ប្រយ័ត្ន! អាហារពេលព្រឹក 5 យ៉ាង រឹតតែញ៉ាំ រឹតតែបំផ្លាញសុខភាព

ជីវិតក្នុងទីក្រុងច្រើនតែប្រញាប់ប្រញាល់រហូតធ្វើឱ្យយើងខកខានញ៉ាំអាហារពេលសំខាន់បំផុតនៃថ្ងៃនីមួយៗគឺ អាហារពេលព្រឹក ហ្នឹងឯង។ អ្នកខ្លះជ្រើសរើសក្នុងការញ៉ាំអាហារពេលព្រឹកបែបងាយៗ លឿនរហ័ស និងមិនបានយកចិត្តទុកដាក់លើគុណប្រយោជន៍ខាងអាហារដែលបានទទួលនោះប៉ុន្មានឡើយ ដោយនឹកសង្ឃឹមថាញ៉ាំឱ្យតែឆ្អែតៗប៉ុណ្ណោះ។

តែការពិតវិញ អាហារពេលព្រឹកសំខាន់ខ្លាំងណាស់ និងគួរតែជាពេលញ៉ាំអាហារមួយដែលសង្កត់ធ្ងន់លើសារធាតុអាហារដែលមានប្រយោជន៍បំផុតទៀតផង ព្រោះយើងត្រូវនាំកម្លាំងថាមពលនេះទៅរៀន ធ្វើការ ធ្វើកិច្ចការងារផ្សេងៗពេញមួយថ្ងៃ តែអាហារពេលព្រឹកដែលមនុស្សជាច្រើនជ្រើសរើសទទួលទាននោះ មិនបានផ្តល់ប្រយោជន៍ដល់រាងកាយតាមដែលរាងកាយត្រូវបានទទួលឡើយ ដូច្នេះយើងនាំគ្នាមកមើលវិញល្អជាងថា នៅក្នុងអាហារពេលព្រឹកទាំងនោះ តើមានអាហារមួយណាដែលអ្នកទទួលទានជាប្រចាំខ្លះដែរទេ? បើមានគួរតែផ្លាស់ប្តូរជាបន្ទាន់ហើយ។

ទឹកដោះគោ

អ្នកខ្លះអាចនឹងធ្លាប់បានឮថា ទឹកដោះគោមិនគួរទទួលទានពេលពោះទំនេរឡើយ ហ្នឹងគឺជារឿងមួយដែលត្រឹមត្រូវហើយ ព្រោះបើយើងញ៉ាំទឹកដោះគោពេលពោះទំនេរ អាចធ្វើឱ្យឆ្អល់ពោះបាន ឬអ្នកខ្លះអាចទាំងធ្វើឱ្យមានអាការចុកពោះ កូរពោះ និងរាកបានទៀតផង។ វិធីកែបញ្ហានេះ គឺងាយបំផុត គ្រាន់តែកុំញ៉ាំទឹកដោះគោសុទ្ធតែម្យ៉ាង ត្រូវញ៉ាំគូគ្នាជាមួយអាហារដទៃទៀត ដោយញ៉ាំអាហារពេលព្រឹកចូលទៅមុនសឹន ហើយសឹមញ៉ាំទឹកដោះគោទៅតាមក្រោយ តែប៉ុណ្ណឹងក៏ជួយបានច្រើនទៅហើយ តែបើសឹនអ្នកណាដែលមានបញ្ហាជាមួយការញ៉ាំទឹកដោះគោមែនទែន អាចមានន័យថា ទឹករំលាយអាហារក្នុងក្រពះរបស់អ្នកមិនអាចរំលាយទឹកដោះគោបាននោះ គួរតែសាកល្បងទៅជួបគ្រូពេទ្យដើម្បីវិនិច្ឆ័យរោគយ៉ាងលម្អឹត។

សាចក្រក សាច់ហ៊ែម សាច់បេកខន

យើងតែងតែឃើញអាហារទាំងនោះនៅលើតុអាហារបែបអាមេរិកាំង ប្រេកហ្វាស់ត៍ ឬអាហារពេលព្រឹកបែបអាមេរិកាំងហ្នឹងឯង។ ដូចដែលមនុស្សជាច្រើនបានដឹងហើយថា អាហារពពួកនេះមិនបានមានសារធាតុអាហារដែលល្អដល់រាងកាយប៉ុន្មានឡើយ បើយូរៗញ៉ាំម្តង មិនអីទេ តែបើសឹនជាញ៉ាំបែបដដែលៗញឹកញាប់ និងគ្មានអាហារផ្សេងទៀតគួបផ្សំជាមួយផង នោះមានន័យថា យើងបានទទួលសារធាតុអាហារនៅពេលព្រឹកត្រឹមតែម្សៅ ប្រូតេអ៊ីនដែលគ្មានគុណភាព និងខ្លាញ់ប៉ុណ្ណោះ ដូច្នេះទើបមិនគួរទទួលទានញឹកញាប់ ឬនៅពេលណាដែលទទួលទានសាច់ក្រក សាច់ហ៊ែម ឬសាច់បេកខន គួរតែទទួលទានគួបផ្សំជាមួយខាបូហាយដ្រេត ប្រូតេអ៊ីន និងសារធាតុរ៉ែពីបន្លែស្រស់ៗផង។

