ការរៀបចំតុបតែងផ្ទះ ឱ្យគួរចង់ស្នាក់នៅ

ការរៀបចំតុបតែងផ្ទះ ឱ្យគួរចង់ស្នាក់នៅ មានបច្ច័យច្រើនយ៉ាងរួមប្រកបចូលគ្នា ដោយបែងជាគោលការណ៍សំខាន់ៗ ​ត្រួសៗដូចខាងក្រោមនេះ…៖

1. សុវត្ថិភាព
ជ្រើសរើសប្រើគ្រឿងតុបតែងផ្ទះណា ដែលគ្មានជ្រុងមុតស្រួច មិនងាយបាក់បែក មិនទើសទែងផ្លូវដើរ មិនធ្វើឱ្យសឹករេចរឹលកម្រាលឥដ្ឋ ឬធ្វើឱ្យកាំជណ្តើររលោងជ្រុលពេក រហូតអាចបណ្តាលឱ្យក្មេងៗដើររអឹលដួល រួមទាំងការបំពាក់ឧបករណ៍គ្រឿង​អគ្គិសនី និងខ្សែភ្លើង ឱ្យស្ថិតក្នុងសភាពមានសុវត្ថិភាពផង។

2. ត្រូវនឹងសុខលក្ខណៈ និងស្អាតបាត
រៀបចំឱ្យមានខ្យល់អាកាសបក់ចេញ-ចូល និងមានពន្លឺភ្លឺគ្រប់គ្រាន់ រួមទាំងជូតសម្អាតគ្រឿងតុបតែងផ្ទះឱ្យបានស្អាត
ជាប់ជានិច្ចផង។

3. ងាយស្រួលក្នុងការប្រើប្រាស់
ត្រូវគិតដល់ភាពងាយស្រួលក្នុងការរៀបចំធ្វើពិធីផ្សេងៗ រៀបចំឱ្យមានទីកន្លែងទំនេរ ​និងទុកដាក់របស់របរ ​ឱ្យត្រូវ​តាម​កន្លែងដើម្បីងាយស្រួលចាប់យកមកប្រើប្រាស់។

4. ភាពស្រួល សប្បាយ
រៀបចំផ្ទះ ឱ្យមានប្រដាប់ការពារភាពចាំងខ្លាំងរបស់ពន្លឺថ្ងៃ ដូចជា វាំងនន មានប្រឡោះបំភាយកម្ដៅចេញពីខាងក្នុងផ្ទះ និងឱ្យខ្យល់អាកាស បក់ចេញ-ចូលបានងាយស្រួល អាចមើលឃើញទេសភាពខាងក្រៅផ្ទះ ដែលនឹងធ្វើឱ្យយើងសប្បាយរីករាយចិត្តបានផង។

5. មានរបៀបរៀបរយ និងស្រស់ស្អាត
របស់របរតុបតែងមានច្រើនជ្រុលពេក និងទុកដាក់គ្មានរបៀប នឹងធ្វើឱ្យភាពស្រស់ស្អាតខាងក្នុងផ្ទះ បាត់បង់អស់ ហើយជាពិសេសរឿងពណ៌ ក៏មានភាពសំខាន់ក្នុងការតុបតែងផ្ទះដែរ។ ក្រៅពីនោះ គួរនាំយកផ្កាស្អាតៗ និងរូបភាពផ្សេងៗ មកតុបតែងលម្អដើម្បីភាពស្រស់ស្អាតផង។

6. សន្សំសំចៃ
ត្រូវនឹកដល់ការសន្សំសំចៃផង ទាំងពេលវេលា កម្លាំង និងលុយកាក់ រួមទាំងការមើលថែទាំសម្អាត តម្លៃវត្ថុ របស់​របរដែលចង់ទិញ យកមកតុបតែងផង តាមរយៈការច្នៃប្រឌិត ឬយករបស់ដែលមានស្រាប់ មកជូតសម្អាត ដុសខាត់ លាបពណ៌ជាថ្មី ឱ្យ​ស្អាតមកដាក់តាំងលម្អឡើងវិញជាដើម៕

Advertisement