ប​ង្រា​ប​ទីតាំង​ផលិត​វ៉ាក់សាំង Covid-19 ក្លែងក្លាយ ដែល​ធ្វើឡើង​អំពី​ទឹកអំបិល និង​លក់​ក្នុងតម្លៃ​ខ្ពស់

មនុស្ស​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​ក្រុមប៉ូលិស​ចិន​បាន​ឆ្មក់​ចូល​ប​ង្រា​ប​ទីតាំង​មួយចំនួន​ដែល​ផលិត និង​លក់​វ៉ាក់សាំង Covid-19 ក្លែងក្លាយ។

ក្រុម​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ បាន និង​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំង Covid-19 ក្លែងក្លាយ​ដែល​ធ្វើឡើង​អំពី​ទឹកអំបិល និង​លក់​ក្នុងតម្លៃ​ខ្ពស់។ សារព័ត៌មាន RT បានឱ្យដឹងថា ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​បាន​បង្ហើ​ប​ឱ្យដឹងថា បណ្ដាញ​ផលិត​វ៉ាក់សាំង​ល្មើសច្បាប់​ទាំងនេះ​បានធ្វើ​សកម្មភាព​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ។

ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​លើ​ទីតាំង​ល្មើសច្បាប់​មួយចំនួន​នៅ​រដ្ឋធានី​ប៉េកាំង ក៏ដូចជា​នៅក្នុង​ខេត្ត​ចំនួន​ពីរ​ទៀត​គឺ Jiangsu និង Shandong ហើយ​ក៏បាន​ឈានដល់​ការចាប់ខ្លួន​មនុស្ស​ចំនួន 80 នាក់ និង​រឹបអូស​បាន​បំពង់​ថ្នាំ​ប្រហែល 3,000 បំពង់​ដែល​ផ្ទុក​ពេញ​ដោយ​ទឹកអំបិល។ ក្រុមប៉ូលិស​ក៏បាន​រកឃើញ​ទីតាំង​មួយចំនួន​ដែល​ផលិត និង​លក់​វ៉ាក់សាំង​ក្លែងក្លាយ​នេះដែរ។

ក្រុម​ជនល្មើស​ទាំងនេះ ត្រូវបាន​គេ​ជៀ​ថា រកបាន​ប្រាក់​យ៉ាងច្រើន​សន្ធឹក​ពី​ការលក់​ទឹកអំបិល​ដែល​ក្លាយជា​វ៉ាក់សាំង ក្នុងតម្លៃ​ខ្ពស់កប់ពពក។

ប្រទេស​ចិន​បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​រដ្ឋ Sinovac និង Sinopharm សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 នៅ​ទូទាំងប្រទេស​ដោយ​ចាប់ផ្ដើម​ពី​ខែមករា។ ក្រុមហ៊ុន​ទាំងពីរ​ខាងលើនេះ ដំបូង​ឡើយ បានឱ្យដឹងថា វ៉ាក់សាំង​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ជាង 78% ប៉ុន្តែ ក្នុងការ​ពិសោធន៍​នានា​ក្នុងដំណាក់កាល​ចុងក្រោយ​ចំពោះ​បេក្ខភាព​វ៉ាក់សាំង Sinovac នៅ​ប្រេ​ស៊ី​ល បាន​បង្ហាញថា វា​មាន​ប្រសិទ្ធភាព​តែ 50.38% ប៉ុណ្ណោះ។

តាម​ការ​ស្រង់​ស្ថិតិ គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង Covid-19 ប្រមាណ​ជា 24 លាន​ដូ​ស​ត្រូវបាន​ប្រើប្រាស់​នៅ​ប្រទេស​ចិន។ ប្រទេស​នេះ​សង្ឃឹមថា នឹង​អាច​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​បាន​ចំនួន 50 លាន​នាក់ មុននឹង​ចាប់ផ្ដើម​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ៕

ប្រភព​៖ CNN

Advertisement