ដំណឹង​ល្អ​! ការ​​រាតត្បាត​​របស់​ កូ​វីដ​-​១៩​ ប្រភេទ​ អូ​មី​ក្រុង​ «បញ្ចប់​​នៅ​ អាហ្វ្រិក​​ខាង​ត្បូង»

រយៈពេល ២ ខែ បន្ទាប់ពី អូ​មី​ក្រុង បានបង្ហាញ​ខ្លួន អ្នកជំនាញ​នៅ អា​ហ្វ្រិ​ខាងត្បូង ជឿជាក់ថា រលក​នៃ​ការឆ្លង​រាលដាល នៃ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង របស់ កូ​វីដ-១៩ បានបញ្ចប់​នៅ​ប្រទេស​នេះ ជាមួយនឹង​ផលប៉ះពាល់ «មិន​ធ្ងន់ធ្ងរ»។

ក្រោយពី​ក្រុម​អ្នកស្រាវជ្រាវ​នៅ អាហ្វ្រិក​ខាងត្បូង បាន​រាយការណ៍​ដល់​ក្រុមមន្ត្រី​សុខាភិបាល​ពិភពលោក​ស្ដីពី វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង កាលពី​ខែវិច្ឆិកា ២០២១ អូ​មី​ក្រុង ក៏បាន​ក្លាយជា​ចំណុចកណ្ដាល​យ៉ាង​ឆាប់រហ័ស​នៃ​ការព្រួយបារម្ភ​នៅ​ទូទាំង​សកលលោក។ អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ពាសពេញ អាហ្វ្រិក​ខាងត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​គួរឱ្យខ្លាច ធ្វើឱ្យ​ប្រទេស​នេះ ក្លាយជា​សម្បុក​វីរុស​ដោ​យ​ចំណាយពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ ក្រោយមក អូ​មី​ក្រុង មិនបាន​បង្កឱ្យមាន​ស្ថានការណ៍​ធ្ងន់ធ្ងរ​ច្រើន​ប៉ុន្មាន​នោះទេ។

យោងតាម CBS ភោជនីយដ្ឋាន​នានា​នៅ​ជាយក្រុង Johannesburg បានចាប់ផ្ដើម​បើក​ដំណើរការ​ធម្មតា​ឡើងវិញ​ចាប់ពី​សប្ដាហ៍​នេះ ខណៈ​ចរាចរណ៍​ក៏​ចាប់ផ្ដើម​ស្ទះ រីឯ​ទីប្រជុំជន​ទាំងឡាយ​ក៏មាន​មនុស្ស​ទៅមក​យ៉ាង​កុះករ។

កាលពី ៦ ខែ​មុន ក្នុងការ​រាតត្បាត​របស់ ដេ​លតា មន្ទីរពេទ្យ​នានា​បាន​ដំណើរការ​យ៉ាង​មមាញឹក និង​លើស​ចំណុះ។ ចំណែក​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​របស់ អូ​មី​ក្រុង ស្ថានភាព​នៅតាម​មន្ទីរពេទ្យ​នានា​មាន​សភាព​ខុសពី​មុន ដោយ​ចំនួន​គ្រែ​ប្រហែល​ពាក់កណ្ដាល​នៅតែ​ទំនេរ ហើយ​មាន​អ្នកជំងឺ​តិចតួច​ណាស់​ដែល​ត្រូវការ​អុកស៊ីសែន ចំណែក​បុគ្គលិក​សុខាភិបាល ក៏​ទទួលរង​សម្ពាធ​តិចជាង​មុន​ឆ្ងាយ​ណាស់។

ទោះជា​យ៉ាងនេះ​ក៏ដោយ វេជ្ជបណ្ឌិត Anthony Fauci ដែលជា​ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ សេត​វិមាន នៃ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១៧ មករា បាន​បញ្ជាក់ថា អូ​មី​ក្រុង គឺជា​សញ្ញា​បញ្ចប់​របស់​ជំងឺ​រាតត្បាត កូ​វីដ-១៩ ឬ​អត់ គឺជា «សំណួរ​មិនទាន់មាន​ចម្លើយ» ដោយ​វា​អាស្រ័យទៅលើ​ស្ថានភាព ថា​តើ នឹងមាន វ៉ា​រ្យ៉​ង់ ថ្មី ដែល​អាច​គេច​ពី​ប្រព័ន្ធ​ប្រតិកម្ម​ភាពស៊ាំ​របស់ វ៉ា​រ្យ៉​ង់ មុនៗដែរ ឬទេ៕

Advertisement