សុខភាពផ្លូវចិត្ត ៈ ខាងក្រោមនេះ គឺអ្វីដែលអ្នកមានសេចក្តីសុខ តែងធ្វើក្នុង 5នាទីដំបូង ពេលភ្ញាក់ពីគេង

តើសេចក្តីសុខនៅទីណា? អ្នកណាៗក៏ចង់ដឹងដែរ ចុះមិត្តអ្នកអានវិញ គិតថា រាល់ថ្ងៃនេះខ្លួនឯងមានសេចក្តីសុខក្នុងកម្រិតណាដែរ? ឥឡូវនេះ យើងនាំគ្នាមកមើលពីកិច្ចការងារដែលអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តប្រាប់ថា បើមិត្តអ្នកអានជាមនុស្សដែលមាន​សេចក្តី​សុខ មិត្តអ្នកអាននឹងធ្វើនូវរឿងខាងក្រោមនេះក្នុងពេល 5 នាទីដំបូងចាប់ពីពេលភ្ញាក់ឡើងនៅពេលព្រឹក។

-នាឡិការោទ៍មិនឃើញចាំបាច់អីជាមួយជីវិតសោះ (ខ្ញុំអាចភ្ញាក់ដោយខ្លួនឯងបានយ៉ាងស្រួល)

បើលោកអ្នកចាំបាច់ត្រូវភ្ញាក់ដោយសារនាឡិការោទ៍ដាស់នោះ សូមប្រាប់ទៅចុះថា យ៉ាងណាក៏លោកអ្នកប្រហែលជាមិនមែន​ជាមនុស្ស ដែលមានសេចក្តីសុខយ៉ាងពិតប្រាកដនោះទេ។ ដោយសារតែលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ បានអះអាង​ហើយថា ការរំកិលម៉ោងរោទ៍ទៅមុខបន្តិច ដើម្បីឱ្យបានគេងបន្តបន្តិចទៀតនោះ រឹតតែធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ទន់ល្វើយខ្លាំងជាងមុន​ទៅ​ទៀត។ ព្រោះថា សភាវក្រោយពេលត្រូវដាស់ដោយសំឡេងនាឡិកាហើយនោះ រាងកាយនឹងត្រូវបានធ្វើឱ្យភ្ញាក់ឡើងដោយខ្លួនឯងជាធម្មជាតិរួចទៅហើយ ដូច្នោះដែលគិតថា បានគេងតបន្តិចទៀតយ៉ាងសប្បាយនោះ ការពិតវិញ វាជាសភាវស្ទើរភ្ញាក់ស្ទើរលក់ ស្រដៀងៗនឹងសភាវអត់ងងុយ ដែលនឹងនាំលោកអ្នកឆ្ពោះទៅរកជំងឺគេងលក់មិនពេញលេញនៅពេលក្រោយទៅវិញទេ។ ប៉ុន្តែ បើលោកអ្នកអាច​ភ្ញាក់ដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងសំឡេងនាឡិការោទ៍ នោះ គឺមានន័យស្មើនឹងបានគេចផុតពីសភាវសុខភាពនៃការគេងលក់មិនបានពេញលេញ និងជំរុញឱ្យរាងកាយមានអារម្មណ៍ស្វាហាប់ទៀតផង។

-នឹកសរសើរខ្លួនឯងតាំងពីព្រឹក (វ៉ាវ! ខ្ញុំនេះពិតជាអស្ចារ្យមែននៅលើប្រឹថពីនេះ!!)

ចាប់ផ្តើមថ្ងៃថ្មីដោយការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង មិនថាតែការកោតសរសើរខ្លួនឯង ឬសូម្បីតែបានដឹង ឬបានឃើញពីអ្វីដែលល្អៗ វានឹងក្លាយជាថ្ងៃល្អៗមួយ ដែលមានអារម្មណ៍ថា ស្រឡះភ្លឺថ្លា និងត្រៀមជាស្រេចដើម្បីទប់ទល់គ្រប់ស្ថានការណ៍…បើយ៉ាងនេះហើយ តើនរណាទប់មិនញញឹមបាន?។

-បន្ថែមភាពស្រស់ស្រាយដោយការងូតទឹក (អីយ៉ា! ខ្លួនខ្ញុំក្រអូបប្រហើរតែម្តង…)

