អាហ្វ្រិក​ខាងត្បូង​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca

ក្រុមមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បានឱ្យដឹងថា កំពុងតែ​ផ្អាក​ការ​ចែកចាយ​វ៉ាក់សាំង AstraZeneca បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​នៅ​ចំពោះមុខ Covid-19 ក្លាយ​ពូជ​ថ្មី។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 7 កុម្ភៈ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង វេជ្ជបណ្ឌិត Zweli Mkhize បាន​ថ្លែងថា នេះ​គឺជា​ការសម្រេចចិត្ត​ជាប​ណ្ដោះ​អាសន្ន​នៅក្នុងពេល​រង់ចាំ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំណត់​បាន​នូវ​វិធីសាស្ត្រ​ថ្មី​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ឱ្យមាន​ប្រសិទ្ធភាព​បំផុត។ លោក Zweli Mkhize បាន​បញ្ជាក់​ថា ​ប្រទេស​​នេះ​​នឹង​​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​របស់ Pfizer/BioNTech និង Johnson & Johnson។

របាយការណ៍​ដំបូង​ដែល​ត្រូវ​បានប្រកាស​ក្នុង​ថ្ងៃ​ដដែល​នោះបាន​បង្ហាញថា វ៉ាក់សាំង Oxford/AstraZeneca ​មាន​​ប្រសិទ្ធ​ភាព​​កម្រិត​ទាប និង​មធ្យម​នៅ​ចំពោះមុខ Covid-19 ក្លាយ​ពូជ​នៅ​ទ្វីបអាហ្វ្រិក។

ការស្រាវជ្រាវ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅលើ​អ្នកស្ម័គ្រចិត្ត​ប្រមាណ 2,000 នាក់ ដែលមាន​វ័យ​ជា​មធ្យម 31 ឆ្នាំ ក្នុងនោះ​មាន​ពាក់កណ្ដាល​ត្រូវបាន​ចាក់​វ៉ាក់សាំង Oxford/AstraZeneca និង​ពាក់កណ្ដាល​ទៀត​ចាក់​វ៉ាក់សាំង​ផ្លា​សេ​បូ (placebo) ដែលជា​ថ្នាំ​មិនមាន​សារធាតុ​សកម្ម/គ្មាន​ប្រសិទ្ធភាព។

ការសិក្សា​ស្រាវជ្រាវ​ខាងលើ ត្រូវបាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Witwatersrand របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង រួម​នឹង​សាកល​វិទ្យា Oxford និង​ត្រូវ​បានប្រកាស​នៅលើ​ទំព័រសារព័ត៌មាន។ លទ្ធផល​ត្រូវបាន​បញ្ជូន​ទៅកាន់​ថ្នាក់លើ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​វា​នឹងត្រូវ​បានប្រកាស​ជា​ផ្លូវការ​ជា​លាយលក្ខណ៍អក្សរ​នៅពេលឆាប់ៗខាងមុខ៕

ប្រភព៖ CNN

Advertisement