យុវវ័យសម័យថ្មី ត្រូវចេះមើលថែទាំខ្លួន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត

យើងនាំគ្នាមកមើលថា តើក្រុមអ្នកស្រាវជ្រាវក្នុងសហរដ្ឋអាមេរិក គេរកឃើញអ្វីខ្លះ ពាក់ព័ន្ធនឹងការអភិវឌ្ឍសក្តានុពលរបស់យុវវ័យ ដើម្បីឱ្យយុវជន-យុវនារីទាំងអស់នោះ មានគុណភាពជីវិតដ៏ល្អប្រសើនាពេលអនាគត...។

ប្រហែលជាគ្មានយុវវ័យណាម្នាក់ដែលមិនចង់ស្អាតបាត និងមិនចង់ឱ្យអ្នកនៅជុំវិញស្រឡាញ់រាប់អានខ្លួននោះឡើយ តែគន្លឹះពិសេសទាំងអស់នេះ ការពិតទៅសុទ្ធអាចធ្វើបានដោយខ្លួនឯងទាំងអស់ ដូច្នេះយើងនាំគ្នាមកមើលថា តើការមើលថែទាំខ្លួនឯងទាំងខាងរាង និងចិត្តគំនិតរបស់យុវជន-យុវនារីនាយុគបច្ចេកវិទ្យាទំនើបនេះ ត្រូវធ្វើយ៉ាងណាខ្លះ?

1.ហាត់ប្រាណ : ការដើរលេង ការដើរក្នុងផ្សារទំនើប ធាក់កង់ រត់ ហែលទឹក លេងស្កេតបត(ក្ដារបន្ទះរំអិល) ឬធ្វើកិច្ចការងារផ្សេងៗជាមួយ​មិត្តភក្តិដែលធ្វើឱ្យរាងកាយមិននៅស្ងៀមមួយកន្លែងនោះ គឺជាការធ្វើលំហាត់ប្រាណមួយល្អណាស់សម្រាប់យុវតីៗ។ ដោយសារតែយុវ​វ័យ ​​ជាវ័យដែលត្រូវការមិត្តភក្តិ និងការទទួលស្គាល់ពីអ្នកដែលនៅជុំវិញខ្លួននោះ ការបានធ្វើកិច្ចការងារផ្សេងៗជាមួយមិត្តភក្តិរបស់​ពួក​គេ នឹង​ជួយឱ្យទាំងរាងកាយ និងផ្លូវចិត្តល្អប្រសើរឡើងយ៉ាងគួរឱ្យចម្លែកចិត្ត។

2.ការទទួលទាន : ការញ៉ាំអាហាររបស់យុវវ័យ ជាទូទៅអាចញ៉ាំបានគ្រប់រូបបែប តែគួរញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុម និងគួរចៀសវាង Junk food (Hamburger , sandwich-ល-) និងអាហារដែលមានជាតិខ្លាញ់ច្រើន។ ការជួបជុំគ្នាញ៉ាំ​អា​ហារជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចរាប់បានថាជារឿងល្អមួយសម្រាប់យុវវ័យ និងគួរញ៉ាំបន្លែ និងផ្លែឈើស្រស់ជាប្រចាំផង។

ការតមអាហារដើម្បីគ្រប់គ្រងទម្ងន់ខ្លួន គឺជារឿងដែលមិនគួរធ្វើសោះឡើយសំរាប់យុវតីវ័យជំទង់ ព្រោះជាអំឡុងពេលដែលរាងកាយកំពុងចម្រើនធំធាត់។ ការសាងកោសិកាស្បែកដែលល្អ ក៏អាចជួយឱ្យក្រមុំៗមើលទៅឃើញស្រស់ស្អាតបានដូចគ្នាដែរ និងគួរជ្រើសរើសញ៉ាំអាហារដែលមានកាឡូរីទាប ព្រមទាំងហាត់ប្រាណឱ្យបានជាប់ជាប្រចាំផង។

3.ចេះចាត់ការចំពោះបញ្ហា : យុវវ័យ គឺជាវ័យដែលអ្វីៗក៏មើលទៅរាងរញ៉េរញ៉ៃច្របូកច្របល់ទាំងអស់ ការចាត់ការចំពោះបញ្ហាយ៉ាងត្រូវវិធី ក៏ជារឿងសំខាន់មួយដែរ។ ការមានអារម្មណ៍តានតឹងធុញថប់រហូតដល់គេងមិនលក់ ឬរហូតដល់ត្រូវពឹងលើគ្រឿងស្រវឹង និងថ្នាំញៀននោះ គឺជារឿងមួយដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរជាទីបំផុត គួរតែចេះប្រឹក្សាបញ្ហាអ្វីមួយជាមួយនឹងមនុស្សច្រើនជាង 1នាក់ឡើងទៅ និងត្រូវចេះបែងចែកមើលថា តើច្រកចេញណាមួយដែលស័ក្តិសមបំផុតនឹងខ្លួនយើង និងអនាគតរបស់ខ្លួនឯង។

4.ចេះគិត និងមានក្តីស្រមៃ : ការរិះគិតបែបចម្រើន និងការស្រមៃ គឺជារឿងមួយចាំបាច់ ការបំពេញកិច្ចការងារផ្សេងៗ គឺជាការជួយអភិវឌ្ឍវិធីការរិះគិតក្នុងផ្នែកនេះ មិនថាតែការលេងតន្រ្តី លេងកីឡា ច្រៀង ប្រកួតរាំ និពន្ធបទចម្រៀង រួមទាំងការចិញ្ចឹមសត្វដែលនាំមកនូវការសើចសប្បាយ និងការបានធ្វើកិច្ចការងារជាក្រុម រួមជាមួយមិត្តភក្តិជាដើម។ ទាំងអស់នេះ សុទ្ធតែជាការអភិវឌ្ឍខួរក្បាលប៉ែកខាងស្តាំទាំងអស់ ។

5.ហ្វឹកហាត់នូវអ្វីដែលខ្លួនចូលចិត្ត : ជីវិតយុវវ័យ គឺជាអំឡុងជីវិតដែលពោរពេញទៅដោយថាមពល ការហ្វឹកហាត់នូវអ្វី​ដែលខ្លួនស្រឡាញ់ចូលចិត្ត និងថ្នឹកនោះ គឺជារឿងល្អមួយ។ ការបណ្តោយទុកឱ្យជីវិតកន្លងផុតពី 1ថ្ងៃទៅ 1ថ្ងៃដោយក្តីខ្ជឹល​ច្រអូស​​ស្ពឹកស្រពន់ គឺជារឿងដែលមិនត្រូវធ្វើជាដាច់ខាតសម្រាប់យុវវ័យ ហើយការដែលមិនដឹងថា តើខ្លួនឯងចូលចិត្តអ្វី ឬធ្វើអ្វីពូកែ​នោះ​ នឹងមានផល​ប៉ះពាល់ដល់ការជ្រើសរើសប្រកបមុខរបរនៅពេលអនាគត។

យើងអាចសង្កេតឃើញថា ការអភិវឌ្ឍគុណភាពជីវិតរបស់យុវវ័យនេះ គឺការធ្វើកិច្ចការងារផ្សេងៗ គួរធ្វើជាក្រុម ជាមួយមិត្ត​ភក្តិខ្លះ ជាមួយក្រុមគ្រួសារខ្លះ។ ការធ្វើឱ្យស្គាល់ពីជីវិតនៅរួមគ្នាជាសង្គមមួយ នឹងហុចផលល្អចំពោះយុវវ័យខ្លួនឯង និងសង្គមរួមនា​ពេលអនាគត…៕

Advertisement