រដ្ឋ California ដាក់​បម្រាម​គោចរ​លើ​មនុស្ស​ជាង 20លាន​នាក់

ក្លឹប​រាត្រី​មួយ​នៅ​ក្នុង​តំបន់ ភាគ​ខាង​ត្បូង​នៃ​រដ្ឋ California ត្រូវ​បាន​បិទ​ទ្វារ បន្ទាប់​ពី​មាន​បម្រាម​គោចរ​

ក្រុមមន្ត្រី​នៃ​រដ្ឋ California សហរដ្ឋអាមេរិក បានចេញ​បម្រាម​គោចរ​យ៉ាង​តឹងរ៉ឹង​នៅ​តំបន់​ភាគខាងត្បូង​នៃ​រដ្ឋ​នេះ នៅក្នុង​គ្រា​ដែល​មន្ទីរពេទ្យ​នានា​កំពុង​ប្រឈម​នឹង​ការទទួល​អ្នកជំងឺ Covid-19 លើស​ចំណុះ។

បម្រាម​គោចរ​នៅ​ភាគខាងត្បូង​រដ្ឋ California មាន​សុពលភាព​ចាប់ពី​ម៉ោង0 ថ្ងៃទី 7ធ្នូ (ម៉ោង 15 នៅ​ភ្នំពេញ) ដែល​ក្នុងនោះ ការិយាល័យ​ភាគច្រើន​ត្រូវបាន​តម្រូវឱ្យ​បិទទ្វារ ខណៈដែល​ពលរដ្ឋ​ក៏ត្រូវ​បាន​ហាម​មិនឱ្យ​ជួបជុំគ្នា។ ហាង​ស្រា និង​សេវាកម្ម​ថែទាំ​ឯកជន ដូចជា ហាង​ធ្វើ​សក់​ជាដើម ក៏ត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ ស្រប​ពេលដែល​ភោជនីយដ្ឋាន​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​បន្ត​ដំណើរការ ក្នុង​លក្ខខណ្ឌ​មិន​អនុញ្ញាត​មាន​ភ្ញៀវ​ចូលមក​បរិភោគ​ក្នុង​ហាង ប៉ុន្តែ​អាច​ទិញយក​ទៅផ្ទះ ឬ​ភាគី​ហាង​ត្រូវ​ដឹកជញ្ជូន​ដល់ផ្ទះ។

បម្រាម​គោចរ​នេះ ត្រូវបាន​វាយតម្លៃថា ពិតជា​មាន​ភាព​តឹងរ៉ឹង ប៉ុន្តែ វា​នៅតែ​មិនទាន់​ស្មើនឹង​វិធានការ​គម្លាត​សង្គម​កាលពី​ខែមីនា នៅពេលដែល​អាជ្ញាធរ​បាន​ហាម​ការធ្វើសកម្មភាព​នៅ​ខាងក្រៅ​ផ្ទះ ក្នុងនោះ ប្រជាជន​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​អង្គុយ​លើ​កៅអី​សាធារណៈ ឬ​ដើរ​ដោយ​ថ្មើរជើង។

California កំពុងតែ​ឆ្លងកាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 ជា​លើក​ទី​បី ដោយមាន​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ប្រចាំថ្ងៃ កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន។ តួលេខ​អ្នកស្លាប់​នៅក្នុង​រយៈពេល2ថ្ងៃ​នៃ​ចុង​សប្ដាហ៍​កន្លងទៅ គឺ 113នាក់ ខណៈដែល​ករណី​ឆ្លង​ថ្មី​នៅក្នុង​ថ្ងៃទី5ធ្នូ មាន​ដល់​ទៅ 30,075នាក់។ គិត​មកដល់​បច្ចុប្បន្ន រដ្ឋ California បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប ជាង 1.3លាន​នាក់ និង​អ្នកស្លាប់​ជិត 20,000នាក់ ខណៈដែល​នៅ​ទូទាំង​សហរដ្ឋអាមេរិក មនុស្ស​ចំនួន​ជាង 15លាន​នាក់​ត្រូវបាន​គេ​រកឃើញថា បាន​ឆ្លង​វីរុស Covid-19 ក្នុងនោះ​មាន​ជាង 290,440នាក់​បាន​បាត់​បង់ជីវិត៕

ប្រភព៖ AFP, Worldometers

Advertisement