Covid-19! កូរ៉េខាងត្បូង បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការដើរ​ហើរ

ប្រទេស​កូរ៉េខាងត្បូង នា​ថ្ងៃនេះ​បានចាប់ផ្ដើម​បន្ធូរបន្ថយ​លើ​ការកំណត់​មួយចំនួន​ដោយសារ Covid-19 នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ប៉ុន្តែ នៅតែ​រឹតបន្តឹង​លើ​ការជួបជុំ​លក្ខណ​ឯកជន។

ឥរិយាបថ​បែបនេះ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​នាយកដ្ឋាន​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង (KDCA) បាន​រាយការណ៍​ថា តួលេខ​អ្នក​ឆ្លង​ថ្មី​បាន​ថយចុះ​ពី 400 ករណី​មុន​ចូលឆ្នាំ​ចិន មក​នៅត្រឹម 344 ករណី គិត​ត្រឹម​ពាក់កណ្ដាល​យប់​នៃ​ថ្ងៃទី 14 កុម្ភៈ។

យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Kwon Deok-cheol បាន​ព្រមាន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈដែល​សម្បុក​វីរុស​នៅ​រដ្ឋធានី​សេ​អ៊ូ​ល និង​តំបន់​ក្បែរ​ខាង​មិនទាន់​ត្រូវបាន​គ្រប់គ្រង។

គោលនយោបាយ​បន្ធូរបន្ថយ​ខាងលើនេះ ត្រូវធ្វើឡើង​នៅ Sudogwon ដែលមាន​តំបន់​ក្រុង​ចំនួន​ពីរ រួមមាន សេ​អ៊ូ​ល និង Incheon រួម​នឹង​បណ្ដា​ទីក្រុង​រណប​មួយចំនួនទៀត នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 15 នេះ​តទៅ។ ម៉ោង​ដែល​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​បំរាម​គោចរ​សម្រាប់​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ត្រូវបាន​ប្ដូរ​ពី​ម៉ោង 21យប់ ទៅ​ម៉ោង 22យប់។ បារ និង​ក្លឹប​រាត្រី​ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ ប៉ុន្តែ​ត្រូវគោរព​ទៅតាម​ម៉ោង​ដែល​ត្រូវ​ហាមឃាត់ គឺ​ម៉ោង 10 យប់ ចំណែក​ចំនួន​ភ្ញៀវ​ក៏ត្រូវ​បានកំណត់។ បំរាម​គោចរ​ត្រូវបាន​លើកលែង​ចំពោះ​រោងកុន ហាង​អ៊ី​ន​ធើ​ណិ​ត មជ្ឈមណ្ឌល​បង្រៀន​លើ​ការត្រៀម​ប្រលង ឧទ្យាន​កំសាន្ត ផ្សារ​ទំនើបធំៗ និង​ហាង​ធ្វើ​សក់។

នៅ​ខាងក្រៅ Sudogwon អាជីវកម្ម​ទាំងឡាយ​មិនត្រូវ​បាន​បង្ខំ​ឱ្យធ្វើតាម​បំរាម​គោចរ​នោះទេ។ ចំនួន​អ្នក​មកកាន់​វិហារ និង​អ្នកចូលរួម​ព្រឹត្តិការណ៍​កីឡា​នៅតែ​ត្រូវបាន​រឹតបន្តឹង ប៉ុន្តែ ការកំណត់​ត្រូវបាន​បន្ធូរបន្ថយ។ ចំណែក​ការហាម​មិនឱ្យ​ជួបជុំ​ក្នុងផ្ទះ​លើសពី 4 នាក់ នៅតែ​ត្រូវបាន​អនុវត្ត​នៅ​ទូទាំងប្រទេស​ដដែល។

គិត​មកដល់​បច្ចុប្បន្ន កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 83,869 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 1,527 នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង 73,000 នាក់ ខណៈ​អ្នក​កំពុង​វិជ្ជមាន មាន​ចំនួន 8,548នាក់៕

ប្រភព៖ Reuters

Advertisement