កូរ៉េខាងត្បូង​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​ចំនួន​ពីរ​នាក់ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca

បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដើម្បី​បង្ការ​វីរុស Covid-19 ស្ត្រី​វ័យ 63 ឆ្នាំ​ម្នាក់​ក្នុងចំណោម​មនុស្ស​ពីរ​នាក់​ដែល​បាន​ស្លាប់ មាន​អាការ​ក្ដៅខ្លួន​ខ្លាំង។

មន្ត្រី​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 3 មីនា បានឱ្យដឹងថា ក្រុម​ជំនាញ​កំពុងតែ​បើក​ការស៊ើបអង្កេត​លើ​មូលហេតុ​ដែលនាំឱ្យ​មា​នក​រ​ណី​ស្លាប់​ខាងលើ ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា អ្នក​ទាំង 2 បាន​ស្លាប់​ក្រោយពី​ការចាក់​វ៉ាក់សាំង AstraZeneca បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ករណី​ទីមួយ​គឺ​ស្ត្រី​វ័យ 63 ឆ្នាំ។ បន្ទាប់ពី​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង ស្ត្រី​រូបនេះ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ថ្ងៃទី 2 មីនា ប៉ុន្តែ ក្រោយមក​ក៏បាន​បាត់បង់​ជីវិត ដោយមាន​រោគសញ្ញា​ពុល​ឈាម (blood poisoning) និង​បញ្ហា​សួត។ ករណី​ទី​ពីរ​កើត​ឡើងលើ​មនុស្សម្នា​ក់មាន​វ័យ 50 ឆ្នាំ ដោយមាន​បញ្ហា​បេះដូង និង​ទឹកនោម​ផ្អែក និង​បាន​ស្លាប់​កាលពី​ថ្ងៃទី 3 មីនា បន្ទាប់ពី​មាន​អាការ​ឈឺបេះដូង បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca បាន​មួយថ្ងៃ។

មន្ត្រី​ម្នាក់​នៃ​នាយកដ្ឋាន​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់​កូរ៉េខាងត្បូង (KDCA) បាន​និយាយថា ពួកគេ​កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុដែល​នាំឱ្យមាន​ករណី​ស្លាប់​ខាងលើ ប៉ុន្តែ មិនទាន់មាន​ការអធិប្បាយ​លម្អិត​ណាមួយ​នៅឡើយ។ អ្នកនាំពាក្យ​របស់ AstraZeneca ប្រចាំ​ទីក្រុង​សេ​អ៊ូ​ល បានឱ្យដឹងថា មិនទាន់​ធ្វើការ​អធិប្បាយ​អ្វី​បាន​នៅឡើយ​នៅក្នុង​ពេលនេះ។

ក្នុង​ថ្ងៃ​ដដែល​នោះ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Chung Sye-kyun បាន​បញ្ជា​ឱ្យ​ពិនិត្យឡើងវិញ​នូវ​ការអនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​មនុស្ស​វ័យ​ចាប់ 65 ឆ្នាំ​ឡើងទៅ។

កូរ៉េខាងត្បូង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កាលពី​សប្ដាហ៍​មុន។ គិត​ត្រឹម​ព្រលប់​ថ្ងៃទី 2 មីនា មនុស្ស​ចំនួន 85,904 នាក់ បាន​ចាក់​វ៉ាក់សាំង AstraZeneca និង 1,524 នាក់ បាន​ចាក់​វ៉ាក់សាំង Pfizer នេះ​បើតាម KDCA៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement