វៀតណាម​​បាន​បញ្ចប់​ការធ្វើ​តេស្ត​លើ​មនុស្ស​ដំណាក់កាល​ទីមួយ​ដោយ​ជោគជ័យ ចំពោះ​វ៉ាក់សាំង Covid-19 ឈ្មោះ Nano Covax

វៀតណាម​៖ ជំហាន​ដំបូង​បង្ហាញថា វ៉ាក់សាំង Nano Covax មាន​សុ​វត្ថុ​ភាព បង្កើត​ប្រតិកម្ម​ប្រឆាំងនឹង​វីរុស​បានល្អ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង Covid-19 សូម្បីតែ​ប្រភេទ​ក្លាយ​ពូជ​ថ្មី​របស់​វីរុស​នេះ។

ព័ត៌មាន​ពី​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​យោធា​បានឱ្យដឹងថា អង្គភាព​នេះ​ទើបតែ​បានបញ្ចប់​ការធ្វើ​តេស្ត​វ៉ាក់សាំង​លើ​មនុស្ស​​​នៅ​ក្នុង​ដំណាក់​កាល​​ដំបូង​ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង Nano Covax ចំនួន 120 ម្ជុល​ទៅឱ្យ​អ្នកស្ម័គ្រចិត្ត​ចំនួន 60 នាក់។

ក្រុម​អ្នកជំនាញ​បាន​វាយតម្លៃថា ជំហាន​ដំបូង​បង្ហាញថា វ៉ាក់សាំង Nano Covax នេះ មាន​សុវត្ថិភាព បង្កើត​ប្រតិកម្ម​ប្រឆាំងនឹង​វីរុស​បានល្អ និង​មាន​ប្រសិទ្ធភាព​ចំពោះ​វីរុស Covid-19 ក្នុងនោះ​បូករួម​ទាំង​វីរុស Covid-19 ប្រភេទ​ក្លាយ​ពូជ​ផងដែរ។ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង ក្រុម​អ្នកស្ម័គ្រចិត្ត សុទ្ធ​តែមាន​សុខភាព​ល្អ ដោយមាន​ករណី​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលមាន​អាការ​ឈឺ​ត្រង់​កន្លែង​ចាក់ ក្ដៅខ្លួនស្ទេញៗ ប៉ុន្តែ​បាន​បាត់​ទៅវិញ​ក្រោយ​រយៈពេល​ពី 1-2 ថ្ងៃ។

វិទ្យាស្ថាន​វេជ្ជសាស្ត្រ​យោធា​វៀតណាម កំពុងតែបន្ត​ប្រមូល​ទិន្នន័យ​ដើម្បី​ធ្វើ​របាយការណ៍​ជូន​ក្រសួងសុខាភិបាល។ តាម​គម្រោង ក្រោយ​បុណ្យចូលឆ្នាំ​ចិន ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​និង​សីលធម៌​ជីវ​វេជ្ជសាស្ត្រ រួម​នឹង​ក្រសួងសុខាភិបាល​នឹង​ជួបប្រជុំគ្នា​ដើម្បី​វាយតម្លៃ​លើ​វ៉ាក់សាំង​ខាងលើ មុនពេល​អនុម័ត​ឱ្យធ្វើ​តេស្ត​លើ​មនុស្ស​ដំណាក់​ទី​ពីរ។

ដំណាក់កាល​ទី​ពីរ​នឹងធ្វើ​តេស្ត​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន 560 នាក់ ដោយ​ប្រើពេល 6 ខែ ខណៈដែល​ដំណាក់កាល​ទី​បី​នឹង​ពិសោធ​លើ​មនុស្ស​ចំនួន​ជាង 10,000 នាក់ នៅតាម​បណ្ដា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ច្រើន ហើយ​ដំណាក់កាល​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ដើមឆ្នាំ 2022។

Nano Covax គឺជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ដំបូង​គេ​របស់​វៀតណាម ដែល​ត្រូវបាន​ធ្វើតេស្ត​នៅលើ​មនុស្ស ក្នុងនោះ វ៉ាក់សាំង​ម្ជុល​ដំបូង​ត្រូវបាន​ចាក់​កាលពី​ថ្ងៃទី 17 ធ្នូ ឆ្នាំ 2020។

លោក Nguyen Thanh Long រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម កាលពី​ថ្ងៃទី 5 កុម្ភៈ បាន​ថ្លែងថា បច្ចុប្បន្ន វ៉ាក់សាំង Nano Covax របស់​ក្រុមហ៊ុន Nanogen បាន​ឆ្លង​ផុត​ដំណាក់កាល​ទីមួយ​នៃ​ការធ្វើ​តេស្ត​លើ​មនុស្ស និង​ត្រៀម​ចូល​ដំណាក់កាល​ទី​ពីរ។

ក្រៅពី Nanogen វៀតណាម​ក៏មាន​ក្រុមហ៊ុន​មួយចំនួនទៀត​ដែល​កំពុង​ពិសោធ​វ៉ាក់សាំង​ប្រឆាំង Covid-19 មានដូចជា ក្រុមហ៊ុន IVAC និង ក្រុមហ៊ុន​VABIOTEC ជាដើម។

គិតដល់​ខែមិថុនា ឆ្នាំ 2021 វៀតណាម​នឹងមាន​វ៉ាក់សាំង Covid-19 ប្រមាណ 30 លាន​ដូ​ស​ដើម្បី​ចាក់ឱ្យ​ពលរដ្ឋ។ ជាង​នេះ វៀតណាម​ក៏​កំពុងតែ​ស្វែងរក​ជាវ​វ៉ាក់សាំង​ពី​បរទេស ដើម្បី​បង្កើន​ចំនួន​នៃ​ប្រភព​ផ្គត់ផ្គង់។ តាម​គម្រោង វ៉ាក់សាំង Covid-19 ឈុត​ដំបូង​ដែល​វៀតណាម​បាន​បញ្ជា​ទិញ​ពី AstraZeneca នឹង​មកដល់​ប្រទេស​នេះ​នៅ​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា​2021៕

Advertisement