លោក ឌូ​តឺ​តេ បដិសេធ​ចាក់​វ៉ាក់សាំង “ស៊ី​ណូ​វ៉ា​ក់” ដោយ​អាង​ថា ពេទ្យ ឱ្យ​ចាំ​ចាក់ អា​ម៉ាក​ផ្សេង…

វ៉ាក់សាំង​កា​ពារ​កូ​វីដ-19 របស់​ចិន 1ឈុត​ដំបូង ត្រូវបាន​បញ្ជូន​ទៅដល់​ប្រទេស​ហ្វ៊ី​លី​ពី​ន​ហើយ កាលពី​ថ្ងៃអាទិត្យ (ទី28កុម្ភៈ) ប៉ុន្តែ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​កូ ឌូ​តឺ​តេ បាន​បដិសេធ​ក្នុង​ការចូល​ទទួលយក​ការចាក់​វ៉ាក់សាំង​ជា​មនុស្ស​ដំបូង​គេ ដោយ​យក​អាង​យោបល់​របស់​គ្រូពេទ្យ ដែល​បានស្នើ ឱ្យ​លោក​រង់ចាំ វ៉ាក់សាំង​ម៉ាក​ផ្សេង។

លោក​ឌូ​តឺ​តេ បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់-ទទួល​វ៉ាក់សាំង “កូ​រ៉ូ​ណា​វ៉ា​ក់” របស់​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ បៃ​អូ​ថេ​ក ចំនួន 600,000ដូ​ស ដែល​រដ្ឋាភិបាល​ចិន បាន​បរិច្ចាគ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ប្រើ​យ៉ាង Freeៗ  រួចហើយ​នឹង​រៀបចំ​បញ្ជូន​មកឱ្យ​បន្ថែមទៀត 25លាន​ដូ​ស ក្នុងឆ្នាំនេះ។

យន្តហោះ​យោធា របស់​ប្រទេស​ចិន បាន​ដឹកនាំ​វ៉ាក់សាំង មកដល់​មូលដ្ឋាន​ទ័ពអាកាស វី​ល​ឡា​ម័​រ ក្នុង​ទីក្រុង Pasay នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន នៅ​ម៉ោង 16.10នាទី តាម​ម៉ោង​នៅក្នុង​ស្រុក ដោយ​លោក​ឌូ​តឺ​តេ បានបញ្ជាក់​យ៉ាងច្បាស់​ថា ទោះជា​ប្រទេស​ចិន បាន​បរិច្ចាគ​វ៉ាក់សាំង​ឱ្យទៅ​ប្រទេសផ្សេងៗទៀត​ជាច្រើន​ក្ដី តែ មានតែ​ហ្វ៊ី​លី​ពី​ន មួយ​ប៉ុណ្ណោះ ដែល​ចិន​សុខចិត្ត​លះបង់​ពេលវេលា រៀបចំ​បញ្ជូន​យកមក​ឱ្យ​ដោយ​ខ្លួនឯង។

មេដឹកនាំ​ជើង​ខ្លាំង រូបនេះ បាន​បញ្ជាក់ថា “ខ្ញុំ​ចង់​ប្រាប់ថា ក្នុងអំឡុង​ចុងឆ្នាំ​នេះ បើសិន​ស្ថានការណ៍​ល្អប្រសើរ​ឡើង ខ្ញុំ​ចង់​ធ្វើដំណើរ​ទៅលេង​ប្រទេស​ចិន ក្នុង​រយៈពេល​ខ្លី​មួយ ដើម្បី​ចាប់ដៃ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង និង​អរគុណ​លោក ដោយ​ខ្លួនឯង ដែល​បានប្រគល់​វ៉ាក់សាំង​មកឱ្យ​យើង”

យ៉ាងណាក្ដី មេដឹកនាំ​ហ្វ៊ី​លី​ពី​ន វ័យ 77ឆ្នាំ រូបនេះ បាន​បដិសេធ​ក្នុង​ទទួលយក​វ៉ាក់សាំង​ជា​មនុស្ស​ដំបូង​គេ ដោយបាន​ផ្ដល់​ហេតុផល​ថា គ្រូពេទ្យ​ប្រចាំ​ខ្លួន​របស់លោក សុំឱ្យ​លោក​រង់ចាំ “វ៉ាក់សាំង​ចិន​ផ្សេងទៀត” ដោយសារតែ​វ៉ាក់សាំង​របស់​ស៊ី​ណូ​វ៉ា​ក់​នេះ មានការ​ណែនាំ​ខាង​គ្លីនិក(ការព្យាបាល) ឱ្យ​ចាក់​ចំពោះតែ​អ្នក​ដែលមាន​អាយុ​ចន្លោះ​ពី 18-59ឆ្នាំ​ប៉ុណ្ណោះ។

លោក​បាន​សារភាពថា លោក​បាន “សម្រេចចិត្ត” ជ្រើសរើស​ចាក់​វ៉ាក់សាំង​មួយ​ទុក​រួចហើយ។

ការ​ថ្លែង​របស់លោក​ឌូ​តឺ​តេ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាព​មិនសូវ​ជឿជាក់​លើ​វ៉ាក់សាំង​នៅក្នុង​ក្រុម​ប្រជាជន​ហ្វ៊ី​លី​ពី​ន ដោយ​លទ្ធផល​ស្ទង់​មតិយោបល់ បាន​រកឃើញថា មាន​ប្រជាជន​ហ្វ៊ី​លី​ពី​ន​មិន​ដល់ 1នាក់​ផង ក្នុងចំណោម 3នាក់ ដែល​ពេញចិត្ត​ចាក់​វ៉ាក់សាំង​នៅពេលនេះ ដោយសារតែ​ភ័យខ្លាច កើត​ផលប៉ះពាល់។

រដ្ឋបាល​ហ្វ៊ី​លី​ពី​ន មាន​ផែនការ​ក្នុង​ការចាក់​វ៉ាក់សាំង​ឱ្យ​ធនធានមនុស្ស​ខាង​វេជ្ជសាស្ត្រ ប៉ូលិស និង​ទាហាន​មុនគេ និង​បានធ្វើ​កិច្ចសន្យា​បញ្ជា​ទិញ​វ៉ាក់សាំង​ជាមួយ​អ្នក​ផលិត​ជាច្រើន​ក្រុមហ៊ុន​ទៀត ដោយ​ដាក់​គោលដៅ សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ឱ្យ​ប្រជាពលរដ្ឋ ចំនួន 70លាន​នាក់។

ប្រទេស​ហ្វ៊ី​លី​ពី​ន បានទទួល​វ៉ាក់សាំង 1ឈុត​ដំបូង​នេះ យឺត​ជាង​បណ្ដា​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ាន ដែល​ធ្វើឱ្យ​ភាគី​ជាច្រើន​ព្រួយបារម្ភ​ថា ការស្ដារ​សេដ្ឋកិច្ច ដែល​ធ្លាក់ចុះ​ជា​ប្រវត្តិសាស្ត្រ ដោយសារតែ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ-19នេះ អាច​នឹង​យឺតយ៉ាវ​ទៅតាម​នោះដែរ។

លោក​ឌូ​តឺ​តេ បាន​ថ្លែង​បញ្ជាក់ថា “អ្វីដែល​លោកអ្នក​មើលឃើញ​ក្នុងថ្ងៃនេះ គឺ​វ៉ាក់សាំង​ដែល​យើង​បានទទួល​ពី​ការបរិច្ចាគ និង​បញ្ហា ក៏​គឺ គ្រប់ៗប្រទេស សុទ្ធតែ​នាំគ្នា​ព្យាយាម​ប្រមូល​ទិញ​វ៉ាក់សាំង​ទាំងអស់…រហូត​ទាល់តែ​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ ដូច្នេះ ប្រហែលជា​យើង​ត្រូវ​នាំគ្នា​រង់ចាំ​បន្តិចទៀត”

មេដឹកនាំ​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន​រូបនេះ បាន​សន្យាថា នឹង​បន្ធូរបន្ថយ​ការកម្រិត​ខាង​សង្គម​កាន់តែ​ច្រើនឡើង ដើម្បី​ជំរុញ​សេដ្ឋកិច្ច តែ​ត្រូវ​រង់ចាំ រហូត​ទាល់​តែមាន​វ៉ាក់សាំង​ប្រើ​ច្រើនជាង​នេះ​សិន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter, Inquirer
ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

Advertisement