តំណាងរាស្ត្រ​អាមេរិក​ដំបូង​គេ​ដែល​ស្លាប់​ដោយសារ Covid-19

តំណាងរាស្ត្រ​មកពី​បក្ស​សាធារណរដ្ឋ លោក Ron Wright វ័យ 67 ឆ្នាំ បាន​បាត់​បង់ជីវិត​នៅពេល​កំពុង​ព្យាបាល Covid-19 ដែល​នេះ​គឺជា​តំណាងរាស្ត្រ​កំពុងកាន់​តំណែង​ដំបូង​គេ​ដែល​ស្លាប់​ដោយសារ​វីរុស Covid-19 នៅ​សហរដ្ឋអាមេរិក។

ការិយាល័យ​របស់លោក Wright តំណាងរាស្ត្រ​មកពី​រដ្ឋ Texas បានឱ្យដឹងថា តំណាងរាស្ត្រ​រូបនេះ​បានទទួល​មរណភាព​កាលពី​ថ្ងៃទី 7 កុម្ភៈ នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Dallas ជា​កន្លែង​ដែល​លោក និង​ភរិយា​កំពុង​ទទួល​ការព្យាបាល​ជំងឺ Covid-19។

លោក Wright កាលពី​ថ្ងៃទី 27 មករា បានប្រកាសថា លោក​ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ប៉ុន្តែ​មាន​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។ យ៉ាងនេះ​ក្ដី ស្ថានភាព​របស់លោក​កាន់តែ​ដុនដាបឡើងៗ ហើយ​លោក​ក៏ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រយៈពេល 2 សប្ដាហ៍។

លោក Joe Biden បាន​ហៅ​លោក Wright ថា​ជា «អ្នក​ចម្បាំង​ដ៏​ក្លាយ​ហាន ដែល​បាន​ទប់ទល់​ទាំង​ជំងឺមហារីក ទាំង​ជំងឺ Covid-19» និង​បានប្រកាស​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព​ផងដែរ។

លោក Ron Wright បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​តាំងពី​ឆ្នាំ 2018 និង​មាន​កៅអី​នៅក្នុង​គណៈកម្មការ​កិច្ចការបរទេស អប់រំ និង​ពលកម្ម​របស់​សភា​ជាន់​ទាប​ផងដែរ។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ 2020 តំណាងរាស្ត្រ​ដែល​ទើបតែ​បាន​ជាប់ឆ្នោត​នៅ​សភា​ជាន់​ទាប លោក Luke Letlow អាយុ 41 ឆ្នាំ ក៏បាន​បាត់បង់​ជីវិត​ដោយសារ Covid-19 នៅមុន​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

សហរដ្ឋអាមេរិក គិត​មកដល់​ព្រឹក​ថ្ងៃទី 9 កុម្ភៈ​នេះ មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន​ជាង 27 លាន​នាក់ ក្នុងនោះ​មាន​ជាង 476,000 នាក់​បាន​ស្លាប់៕

ប្រភព៖ AFP

Advertisement