មូលហេតុ​ដែល​ឥណ្ឌា​បញ្ជូន​វ៉ាក់សាំង​បង្ការ​Covid-19 រាប់លាន​ដូ​ស ទៅឱ្យ​ប្រទេស​ចំនួន60 ក្នុង​ពិភពលោក

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi

ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​អ្នកមាន​នៅតែ​រក្សាទុក​វ៉ាក់សាំង​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក ប្រទេស​ឥណ្ឌា​ឯណោះ​វិញ​ត្រូវបាន​គេ​សរសើរ​យ៉ាងខ្លាំង​ដោយសារ​តែមាន​សន្ដាន​ចិត្តល្អ ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ចំនួន 33 លាន​ដូ​ស និង​ច្រើនជាង​នេះ ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​រាប់សិប​នៅ​ទូទាំង​ពិភពលោក។

នៅពេលដែល​ប្រទេស​ជាច្រើន​លើ​ពិភពលោក ដណ្ដើម​គ្នា​ទិញ និង​រក្សាទុក​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 គេ​ឃើញ​មាន​លេចឡើង​នូវ​ពាក្យ​ជាច្រើន​ឃ្លា ដូចជា «រត់ប្រណាំង​ដណ្ដើម​វ៉ាក់សាំង» ឬថា «លទ្ធិ​ពលរដ្ឋ​វ៉ាក់សាំង» ជាដើម បាន​លេចឡើង​នៅក្នុង «វចនានុក្រម» សកល។

ក៏ប៉ុន្តែ នៅក្នុង​ពេលដែល​កិច្ចសហការ​ទូទាំង​ពិភពលោក​នៅក្នុង​ការចែក​រំលែក​វ៉ាក់សាំង​នៅមានកម្រិត​នៅឡើយ ហើយ​គម្រោង​បែងចែក​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) នៅតែ​មិនទាន់​ត្រូវបាន​ដំណើរការ​ខ្លាំងក្លា ប្រទេស​ឥណ្ឌា​ក៏​បាននិងកំពុង​ដើរ​តាមផ្លូវ​ដោយឡែក​របស់ខ្លួន នោះ​គឺ «ការទូត​វ៉ាក់សាំង»។

យុទ្ធនា​ការណ៍ «Vaccine Maitri» (វ៉ាក់សាំង​មិត្តភាព) របស់​ប្រទេស​នេះ បាន​បញ្ជូន​វ៉ាក់សាំង Covidshield ដែល​ឥណ្ឌា​បាន​ផលិត​ទៅតាម​ការអនុញ្ញាត​របស់ Oxford-AstraZeneca ចំនួន​រាប់លាន​ដូ​ស ទៅឱ្យ​ប្រទេស​ប្រហែល 60 ក្នុង​ពិភពលោក។

ឥណ្ឌា​គឺជា​មហាអំណាច​មួយ​ក្នុង​ពិភពលោក​ផ្នែក​ផលិត​ឱសថ ដោយ​ប្រទេស​នេះ​ផលិត​ឱសថ​ប្រភពដើម​ប្រមាណ 20% និង​វ៉ាក់សាំង​ប្រមាណ 62% ធៀប​នឹង​ពិភពលោក​ទាំងមូល។ ដូច្នេះ ឥណ្ឌា​ទំនងជា​មានប្រៀប​ជាង​ប្រទេសផ្សេងៗក្នុងការ​ចាត់ចែង​វ៉ាក់សាំង។

វ៉ាក់សាំង​ផលិត​នៅ​ឥណ្ឌា ត្រូវ​បាន​ប្រើប្រាស់​នៅ​អាហ្វ​ហ្កានីស្ថាន

មុនពេល​វ៉ាក់សាំង​បង្ការ Covid-19 ត្រូវបាន​គេ​អភិវឌ្ឍ ឥណ្ឌា​បាន​ផ្គត់ផ្គង់​ថ្នាំ hydroxychloroquine និង paracetamol ទៅឱ្យ​ប្រទេស​ប្រហែល 100 និង​ឧបករណ៍​ធ្វើតេស្ត រួម​នឹង​បរិក្ខារ​ពេទ្យ​ជាច្រើន​ផ្សេងទៀត​ទៅឱ្យ​ប្រទេស​ប្រហែល 90 ក្នុង​ពិភព​លោ។

ក្រោយមក នៅពេល​វ៉ាក់សាំង Oxford-AstraZeneca មិនទាន់​ទទួលបាន​ការអនុម័ត​នៅឡើយ លោក Adar Poonawall ប្រធាន​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា (SII ជា​ក្រុមហ៊ុន​ឯកជន) បានសម្រេច​ចិត្ត​ផលិត​វ៉ាក់សាំង​នេះ ដែល​ជាការ​ផ្សងព្រេង​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក។

