​ខ្លាច​​​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្នឆ្លង​រោគ​ COVID-19 អង់គ្លេស​ក៏​តែង​តាំង​អ្នក​ជំនួស​ឱ្យ​ហើយ

​ខ្លាច​​​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្នឆ្លង​ COVID-19 អង់គ្លេស​ក៏​តែង​តាំង​អ្នក​ជំនួស​ឱ្យ​ហើយ
នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស Dominic Raab ត្រូវ​បាន​តែង​តាំង​ឱ្យ​បំពេញ​ភារ​កិច្ច​ជំនួស​នាយករដ្ឋមន្ត្រី​​បច្ចុប្បន្ន ក្នុង​ករណី​​លោក Boris Johnson មិន​អាច​ដឹក​នាំ​ប្រទេស​បាន​ ដោយ​សារ​ឆ្លង​រោគ COVID-19។

ការិយាល័យនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ថ្ងៃ​នេះបាន​ប្រកាស​ថា រដ្ឋ​មន្ត្រី​ការ​បរទេសអង់គ្លេស​​ Raab ដែល​ជា​អ្នក​ធ្លាប់​ធ្វើ​តេស្ត​2លើក​ ប៉ុន្តែ​អវិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ត្រូវ​បាន​ជ្រើស​តាំង​​ជា “នាយក​រដ្ឋ​មន្ត្រី​បម្រុង​” នៃ​ប្រទេស​នេះ​។ លោក Raab នឹង​ធ្វើ​កិច្ច​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ក្នុង​ករណី​ដែល​លោក Johnson និង​ក្រុម​មន្ត្រី​កំពូល​ៗ​នៅ​ក្នុង​គណរដ្ឋមន្ត្រី​របស់​លោក​ ឆ្លង​វីរុស​ COVID-19។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស Johnson មក​ដល់​ពេល​នេះមិន​ទាន់​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​នៅ​ឡើយ​ ប៉ុន្តែ​ការ​តែង​តាំង​នេះ​ បាន​ធ្វើ​ឱ្យ​មាន​រឿង​ចម្រូង​ចម្រាស​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​អង់គ្លេស​។

រដ្ឋមន្ត្រីម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា “ប្រសិន​លោក Boris Johnson មិន​អាច​បំពេញ​កិច្ច​ការ​ មាន​មនុស្ស​ជា​ច្រើន​យល់​ថា រដ្ឋមន្ត្រីនៃ​ខុទ្ទកាល័យគណរដ្ឋមន្ត្រី (ដែល​ជា​អ្នក​គ្រប់​គ្រង​រាល់​គោលនយោបាយ​នៃ​ខុទ្ទកាល័យទាំង​មូល​) លោក Michael Gove គួរ​តែ​ជា​អ្នក​ត្រូវ​ទទួល​តួនាទី​នេះ​ មិន​មែន​លោក Raab នោះ​ទេ​។

យោង​តាម​ផែន​ការ​ថ្មីនេះដែរ ក្នុង​ករណី​ជំនួយ​ការ​របស់​លោក Johnson ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ គឺលោក Dominic Cummings និង​នាយក​ផ្នែក​សារ​ព័ត៌មាន​ Lee Cain បាន​ឆ្លង​រោគ COVID-19 ពួក​គេ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ Isaac Levido ដែលជា​នាយក​ផ្នែក​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​របស់​គណបក្ស​អភិរក្ស​និយម​ Conservative Party នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ឬ​ Paul Stephenson ដែលជា​នាយក​ផ្នែក​សារ​ព័ត៌មាន​សម្រាប់​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ Brexit (ការ​បោះ​ឆ្នោត​មួយ​ដែល​ទាញ​ប្រទេស​អង់គ្លេស​ចេញ​ពី​សហ​ភាព​អឺរ៉ុប)។

COVID-19 បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​188​ក្នុង​ពិភពលោក បន្ទាប់​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់​ Wuhan ខេត្ត Hubei នៃ​ប្រទេស​ចិនកាល​ពី​ខែធ្នូ​ ឆ្នាំ2019 បណ្ដាល​ឱ្យ​មនុស្ស​ជាង​300,000​នាក់កើត​រោគ និង​ជាង​​13,000​​នាក់​បាន​ស្លាប់​ (នៅ​ទូទាំង​ពិភពលោក)។

បច្ចុប្បន្ន អង់គ្លេស​មាន​អ្នក​ឆ្លង​រោគ COVID-19 ជាង​5,000​នាក់ ក្នុង​នោះ​មាន​240​នាក់​បាន​បាត់​បង់​ជីវិត​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement