នាវិក​90​នាក់​បាន​ឆ្លង​COVID-19 នៅ​លើ​នាវា​ទេសចរណ៍​Costa Atlantica របស់​​អ៊ីតាលី​ ដែល​សំចត​​នៅ​ជប៉ុន

នាវិក​90​នាក់​បាន​ឆ្លង​COVID-19 នៅ​លើ​នាវាCosta Atlantica របស់​​អ៊ីតាលី​ ដែល​សំចត​​នៅ​ជប៉ុន

សមាជិក​ក្រុម​នាវិក​ចំនួន​40​នាក់​នៅ​លើ​នាវា​ទេស​ចរណ៍​ Costa Atlantica របស់​ប្រទេស​អ៊ីតាលី ដែល​កំពុង​សំចត​​នៅ​កំពង់ផែ​ Nagasaki ប្រទេស​ជប៉ុន​ វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​នៅ​លើ​នាវា​នេះ​កើន​ដល់​90​នាក់​។

ស្ថានីយ​ទូរទស្សន៍​ NHK របស់​ជប៉ុន ថ្ងៃ​នេះ​បាន​ប្រកាស​ថា តួលេខ​សរុប​នៃ​​អ្នក​ជំងឺ​កូរ៉ូណា​នៅ​លើ​នាវា​ Costa Atlantica ដែល​កំពុង​សំចត​​នៅ​ក្នុង​កំពង់​ផែន​ Nagasaki បាន​កើន​ដល់​90​នាក់ហើយ​ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​40​នាក់​បន្ថែម​ទៀត​។ នាវា​ទេសចរណ៍​ Costa Atlantica របស់​ប្រទេស​អ៊ីតាលី​នេះ មិន​មាន​ដឹក​ភ្ញៀវ​នោះ​ទេ​ ដោយ​វា​ត្រូវ​បាន​នាំ​ទៅ​កាន់​រោង​ចក្រ​ជួសជុល​នាវា​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Nagasaki នៅ​​ភាគ​និរតី​ប្រទេស​ជប៉ុន ដើម្បី​ជួស​ជុល​ ក៏ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​​ដោយ​សារ​តែ​ COVID-19។

ក្រុម​មន្ត្រី​សុខាភិបាល​នៅ​ Nagasaki បាន​ឱ្យ​ដឹង​ថា​ ពួកគេ​នឹង​បញ្ចប់​ការ​ធ្វើ​តេស្ត​រក​មេរោគ​នៅ​លើ​នាវិក​ទាំង​623​នាក់​របស់​នាវា​Costa Atlantica​នេះ​ ប៉ុន្តែ​ក៏មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងផងដែរ​​ ចំពោះ​ហានិភ័យ​ឆ្លង​រាល​ដាល​ទៅ​ដល់​ប្រជា​ជន​នៅ​ក្នុង​ទីក្រុង​​ បន្ទាប់​ពី​មាន​លេច​ឮ​ព័ត៌មាន​ថា មាន​នាវិក​ម្នាក់​​របស់​ Costa Atlantica បាន​ចាក​ចេញ​ពី​តំបន់​ជួសជុល​នាវា​នេះ​។

ព័ត៌មាន​ស្ដីអំពី​សម្បុក​មេរោគ​នៅ​លើ​នាវា​ទេស​ចរណ៍​ Costa Atlantica បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ច្រើន​នៅ​លើ​ Twitter នៅ​ពេល​ដែល​មាន​គេ​ប្រៀប​ធៀប​​វា​ទៅ​នឹង​នាវា​ទេសចរណ៍​ Diamond Princess ដែល​ធ្លាប់​មាន​មនុស្ស​​ជាង​700​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​13​នាក់​បាន​បាត់​បង់​ជីវិត​។ នាវា​ Diamond Princess ធ្លាប់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​នៅ​ឯ​លម្ហ​សមុទ្រ​ Yokohama ប្រទេស​ជប៉ុន កាលពី​ខែ​កុម្ភៈ​នៅ​មុន​ពេល​អ្នក​ទេសចរ​ និង​ក្រុម​នាវិក​ត្រូវ​បាន​ជម្លៀស​ចេញពី​នាវា។

អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​សរសេរ​ថា “មាន​បញ្ហា​អ្វី​ទៀត​ហើយ តើ​មិន​បាន​ដក​បទ​ពិសោធន៍​ពី​ Diamond Princess ទេអី? វា​បាន​ចូល​ចត​នៅ​កំពង់​ផែ​ដើម្បី​ជួស​ជុល ប៉ុន្តែ​សួរ​ថា​ តើ​ស្ថាន​ភាពនោះ​​​ចាំបាច់​​ដល់​កម្រិត​នេះ​ហើយ​ឬ​នៅ​? ហេតុ​អ្វី​បាន​ជា​អនុញ្ញាត​ឱ្យ​វា​ចូល​ចត​បែប​នេះ​?”។

បច្ចុប្បន្ន ប្រទេស​ជប៉ុន​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ជាង​12,000​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ជិត​300​នាក់​បាន​ស្លាប់​ ដោយ​មិន​ទាន់​បូក​រួម​ស្ថិតិ​នៅ​លើ​នាវា​ទេស​ចរណ៍​ Diamond Princess នៅ​ឡើយ​។ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ Shizon Abe បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ ទន្ទឹម​នឹង​ការ​ស្នើ​ឱ្យ​ប្រជា​ជន​ទាំង​អស់​នៅក្នុង​ផ្ទះ​ លើក​លែង​តែ​មាន​កិច្ច​ការ​ចាំបាច់​ ដើម្បី​កាត់​បន្ថយ​ទំនាក់​ទំនង​ផ្ទាល់​ក្នុង​សង្គម​ឱ្យ​បាន​80​%​ បំណង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19។

គិត​មក​ដល់​បច្ចុប្បន្ន​ មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ដែល​មាន​វត្តមាន​របស់​វីរុស​COVID-19។ វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​191,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​2.7​លាន​នាក់​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement