ចំណេះដឹងល្អសម្រាប់បងៗស្រ្តីមេផ្ទះ ទាក់ទងនឹងផ្លែឈើគ្រប់មុខ

លេខនេះឡារ៉ែនមានចំណេះដឹងពិសេសបំផុតដែលទាក់ទងនឹងផ្លែឈើមកជម្រាបជូនបងៗស្រ្តីមេផ្ទះ ដែលធានាថា នៅពេលដែលបានដឹងហើយ បងៗច្បាស់ជានឹងយកចំណេះដឹងនេះទៅចែករំលែកបន្តទៀតជាមិនខាន។ ដូច្នេះយើងនាំគ្នាមកមើលថា តើចំណេះដឹងទាក់ទងនឹងផ្លែឈើនេះមានអ្វីខ្លះ ដូចតទៅ៖

-ចំពោះផ្លែប៉ោម

  • គួរលាងផ្លែប៉ោមឱ្យបានស្អាតមុននឹងទទួលទាន ព្រោះជួនកាលជី ឬថ្នាំសម្លាប់សត្វល្អិតដែលគេបាញ់ដាក់​ដើមផ្លែប៉ោមនោះ អាចនៅមានសេសសល់ជាប់នៅលើផ្លែប៉ោម និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកញ៉ាំបាន។
  • ពេលត្រូវចិតសម្បកផ្លែប៉ោមចំនួនច្រើន បងៗស្រ្តីមេផ្ទះគួរប្រើទឹកក្តៅឧណ្ហៗលាងផ្លែប៉ោមជាមុនសិន ព្រោះវានឹងធ្វើឱ្យកាន់តែងាយ​ស្រួលចិតសម្បកចេញ។
  • ពេលចិតសម្បកផ្លែប៉ោម ដើម្បីកុំឱ្យសាច់ផ្លែប៉ោមឡើងពណ៌ក្រហមជាំ និងសាច់ឡើងផុសៗនោះ បងៗគួរដាក់នៅក្នុងចាន​ដែល​​​មាន​ទឹកត្រជាក់ និងដាក់អំបឹលចូលទៅបន្តិចផង។
  • និងពេលចិតសម្បកផ្លែប៉ោម សម្រាប់ធ្វើជាទឹកជ្រលក់ផ្លែប៉ោម(ដូចទឹកប៉េងប៉ោះ) បងៗគួររក្សាទុកសម្បកវាផង ដើម្បីយកវាទៅដាក់ស្ងោរ​ដោយដាក់ទឹកតែបន្តិចបានហើយ រួចហើយប្រើទឹកដែលស្ងោរសម្បកផ្លែប៉ោមនេះជំនួសទឹកធម្មតាក្នុងការធ្វើទឹកជ្រលក់ផ្លែ​ប៉ោមនេះ ព្រោះវានឹងធ្វើឱ្យមានរសជាតិឆ្ងាញ់ ហើយពណ៌របស់ទឹកជ្រលក់ផ្លែប៉ោមដែលយើងធ្វើហើយនោះល្អជាងប្រើទឹកធម្មតាធ្វើ ។

-ចំពោះផ្លែចេកអំបូង ឬចេកណាំវ៉ា

  • ចូរកុំរក្សាទុកចេកអំបូងនៅក្នុងទូទឹកកក ព្រោះនឹងធ្វើឱ្យសម្បកវាឡើងខ្មៅ តែបើចង់ញ៉ាំចេកអំបូងត្រជាក់ៗ គួរ​ដាក់វាក្នុងទូទឹកកកល្មមតែញ៉ាំអស់ 1ពេលៗបានហើយ និងដាក់នៅក្នុងជាន់ក្រោមបំផុត(ក្នុងប្រអប់ដាក់បន្លែ)របស់ទូទឹកកក។
  • សាច់ចេកអំបូង ឬចេកណាំវ៉ានឹងមិនឡើងខ្មៅបន្ទាប់ពីបកសម្បកហើយទេ បើសិនជាបានជ្រលក់ចូលក្នុង​ទឹក​​​ក្រូចឆ្មារបន្តិច ហើយបើយកទៅធ្វើញាំផ្លែឈើផងនោះ និងរឹតតែមានរសជាតិឆ្ងាញ់ថែមទៀត។

-ចំពោះផ្លែក្រូចគ្រប់ប្រភេទ

  • ផ្លែក្រូចគ្រប់ប្រភេទ ក៏មិនគួររក្សាទុកក្នុងទូទឹកកកដែរ ព្រោះនឹងធ្វើឱ្យផ្លែក្រូចកាន់តែមានរសជាតិជូរឡើង វិធីទុកដាក់ផ្លែក្រូច​ដែលត្រឹមត្រូវនោះគឺ ដាក់នៅក្នុងថាស និងទុកនៅក្នុងកន្លែងដែលមានខ្យល់ចេញចូល តែមិនសើមអាប់ ឬស្ងួតខ្លាំងពេកឡើយ ។
  • សម្រាប់ផ្លែក្រូចត្លុងពេលបកសម្បកសម្រាប់រៀបចំពិសាក្នុងពិធីជប់លៀង គួរបកដោយប្រើវិធីពុះសម្បកជុំវិញ ទទឹងផ្លែចំ​កណ្តាល(កុំចិតក្បាលចេញ) ពុះសន្សឹមៗរហូតដល់សម្បកក្នុង តែត្រូវប្រយ័ត្នកុំឱ្យមុខកាំបិតប៉ះនឹងសាច់ក្រូច រួចហើយយក​សម្បកចេញដោយប្រើចុងម្រាមដៃរបស់យើងលូកចូលទៅម្តងបន្តិចៗ និងប្រយ័ត្នកុំឱ្យរហែកសម្បក ។ ពេលយកសម្បកចេញ​បាន​​ទាំងពីរ​ខាងហើយ ចូរទុកចោលមួយអន្លើសឹន បន្ទាប់មកបកសម្បកក្នុងដែលជាប់នឹងសាច់ចេញឱ្យស្អាត រួចរៀបចូលទៅ​វិញឱ្យមាន​រូបរាងដូចដើម។ លោកអ្នកអាចប្រើសម្បកក្រូចត្លុងនោះជំនួសចានដាក់ផ្លែឈើបានយ៉ាងស្អាតក៏បានដែរ។
  • ចំណែកផ្លែក្រូចឃ្វិចវិញ នៅពេលយើងបកសម្បកចង់ញ៉ាំម្តងៗ យើងតែងជួបនឹងសរសៃ-សៗនៅជាប់ពាស​ពេញ​​លើសាច់ក្រូចនោះ ធ្វើឱ្យរំខាន និងមានការពិបាកបេះចេញម្តងមួយសរសៃៗខ្លាំងណាស់ តែសូមលោកអ្នកកុំអាលរំខានចិត្តអី វិធីងាយៗក្នុងការធ្វើឱ្យសរសៃ-សៗទាំងនោះជាប់អស់ទៅនឹងសម្បកពេលបកពិសានោះគឺ គ្រាន់តែយកផ្លែក្រូចឃ្វិចទៅដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗឱ្យលិចផ្លែ ទុកចោលប្រមាណជា 5 – 10នាទី រួចហើយស្រង់យកមកបកពិសា…តែប៉ុណ្ណឹងសរសៃ-សៗទាំង​នោះនឹងជាប់ទៅជាមួយសម្បកអស់ជាមិនខាន ឯរសជាតិនៅតែឆ្ងាញ់ដូចមុនដដែល។
  • សម្រាប់ផ្លែក្រូចឆ្មារដែលទុកចោលយូរ ឡើងក្រៀមនោះ វានឹងស្រស់ ហើយមានទឹកច្រើនឡើងវិញបើបានយកទៅដាក់នៅក្នុងចាន ឬឆ្នាំងដែលមានទឹកក្តៅឧណ្ហៗ ដោយទុកឱ្យទឹកវានៅក្តៅបែបនោះរយ:ពេលប្រមាណជា 1ម៉ោង (តែត្រូវ​ប្រយ័ត្នកុំឱ្យទឹកក្តៅនោះពុះ) រួចហើយសឹមស្រង់ឡើងយកមកទុកឱ្យស្ងួតមុននឹងយកទៅប្រើការ។ ក្រូចឆ្មារនោះនឹងមានទឹកច្រើនឡើងវិញ និងមានរសជាតិដូចពេលនៅស្រស់ដដែល។

-ចំពោះផ្លែខ្នុរ និងផ្លែទាប

  • លោកអ្នកគួរតែជ្រើសរើសយកផ្លែខ្នុរ និងផ្លែទាបណាដែលមានក្រឡាធំៗ ឬមានបន្លាឆ្ងាយៗពីគ្នា ព្រោះ​ពេលបកពិសានឹងបានសាច់ក្រាស់ៗ ហើយមានសាច់ច្រើនទៀតផង ។

-ចំពោះផ្លែ ឃែនតាលូប (ត្រសក់ស្រូវបារាំង ឬផ្លែម៉ឺឡុង) និងផ្លែឪឡឹក

  • សម្រាប់ផ្លែ ឃែនតាលូប នៅពេលដែលលោកអ្នកពុះ និងចង់ទុកមួយចំហៀងសម្រាប់ទទួលទានថ្ងៃក្រោយនោះ បងៗស្រ្តីមេផ្ទះគួររក្សាគ្រាប់របស់វាឱ្យនៅដដែល កុំខ្វេះចេញ ព្រោះវានឹងជួយរក្សាសំណើមរបស់ផ្លែឃែនតាលូបនោះ និងធ្វើឱ្យនៅស្រស់ថ្មីរហូតទាល់តែលោកអ្នកយកមកពិសានៅពេលក្រោយបាន។
  • ចំណែកឯផ្លែឪឡឹកវិញ នៅពេលពុះហើយ បើលោកអ្នកចង់រក្សាទុកមួយចំហៀងសម្រាប់ពិសានៅពេល​ក្រោយនោះ ចូរយកថង់ប្លាស្ទិកស្ដើងៗ ថ្លាៗ ​មកបិទពីលើសាច់ឪឡឹកនោះ រួចហើយសឹមយកទៅទុកក្នុងទូទឹកកក។ ផ្លែឪឡឹកដែលនៅសល់មួយចំហៀងនោះនឹងនៅស្រស់ ស្រួយ និងមិនចូលខ្យល់នាំឱ្យខូចរសជាតិឡើយ។
  • បើចង់ឱ្យសាច់ផ្លែឪឡឹកកាន់តែផ្អែម ស្រួយឆ្ងាញ់ឡើងទៀតនោះ នៅពេលដែលលោកអ្នកចិតដាក់ចានហើយ ចូររោយស្ករ-សពីលើបន្តិច មុននឹងយកទៅដាក់ក្លាស្សេក្នុងទូទឹកកក សាច់ឪឡឹកនោះនឹងកាន់តែមានរសជាតិផ្អែម​ជាប់ចិត្តឡើងទៀតមិនខាន។
  • វិធីរក្សាផ្លែឪឡឹកឱ្យនៅត្រជាក់ស្រេប និងផ្អែមស្រស់បានយូរសម្រាប់ទុកយកទៅពិសាក្នុងពេលទៅដើរលេងនៅទីឆ្ងាយ គឺ ផ្លែឪឡឹកដែលរក្សាទុកនៅក្នុងទូទឹកកករហូតឡើងត្រជាក់ស្រេបហើយ បើចង់យកទៅទុកពិសានៅពេលទៅដើរ​លេង​​​នៅទីឆ្ងាយនោះ ចូរយកក្រដាសកាសែតស្ងួតៗមករុំឱ្យជិត វានឹងធ្វើឱ្យផ្លែឥឡឹកនោះនៅតែរក្សាភាពត្រជាក់បានយូររហូតដល់​ពេលពុះពិសាមិនខាន​។

-ចំពោះផ្លែល្ហុង និងផ្លែម្នាស់

  • សម្រាប់ផ្លែល្ហុង ការថែរក្សាទុកដាក់ក៏ដូចផ្លែឪឡឹកដែរ តែពេលចិតពិសា បើលោកអ្នកចង់ឱ្យសាច់ល្ហុង​មាន​​​រស​​ជាតិប្លែក និងកាន់តែឆ្ងាញ់មាត់ឡើងនោះ ចូរច្របាច់ក្រូចឆ្មារពីលើបន្តិច វានឹងជួយលើករសជាតិឡើងថែមទៀត។
  • ចំណែកឯផ្លែម្នាស់វិញ ពេលចិតជាចំណិតៗដាក់ចានហើយ ចូររោយអំបឹលពីលើបន្តិច នឹងធ្វើឱ្យ​សាច់​​ម្នាស់នោះកាន់តែមានរសជាតិផ្អែមឡើង និងមិនធ្វើឱ្យរមាស់កទៀតផង​៕
Advertisement