ជប៉ុន ចាប់ផ្ដើម​ហើយ! ចាក់​វ៉ាក់សាំង​កូ​វីដ-19 បើកឆាក​ដោយ​បុគ្គលិក​សុខភាព​សាធារណៈ

ជប៉ុន ចាប់ផ្ដើម​គ្រោងការ​វ៉ាក់សាំង-19 ហើយ នៅ​ថ្ងៃ​ពុធ (ទី17កុម្ភៈ)ម្សិលមិញ ដោយ​ការចាក់​វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ ឱ្យ​បណ្ដា​បុគ្គលិក​របស់​មន្ទីរពេទ្យ​តូ​ក្យូ ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ង៉ៈ ព្យាយាម​យកឈ្នះ​លើ​ស្ថានការណ៍​ការឆ្លង​រាលដាល មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក ក្នុង​រដូវក្ដៅ​នេះ។

ស្ថានីយទូរទស្សន៍​ក្នុង​តំបន់ បាន​ផ្សព្វផ្សាយ រូបភាព​បណ្ដា​បុគ្គលិក​របស់​មន្ទីរពេទ្យ ដែល​កំពុង​ចូល​ទទួល​ការចាក់​វ៉ាក់សាំង ដោយ​ពួកគេ គឺជា​មនុស្ស

1ក្រុម ក្នុងចំណោម​ធនធានមនុស្ស​ផ្នែក​សុខាភិបាល 40,000នាក់ ដែលជា​គោលដៅ ក្នុងការ​បានទទួល​វ៉ាក់សាំង​កូ​វីដ-19 ដំបូងៗគេ។

ការចាក់​វ៉ាក់សាំង​កូ​វីដ-19 ឱ្យ​ប្រជាជន 126លាន​នាក់ របស់​ប្រទេស​ជប៉ុន​យ៉ាង​ឆាប់រហ័ស បាន​ក្លាយជា​គោលដៅ​សំខាន់​ខ្លាំង​បំផុត របស់​រដ្ឋបាល​លោកនាយក​រដ្ឋមន្ត្រី ស៊ូ​ង៉ៈ ដោយសារតែ​ព្រឹត្តិការណ៍​អូឡាំពិក ហ្គេម​ស៍ ដែល​ទីក្រុង​តូ​ក្យូ ធ្វើជា​ម្ចាស់ផ្ទះ នឹងមាន​កំណត់​ចាប់​ផ្ដើមឡើង ក្នុងអំឡុង​ចុងខែ​កក្កដា ក្រោយពី​បាន​ពន្យារពេល​កាលពី​ឆ្នាំទៅ។

ទោះជា​ដូច្នេះ​មែន ទម្រាំ​តែ​គ្រោង​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន នឹង​រួចរាល់​ស្រេចបាច់ និង​ចប់​ជា​ស្ថាពរ គេ​សន្និដ្ឋានថា ប្រហែលជា​ត្រូវ​ប្រើពេល​វេលា​យូរ​ដល់​ទៅ​រាប់​ឆ្នាំ ដោយ​ក្នុង​រយៈពេលដំបូងៗ គឺជា​ការ​ចាក់ឱ្យ​ធនធានមនុស្ស​ខាង​សុខាភិបាល ប្រមាណ​ជា 3.7លាន​នាក់ និង​មនុស្ស​ចាស់ អាយុ 65ឆ្នាំ​ឡើងទៅ ប្រមាណ​ជា 36លាន​នាក់។

តែ​យ៉ាងណាក៏ដោយ ប្រទេស​ជប៉ុន អាច​ជួបប្រទះ​នឹង​បញ្ហា​រអាក់រអួល​មួយចំនួន ដោយសារ​មាន​ក្ដីកង្វល់​ថា អាច​នឹង​ខាតបង់​ដោយ​ឥតប្រយោជន៍ នូវ​វ៉ាក់សាំង​របស់​ហ្វៃ​ហ្ស៊ើ​រ ចំនួន​ច្រើន​លាន​ដូ​ស ដោយសារតែ​ខ្វះខាត​សេ​រ៉ាំ​ង និង​ម្ជុលចាក់​ថ្នាំ ដែល​ចាំបាច់​សម្រាប់​ការបែងចែក​វ៉ាក់សាំង​ផ្ទុក​ក្នុង​ដប ចេញ​ជា​ដូ​សនីមួយ។