នៅពេល​វ៉ាក់សាំង AstraZeneca ទទួលបាន​ការអនុម័ត SII ផលិត​បាន​វ៉ាក់សាំង​នេះ​ក្នុង​បរិមាណ​រាប់លាន​ដូ​ស ដើម្បី​ប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញទៅ​បរទេស។

វ៉ាក់សាំង​ប្រភេទផ្សេងៗគ្នា​របស់​ឥណ្ឌា ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ស្ទើរតែ​ទាំងអស់​ដែល​នៅ​ជិតខាង​ឥណ្ឌា រួមមាន អា​ហ្វ​ហ្គា​នី​ស្ថាន, បង់​ក្លា​ដែ​ស, ប៊ូ​តាន, ស្រីលង្កា, ម៉ា​ល់​ឌី​វ, មី​យ៉ាន​ម៉ា, នេ​ប៉ាល ហើយ​ឆ្ងាយ​ជាង​នេះ​គឺ​បណ្ដា​ប្រទេស​ដូចជា កម្ពុជា, សី​សែ​ល, ម៉ុង​ហ្គោ​លី, បណ្ដា​ប្រទេស​នៅ​តំបន់​ការី​បៀ​ន និង​អាហ្វ្រិក​ជាដើម។

វ៉ាក់សាំង​បាន​ជួយ​ផ្សះផ្សារ​ទំនាក់ទំនង​រវាង​ឥណ្ឌា​ជាមួយនឹង​បង់​ក្លា​ដែ​ស និង​កែ​លម្ហ​មិត្តភាព​ជាមួយនឹង​ម៉ា​ឌី​វ ទន្ទឹមនឹង​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ជាច្រើន​ទៀត។

វ៉ាក់សាំង​ផលិត​នៅ​ឥណ្ឌា ហាក់​មានប្រៀប​ជាង​បណ្ដា​ប្រទេសផ្សេងៗ នៅពេល​និយាយ​ដល់​ការផលិត​ដើម្បី​គោលដៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ដោយសារតែ​មានតម្លៃ​ទាប។ ក្រៅពីនេះ វ៉ាក់សាំង​ដែល​ផលិត​ដោយ​ឥណ្ឌា​ក៏ត្រូវ​គេ​ជឿថា មាន​សុវត្ថិភាព កាត់បន្ថយ​ការចំណាយ​បាន​ច្រើន ព្រោះតែ​មិន​តម្រូវឱ្យមាន​ការការពា​រ និង​ដឹកជញ្ជូន​នៅក្នុង​សីតុណ្ហភាព​ទាប។

ក្រៅពី​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ វ៉ាក់សាំង​របស់​ឥណ្ឌា​ក៏​ត្រូវបាន​ផ្គត់ផ្គង់​ដល់​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ ក្នុងនោះ​មានដូចជា​ចក្រភព​អង់គ្លេស និង​កាណាដា​ជាដើម។

ប្រទេស​ឥណ្ឌា​ក៏​កំពុង​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 1.1ពាន់​លាន​ដូ​ស ទៅឱ្យ​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​បែងចែក​ដល់​បណ្ដា​ប្រទេស​ក្រីក្រ។

គោលនយោបាយ​ការទូត​ផ្នែក​វ៉ាក់សាំង​របស់​ប្រទេស​ឥណ្ឌា បាន​នាំមក​នូវ​ផលប្រយោជន៍​ដល់​មហិច្ឆតា​ក្លាយជា​មហាអំណាច​ពិភពលោក​ផ្នែក​ឱសថ និង​មហាអំណាច​ដែលមាន «ទឹកមាត់ប្រៃ» នៃ​ប្រទេស​នេះ។ បើសិនជា​កៅអី​អចិន្ត្រៃយ៍​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវបាន​រៀបចំ​ឡើងវិញ នោះ​ប្រទេស​នានា​ដែល​បានទទួល​​ផលប្រយោជន៍​ពី​ឥណ្ឌា ប្រាកដជា​នឹង​ដឹងគុណ​ចំពោះ​អ្នកណា​ដែល​ធ្វើ​កិច្ចការ​ច្រើន​បំផុត​ដើម្បី​សង្គ្រោះ​ពិភព​លោក​ដែល​កំពុង​ទទួលរង​ការវាយប្រហារ​ពី Covid-19៕

ប្រភព៖ CAN
ប្រែសម្រួល​៖ បុត្រា

Advertisement