ជាង 66លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​បណ្ដា​ប្រទេស​ថា «កុំ​ប្រមាទ!»

ជាង 66លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​បណ្ដា​ប្រទេស​ថា «កុំ​ប្រមាទ!»

អង្គការ​សុខភាព​ពិភពលោក បានធ្វើការ​ព្រមាន​ដល់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ថា មិនត្រូវ​មានការ​ប្រមាទ ឬ​មើលស្រាល​ចំពោះ​មហា​រោគរាតត្បាត Covid-19 នេះ​ជាដាច់ខាត ក្នុង​គ្រា​ដែល​ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន 12,052នាក់។

អង្គការ​សុខភាព​ពិភពលោក (WHO) ថ្មីៗនេះ បានធ្វើ​សេចក្ដី​ព្រមាន​ដល់​បណ្ដា​ប្រទេស​ថា មិនគួរ​មានការ​មើលស្រាល​ចំពោះ​វីរុស Covid-19 ព្រោះតែ​ការ​សំអាង​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ដែល​ជិត​នឹងមាន​នាពេលខាងមុខ។ ប្រធាន​ផ្នែក​បន្ទាន់​របស់ WHO លោក Michael Ryan ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 4ធ្នូ​ថា៖ «មាន​វ៉ាក់សាំង មិនមែន​មានន័យថា លែងមាន Covid»។

«វ៉ាក់សាំង និង​ការចាក់​វ៉ាក់សាំង​ការពារ នឹង​ជា​ឧបករណ៍​ជំនួយ​បន្ថែម​ធំ​មួយ និង​ខ្លាំងក្លា ទៅក្នុង​ប្រព័ន្ធ​ឧបករណ៍​ដែល​យើង​មាន។ ប៉ុន្តែ ការពឹង​ទៅលើ​វ៉ាក់សាំង​តែមួយ​មុខ គឺ​មិន​គ្រប់គ្រាន់​ដើម្បី​លុបបំបាត់​មហា​រោគរាតត្បាត​នេះឡើយ»។

ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus ថ្លែងថា ការរីកចម្រើន​នៃ​វ៉ាក់សាំង នាំមក​នូវ​ជំហាន​ជឿនលឿន​ថ្មី​មួយ ហើយ​ពេលនេះ យើង​អាច​ចាប់ផ្ដើម​មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង។

«ក៏ប៉ុន្តែ WHO មានការ​ព្រួយបារម្ភ​ថា កាន់​តែមាន​មនុស្សច្រើនឡើងៗយល់់ថា មហា​រោគរាតត្បាត​បានបញ្ចប់។ តំបន់​ជាច្រើន​កំពុង​តែមាន​អត្រា​នៃ​ការឆ្លង​ខ្ពស់​ខ្លាំង បង្ក​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្ដា​មន្ទីរពេទ្យ និង​បុគ្គលិក​សុខាភិបាល»។

គិត​មកដល់ពេលនេះ ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប 66,223,906 ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ទៅ 1,524,255នាក់ ខណៈ​អ្នក​កំពុង​ទទួល​ការព្យាបាល​មាន​ចំនួន 18,891,779នាក់ ដែល​ក្នុង​នេះដែរ​មាន​អ្នកជំងឺ​ចំនួន 106,090នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត៕

Advertisement