ឆា​សាច់មាន់​ជាមួយ​ស្វាយ​ទុំ និង​គ្រាប់ស្វាយចន្ទី

ឆា​សាច់មាន់​ជាមួយ​ស្វាយ​ទុំ និង​គ្រាប់ស្វាយចន្ទី ពិតជា​ចម្លែក​បន្តិច​ហើយ​មើលទៅ ព្រោះ​មាន​ទាំង​រសជាតិ​ផ្អែម​នៃ​ស្វាយ​ទុំ រសជាតិ​ឈ្ងុយ​នៃ​គ្រាប់ស្វាយចន្ទី ព្រមទាំង​ជាតិ​សាច់​នៃ​សាច់មាន់​រំលីង​ទៀត ពិតជា​ឆ្ងាញ់​មាត់​ហើយ​មុខម្ហូប​មួយ​មុខ​នេះ។ ដូច្នេះ​ចង់ដឹង​ពី​វិធី​ចម្អិន​មុខម្ហូប​នេះ​សូម​តាមដាន​ជាមួយនឹង​គ្រឿងផ្សំ និង​វិធី​ធ្វើ​ពី​មេ​ចុងភៅ​ជំនាញ​នៃ​ភោជនីយដ្ឋាន Eleven One Kitchenដូចតទៅ។

គ្រឿងផ្សំ
សាច់មាន់ 100ក្រាម
គ្រាប់ស្វាយចន្ទី 5គ្រាប់ (ពុះ​ជា2)
ស្វាយ​ទុំ 100ក្រាម (កាត់​ជា​ដុំតូចៗល្មម)
ប្រេងខ្យង 1ស្លាបព្រា​កាហ្វេ
ស្រា​ចិន 3-4ដំណក់
ទឹកត្រី 1ស្លាបព្រា​បាយ
ស្ករស កន្លះស្លាបព្រាកាហ្វេ
ខ្ទឹមស 5ក្រាម
អំបិល ម្សៅពោត ម្រេច 1ស្លាបព្រា​បាយ
ប្រេងឆា 2ស្លាបព្រា​បាយ
ទឹក​ស៊ុប​បន្លែ បន្តិច

វិធី​ចម្អិន
ដំបូង​អ្នក​ត្រូវដាក់​ខ្ទះ​ឱ្យ​ក្តៅ រួច​ចាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ ហើយ​សឹម​ដាក់​សាច់មាន់​ចូល​រំលីង​សាច់​ឱ្យ​ឆ្អិន50%។ បន្ទាប់មក​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល​លីង​ឱ្យ​ឈ្ងុយ រួច​ដាក់​ស្រា​ចិន​ចូល​ឆា​ចូលគ្នា​ឱ្យ​សព្វ។ រួច​ដាក់​ប្រេងខ្យង ទឹកត្រី អំបិល ម្រេចទឹក​ស៊ុប​បន្លែ និង​ម្សៅពោត​ចូល​ឆា​ចុះឡើង​ឱ្យចូល​ជាតិ​គ្នា​ល្អ សឹម​ដាក់​ចំណិត​ស្វាយ​ទុំ និង​គ្រាប់ស្វាយចន្ទី​ដែល​ពុះ​ហើយ​ចូល​ជាការ​ស្រេច៕

Advertisement