នៅក្នុងផ្នែកចិត្តវិទ្យា ការងូតទឹក គឺជាវិធីធ្វើសមាធិដ៏ល្អមួយ ដែលបើកឱកាសឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយ និងថែមទាំងភ្លេចៗខ្លួន ការស្ថិតនៅក្នុងបន្ទប់ទឹកតែម្នាក់ឯងនេះ អាចនឹងជួយឱ្យអ្នកនឹកដល់សេចក្តីសុខចាស់ៗពីមុនមកក៏អាចថា​បានដែរ។ យ៉ាងនេះឯង ទើបមិនចាំបាច់ប្រាប់ឡើយថា តើការងូតទឹកនឹងបង្កើនសេចក្តីសុខដល់រូបអ្នកបានយ៉ាងណានោះ?។

-ព្រឹកនេះ សុំរឿងមួយទៅចុះ គឺកុំអាលប៉ះទូរស័ព្ទបានអត់? Ok!

បើត្រូវភ្ញាក់ឡើងមក ដើម្បីជួបនឹងអុីមែលរបស់លោកនាយ ឬឃើញផូស្តតវ៉ាផ្ចាញ់ផ្ចាលគ្នា តាមរយៈប្រព័ន្ធបណ្តាញសង្គមនោះ ជីវិតនាពេលព្រឹកនេះ ប្រហែលជាគួរឱ្យអាណឹតមិនស្ទើរទេមើលទៅ… ដូច្នេះហើយ អ្នកដែលចង់មានសេចក្តីសុខនាពេលព្រឹកទាំងឡាយ…សុំតែម្តងទៅចុះថា នៅឱ្យឆ្ងាយពីស្មាតហ្វូនមួយភ្លែតបានអត់?។

-ឆែកមើលបន្តិចមើល៍ ថាថ្ងៃនេះមានអីដែលត្រូវធ្វើខ្លះ?

តារាងជីវិតក្នុង​ 1ថ្ងៃៗ គួរតែត្រូវដឹងថា តើមានអ្វីត្រូវធ្វើខ្លះ មិនដូច្នោះទេអាចនឹងត្រូវឈឺក្បាលវិលមុខជាមួយនឹងរឿងរញេ​រញ៉ៃ​ជុំវិញខ្លួន ហើយសេចក្តីសុខកាយសប្បាយចិត្ត ក៏ប្រហែលជាអណ្តែតទៅបាត់ តាមខ្សែវាយោយ៉ាងមិនអាចជួយបានមិនខាន។

-បញ្ចេញកម្លាំងតាំងពីព្រឹកព្រលឹម (មកពីចង់បង្អួតភាពមាំមួនរបស់រាងកាយហ្នឹងណា៎)

ការហាត់ប្រាណតាំងពីព្រឹកព្រលឹម មិនមែនត្រឹមតែជួយឱ្យរាងកាយ រឹងប៉ឹងមាំមួនតែមួយមុខនោះទេ ព្រោះមានតែអ្នកដែលហេពភី​ជាមួយ​ជីវិតប៉ុណ្ណោះ ទើបដឹងថា ការក្រោកពីព្រលឹមដើម្បីមកហាត់ប្រាណនេះ អាចជួយកាត់បន្ថយក្តីតានតឹងធុញថប់ក្នុងអារម្មណ៍ បង្កើន​ប្រសិទ្ធ​ភាពការធ្វើការងាររបស់រាងកាយ រួមទាំងដាស់ភាពស្រស់ស្រាយឡើងវិញបានមួយរយភាគរយទៀតផង។

-អាហារពេលព្រឹកនេះ មិនអាចអត់បានទេ

អ្នកណាក៏ដឹងដែរថា អាហារពេលព្រឹកមានប្រយោជន៍ខ្លាំងណាស់។ មុនគេបង្អស់គឺ កាពារជំងឺក្រពះ រោគអាល់ហ្សៃមើរ៍ និងដែលសំខាន់នោះ គឺនៅបានជួយដល់ការធ្វើការងាររបស់ប្រព័ន្ធខួរក្បាលទៀតផង។

មនុស្សយើងតែងតែសួររកនិយមន័យរបស់សេចក្តីសុខក្នុងជីវិតដោយវិធីការផ្សេងៗ ទាំងការពិតទៅ គ្រាន់តែគ្មានអារម្មណ៍កើតទុក្ខ ក៏ស្មើនឹងមានសេចក្តីសុខយ៉ាងខ្លាំងបាត់ទៅហើយ មិនថា អ៊ីចឹងហ្អីមិត្តអ្នកអាន?៕

Advertisement