល​មក​ខ្លួនឯង​ថា​មិនល្អ​រហូត​លែងមាន​កម្លាំង​ជំរុញ​ចិត្ត។

5/ ធ្វើជា​គំរូ​ល្អ​ដល់ក្មេងៗ៖ ក្នុងខណៈដែល​ឪពុកម្តាយ​កោតសរសើរ មើលឃើញ​ចំណុច​ល្អ​របស់​កូន ឬ​របស់​អ្នកដទៃ​នោះ ក្មេងៗនឹង​រៀន​យល់ដឹង​ជាបណ្តើរៗ ជ្រួតជ្រាប​ពី​ការមើលឃើញ​គុណ​តម្លៃ​របស់​អ្នកដទៃ​ដែរ។ ផ្ទុយទៅវិញ ក្មេង​ដែល​ខ្វះ​ភាពជឿជាក់​ក្នុង​ចិត្ត និង​ក្តី​មោទនភាព​លើ​ខ្លួនឯង ច្រើនតែ​ជាម​នុស្ស​ដែល​វិតក្ក​កង្វល់ កើតមាន​ភាព​ធុញ​ថប់​តានតឹង​ចំពោះ​បញ្ហាផ្សេងៗ មិនអាច​ដោះស្រាយ​បញ្ហា​បាន ក្មេង​ទាំងនេះ​ច្រើនតែ​មានគំនិត​ពាក់ព័ន្ធ​នឹង​ខ្លួនឯង​ថា “យើង​ជាម​នុស្ស​មិន​ពូកែ” ឬ “យើង​មិនដែល​ធ្វើ​អ្វី​ត្រូវ​ឡើយ” ធ្វើឱ្យ​ក្លាយជា​ក្មេង​ដែល​ស្ងាត់ស្ងៀម មិនសូវមាន​មិត្តភក្តិ ឬ​អាច​ដល់​ថ្នាក់​ក្លាយជា​ក្មេង​មាន​សម្ពាធ​ក្នុង​ចិត្តបាន​ទៀតផង។

សម្រាប់​ក្មេង​ក្រុមខ្លះ ចាំបាច់​ត្រូវតែ​បានទទួល​ការអភិវឌ្ឍ ដើម្បីឱ្យ​ចម្រើន​ធំធាត់​ទាំង​រាងកាយ និង​ផ្លូវចិត្ត តែបើ​ហួស​ពី​សមត្ថភាព​របស់​អាណា​ព្យាបាល​នោះ ក៏​គួរតែ​នាំ​កូន​ទៅ​ជួបនឹង​គ្រូពេទ្យ​ចិត្តសាស្ត្រ​កុមារ ដើម្បីឱ្យ​គ្រូពេទ្យ​អាច​រួមគ្នា​ជាមួយ​ក្រុមគ្រួសារ​រិះរក​ផ្លូវ​កែខៃ​ដែល​ស័ក្តិសម ឱ្យ​ក្មេង​សម្លឹងមើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​តាម​សភាព​ការពិត ស្គាល់ និង​យល់​ពី​ខ្លួនឯង ស្រឡាញ់ និង​មាន​មោទនភាព​លើ​ខ្លួនឯង​កាន់តែខ្លាំង​ឡើង៕

Advertisement