ឥណ្ឌូនេស៊ី​បានទទួល​វ៉ាក់សាំង Covid-​19 Sinovac ចំនួន 15លាន​ដូ​ស​បន្ថែមទៀត

ឥណ្ឌូនេស៊ី​បានទទួល​វ៉ាក់សាំង Covid-19 វគ្គ​ទី​បី ពី​ក្រុមហ៊ុន Sinovac Biotech របស់​ប្រទេស​ចិន បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​ចាប់ផ្ដើម​ធ្វើ​ឡើង​បាន​មួយថ្ងៃ។

វ៉ាក់សាំង Sinovac វគ្គ​ទី​បី ដែលមាន 15 លាន​ដូ​ស​នេះ ត្រូវបាន​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ Soekarno-Hatta ជាយក្រុង Jakarta កាលពី​ថ្ងៃទី 12 មករា​កន្លងទៅ។ មុននេះ ឥណ្ឌូនេស៊ី​ក៏បាន​ទទួល​វ៉ាក់សាំង​ចំនួន 1.2 លាន​ដូ​ស​កាលពី​ថ្ងៃទី 6 ធ្នូ 2020 និង 1.8 លាន​ដូ​ស​ទៀត​កាលពី​ថ្ងៃទី 31 ខែធ្នូ 2020។

ក្រសួងសុខាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា បច្ចុប្បន្ន​មាន​អ្នកជំងឺ Covid-19 ចំនួន​ជាង 123,000 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

មុននេះ កាលពី​ថ្ងៃទី 11 មករា ការិយាល័យ​គ្រប់គ្រង​អាហារ និង​ឱសថ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី (BPOM) បានផ្ដល់​វិញ្ញ​ប​នប​ត្រ​អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទាន់​ចំពោះ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​នៃ​ការប្រើប្រាស់​សាកល្បង​ក្នុងដំណាក់កាល​ចុងក្រោយ​នៅក្នុង​ស្រុក Bandung ខេត្ត Java ខាងលិច​នៃ​ប្រទេស​នេះ បង្ហាញថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព 65.3% ទាប​ជាង​បើ​ធៀប​នឹង 91.24% និង 78% ដែល​ត្រូវបាន​ប្រទេស​ទួរគី និង​ប្រេ​ស៊ី​ល​លើកឡើង ប៉ុន្តែ​ក៏​នៅតែ​ខ្ពស់ជាង​បើ​ធៀប​នឹង 50% របស់​អង្គការ​សុខភាព​ពិភពលោក។

កាលពី​ថ្ងៃទី 11 មករា ក្រុមប្រឹក្សា​អ៊ីស្លាម​សាសនា Ulema Indonesia (MUI) ក៏បាន​ទួល​ស្គាល់​ថា វ៉ាក់សាំង Sinovac បាន​ឆ្លើយតប​នឹង​ស្ដង់ដា halal និង​បាន​អនុញ្ញាតឱ្យ​អ៊ីស្លាម​សាសនិក​ប្រើប្រាស់។ EUA របស់ BPOM និង fatwa របស់ MUI បាន​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចាប់ផ្ដើម​ដំណើរការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី 13 មករា​នេះ។

តាម​គម្រោង ប្រធានាធិបតី Joko Widodo នឹង​ជា​អ្នក​ដំបូង​គេ​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង Sinovac នៅក្នុង​ពិធី​មួយ​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ក្នុង​បំណង​លើកទឹកចិត្ត​ដល់​ប្រជាជន​ក្នុងការ​ទទួលយក​វ៉ាក់សាំង​នេះ។ បន្ទាប់ពី​លោក Joko Widodo បុគ្គលិក​សុខាភិបាល​ចំនួន 1.3 លាន​នាក់​នឹង​ទទួលបាន​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង Covid-19 ក្នុងដំណាក់កាល​ដំបូង។ ដំណាក់កាល​ទី​ពីរ​នឹង​ត្រូវបាន​ចាក់​ជូន​បុគ្គលិក​ជួរមុខ​ចំនួន 21.5 លាន​នាក់​ផ្សេងទៀត រួម​នឹង​ក្រុមមនុស្ស​ដែលមាន​វ័យ​ចាប់ពី 60 ឆ្នាំ​ឡើងទៅ។ បន្ទាប់មកទៀត ពលរដ្ឋ 63.9 លាន​នាក់​នៅ​តំបន់​ងាយ​រងគ្រោះ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​ក្នុង​ដំណាក់​ទី​បី៕

ប្រភព៖ Jakartapost

Advertisement