នំប៉័ងលាបស្ករសូកូឡា

ផ្ទះអ្នកណាដែលមានក្មេងតូច ក្មេងជំទង់ ឬជាគ្រួសារដែលចូលចិត្តញ៉ាំស្ករសូកូឡា ប្រហែលជាមានសូកូឡាស្ពេ្រដនៅក្នុងផ្ទះមួយដបធំ ទុកលាបនំប៉័ង ហើយញ៉ាំ ឆ្ងាញ់ឆ្អែតត្រូវចិត្តក្មេងតូចមិនខាន តែសារធាតុអាហារដែលទទួលបានវិញនោះ មានត្រឹមតែម្សៅ និងស្ករប៉ុណ្ណោះ ដូច្នេះ ឡារ៉ែនសូមណែនាំឱ្យយូរៗសឹមញ៉ាំម្តង ឬញ៉ាំគួបផ្សំជាមួយស្ទេកសាច់គោ ស៊ុតចៀនជ័រព្នៅ ឬញាំបន្លែផងទើបជាការប្រសើរ។

អាហារស៊ីរៀល

ជាអាហារពេលព្រឹកងាយៗ ស្ទីលបរទេសដែលអាចញ៉ាំបានឆ្អែតក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ តែពេទ្យបែរជារកឃើញថា នៅក្នុងអាហារស៊ីរៀល ជាពិសេសអាហាររបស់កុមារ មានតែម្សៅ និងស្ករ សារធាតុអាហារបែបហូលហ្ក្រេន ឬធញ្ញជាតិផ្សេងនោះមានបរិមាណតិចខ្លាំងណាស់ និងក្រៅពីនោះថែមទាំងមិនគ្រប់ 5 ប្រភេទក្រុមទៀតផង ដូច្នេះ ឡារ៉ែនសុំឱ្យស៊ីរៀលក្លាយជាអាហារជម្រើសក្រោយៗគេក្នុងថ្ងៃដែលប្រញាប់ប្រញាល់បំផុតទៅចុះ។

នំចាខ្វៃ ជ្រលក់ទឹកដោះគោខាប់

មនុស្សធំជាច្រើននាក់ជ្រើសរើសទទួលទាននំចាខ្វៃជាមួយទឹកសណ្តែក ព្រោះទឹកសណ្តែកជាអាហារពេលព្រឹកដែលល្អ និងគួរទទួលទានគូគ្នាជាមួយអាហារផ្សេងៗដែលធ្វើពីម្សៅ តែនំចាខ្វៃជាម្សៅដែលជ្រលក់ខ្លាញ់(ដែលមិនល្អ បើសិនជាខ្លាញ់ជ្រូកដែលចៀនបំពងច្រើនដង ហើយមិនបានផ្លាស់ប្តូរ) និងថែមទាំងបំផ្លាញខ្លួនឯងធ្ងន់ធ្ងរទៅទៀតដោយការញ៉ាំជាមួយទឹកដោះគោខាប់ដែលគ្មានអ្វីច្រើនក្រៅពីស្ករនោះឡើយ ដែលវានឹងធ្វើឱ្យយើងកាន់តែឆាប់ហេវខ្លាំងឡើង ក្រៅពីនេះ អ្វីដែលបាត់បង់ទៅនោះគឺ សារធាតុរ៉ែ និងវីតាមីនពីបន្លែផ្លែឈើហ្នឹងឯង ដូច្នេះយូរៗញ៉ាំម្តងប្រសើរជាង។

យើងនឹងមើលឃើញថា អាហារពេលព្រឹកដែលងាយៗ ឆាប់រហ័ស ស្រួលរកទទួលទានរបស់មនុស្សជាច្រើននោះ អាចនឹងខ្វះសារធាតុរ៉ែ និងវីតាមីនជានិច្ច ដែលវាជារឿងមួយមិនសូវជាល្អប៉ុន្មានឡើយ ព្រោះធ្វើឱ្យយើងបានទទួលសារធាតុអាហារនៅពេលព្រឹកមិនគ្រប់គ្រាន់ អាចធ្វើឱ្យយើងមានពេលព្រឹកដែលមិនស្រស់ស្រាយ មិនស្វាហាប់បាន ដូច្នេះគួរងាកមកទទួលទានអាហារដែលមានប្រយោជន៍គ្រប់ 5 ប្រភេទក្រុមដូចជា ស៊ុបបន្លែសាច់ជ្រូក បបរសាមចូក បបរ-ស នំស៊ែនវិច(ដាក់បន្លែ)វិញម្តង តែប៉ុណ្ណឹងក៏ឆ្អែតឆ្ងាញ់មិនបំផ្លាញសុខភាពបានបាត់ទៅហើយ៕

Advertisement