កាលពី​អំឡុង​ចុងខែ​មករា មាន​របាយការណ៍​ថា ហ្វ៉ៃ​ហ្ស៊ើ​រ បាន​ពិចារណា​កែសម្រួល បរិមាត្រ​ការប្រើ​វ៉ាក់សាំង​ផ្ទុក​ក្នុង​ដប ដែល​ពីមុន ឱ្យ​ចាក់​បាន ក្នុង 1ដប 5ដូ​ស មកជា 6ដូ​ស និង​ចាំបាច់​ត្រូវ​ប្រើ​ម្ជុលចាក់​ថ្នាំ​ថ្មី ដើម្បីឱ្យ​ត្រូវ​គ្នា​ទៀតផង​ដែរ។

កាលពីមុន​ពេលនេះ វ៉ាក់សាំង​ដែល​ហ្វ៉ៃ​ហ្ស៊ើ​រ អភិវឌ្ឍ​រួមជាមួយ បៃ​អូ​អេ​ន​ថេ​ក ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ថា ចាក់​បាន 5ដូ​ស ក្នុង 1ដប ដោយ​នៅពេលដែល​ត្រូវ​ធ្វើឱ្យ​រលាយ​ហើយ ក្នុង​ដបនីមួយៗ នឹងត្រូវ​បន្សាប​ដោយ​ទឹក​សេរ៉ូម ក្នុង​បរិមាត្រ 1.8មី​ល្លី​លិ​ត្រ ធ្វើឱ្យ​វ៉ាក់សាំង ក្រោយពេល​ផ្សំ​រួច មាន​បរិមាត្រ 2.25មី​ល្លី​លិ​ត្រ និង​បែងចែក​ចាក់ ក្នុង 1ដូ​ស 0.3មី​ល្លី​លិ​ត្រ ដែល​ក្នុង​ខាង​ទ្រឹស្ដី​វិញ អាច​ចាក់​បាន​លើស 7ដូ​ស​ឯណោះ។

តែ​ទ្រឹស្ដី ជាមួយ​ការប្រតិបត្តិ វា​ខុសប្លែក​ពីគ្នា ព្រោះ​បុគ្គលិក​សុខាភិបាល មិនអាច​គណនា​បរិមាត្រ​ថ្នាំ បាន​យ៉ាង​ត្រូវចំប៉ាច់ៗ ក្នុងការ​ធ្វើឱ្យ​គ្រប់ 7ដូ​ស​ដើម្បី​ចាក់​ឱ្យបាន​គ្រប់​ចំនួន​មនុស្ស​ឡើយ និង​ទោះជា​ដូច្នេះ​មែន បើសិន​ជាមាន​ឧបករណ៍​ដែល​ស័ក្តិសម ពួកគេ​អាច​ចាក់​បាន​ក្នុង​ចំនួន 6ដង ដោយ​បរិមាណ​ដែល​គួរឱ្យ​ជឿជាក់​បាន។

ប្រទេស​ជប៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យាផ្សេងៗ សម្រាប់​ការបញ្ជាទិញ​វ៉ាក់សាំង​កូ​វីដ-19 សរុប​ទាំងអស់​ជាង 314លាន​ដូ​ស ពី​ហ្វ៉ៃ​ហ្ស៊ើ​រ, អ៊ែ​ស្ត្រា​ហ្សេ​នេ​កា និង​ម៉ូ​ឌើ​ណា ដែល​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ចំនួន 157លាន​នាក់ ក្នុងខណៈដែល​រហូតមក​ដល់ពេលនេះ ជប៉ុន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 ប្រមាណ​ជា 451,000នាក់ ក្នុងនោះ​មាន​ស្លាប់ 7.013នាក់​រួចហើយ។

ទោះជា​ករណី​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ បាន​ថយចុះ​ក្នុងអំឡុង​ច្រើន​សប្ដាហ៍​កន្លងមក ក្រោយពី​ហក់​ឡើង​ខ្ពស់បំផុត កាលពី​អំឡុង​ដើមខែ​មករា​ក្ដី តែ​ក្រុង​តូ​ក្យូ និង​ខេត្តផ្សេងៗ 9កន្លែង​ទៀត នៅតែ​ស្ថិតក្រោម​ការប្រកាស​ស្ថានការណ៍​អាសន្ន ដើម្បី​ការពារ​ការផ្ទុះ​ឡើងជា​ថ្មី​របស់​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ​ដដែល៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ/អេ​ជេន​ស៊ី
ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

Advertisement