អ្នក​នាំ​ពាក្យ​របស់​លោក​ Putin ឆ្លង​វីរុស​COVID-19 ខណៈ​រុស្ស៊ី​​ក្លាយ​ជា​សម្បុក​មេរោគ​ធំលំដាប់​ទី​បី​ក្នុង​ពិភពលោក

អ្នក​នាំ​ពាក្យ​របស់​លោក​ Putin ឆ្លង​វីរុស​COVID-19 ខណៈ​រុស្ស៊ី​​ក្លាយ​ជា​សម្បុក​មេរោគ​ធំលំដាប់​ទី​បី​ក្នុង​ពិភពលោក

អ្នកនាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​ លោក​ Dmitry Peskov បាន​បញ្ជាក់​អំពី​ស្ថាន​ភាព​ជំងឺ​របស់​លោក​ ក្រោយ​ពី​បាន​​ចូល​​មន្ទីរ​ពេទ្យ​​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត​ថ្មី​ដែល​បង្ក​ឡើងដោយ​វីរុស​COVID-19។

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​សារ​ព័ត៌មាន​ Kommersant កាល​ពីថ្ងៃទី​13​ឧសភា ជំនួយ​ការ​ផ្ទាល់​របស់​ប្រធានាធិបតី​រុស្ស៊ី​ និង​ជា​អ្នក​នាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​ លោក Dmitry Peskov បាន​ឱ្យ​ដឹង​ថា លោក​ត្រូវ​រលាក​សួត​ច្រើន​កន្លែង​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​។ មុននោះ​1​ថ្ងៃ​ លោក​ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​វិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​COVID-19នេះ​ ដែល​នាំ​ឱ្យ​លោក​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

លោក​ Peskov រៀប​រាប់អំពី​អាការ​រោគ​របស់​លោក​​ថា មុន​នោះ លោក​​មាន​អាការ​​ក្ដៅ​ខ្លួន​ ហើយ​ភរិយា​របស់​លោក​ក៏​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​។ លោក​ថា “នៅ​ពេល​មាន​អាការ​ក្ដៅ​ខ្លួន និង​ឈឺ​ក្នុង​រាងកាយ​ យើង​ក៏​បាន​នាំ​គ្នា​មក​កាន់​មន្ទីរ​ពេទ្យ​​”។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​បាន​ទទួល​ស្គាល់​ថា ដំបូង​ឡើយ​ លោក​បាន​ពាក្យ​កាត់​មួយ​ដែល​អ្នក​ផលិត​និយាយ​ថា ​អាច​ទប់​ស្កាត់​វីរុស​។ “ប៉ុន្តែ ពេល​អ្នក​សារ​ព័ត៌មាន​និយាយ​ថា កាតនោះ​គ្មាន​ប្រសិទ្ធ​ភាព​ ខ្ញុំ​ក៏​លែង​ពាក់​វា​”។

លោក Peskov គឺជាមន្ត្រី​​ម្នាក់​ក្នុងចំណោម​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​បាន​ឆ្លង​វីរុស​COVID-19។ កាល​ពី​ចុង​ខែ​មេសា នាយក​រដ្ឋមន្ត្រី​ Mikhail Mishustin ក៏បាន​ប្រកាស​ថា បាន​ឆ្លង​វីរុស​កូរ៉ូណា​​នេះ​។ ក្រៅ​ពី​នេះ​ក៏​មាន​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៍​ Olga Lyubimova រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​ និង​លំនៅដ្ឋាន Vladimir Yakushev​ រួម​នឹង​អនុរដ្ឋ​មន្ត្រី​​ក៏​បាន​ឆ្លង​វីរុស​COVID-19 នេះ​ដែរ​។

គិត​មក​ដល់​ថ្ងៃ​ទី​14ឧសភា ប្រទេស​រុស្ស៊ី​បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ជាង​252,000​នាក់​ ក្នុង​នោះ​មាន​ជាង​2,300​នាក់​បាន​បាត់​បង់ជីវិត​។ បច្ចុប្បន្ន​ ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុកមេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​អេស្ប៉ាញ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement