អាការឈឺខ្នង 5យ៉ាង អាចប្រាប់យើងពីជំងឺគ្រោះថ្នាក់ផ្សេងៗបាន

មនុស្សវ័យកំលោះ ក្រមុំជាច្រើននាក់មានអាការឈឺខ្នង ដែលអ្នកខ្លះគិតថា អាចបណ្ដាលពីមូលហេតុដែលអង្គុយយូរជ្រុលពេក ឬក៏ទៅធ្វើអ្វី​មួយ​ខុសឥរិយាបថ ជាដើម តែទាំងអស់គ្នាមិនបានដឹងឡើយថា អាការឈឺខ្នងមិនមែនមានន័យត្រឹមតែអាការខុសប្រក្រតីរបស់ឆ្អឹងប៉ុណ្ណោះទេ។

អាការឈឺខ្នង ជាទូទៅអាចជាអាការឈឺខ្នងដែលបណ្តាលមកពីការអង្គុយច្រើនពេក លើករបស់របរធ្ងន់ពេក ឬហាត់ប្រាណខ្លាំងជ្រុលពេក ដោយអាការដែលយើងអាចដឹងបាននោះគឺ ការឈឺចុករួយ ឬសាច់ដុំឡើងតឹង ជាដើម-ល- តែជួនកាលអាការឈឺដែលយើងគិតថា ឈឺខ្នងនោះ វាអាចមិនមែនបណ្តាលមកពីសាច់ដុំ ឬឆ្អឹងរហូតនោះទេ។ មានលក្ខណៈរបស់អាការឈឺខ្នងខ្លះជាសញ្ញាប្រកាសអាសន្នពីជំងឺដែលកើតនៅលើអវយវៈខាងក្នុង និងចាំបាច់ត្រូវតែប្រញាប់ទៅទទួលការព្យាបាលពីគ្រូពេទ្យជាបន្ទាន់ទៀតផង។

1.អាការឈឺខ្នងរួមជាមួយអាការដៃជើង ស្ពឹកគ្មានកម្លាំង

ទ្រាំទប់បត់ជើងតូច និងទ្រាំទប់លាមកមិនបាន…លក្ខណៈរបស់អាការទាំងនោះអាចបណ្តាលមកពីខួរឆ្អឹងខ្នងទទួលរងរបួស។ វិធីដែលល្អបំផុត គឺត្រូវប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការថតអេកស៍រេយ៍(X-RAY)ពិនិត្យមើលឆ្អឹងកងខ្នង និងរកមើលចំណុចដែលរងរបួស។ អ្នកខ្លះ​ត្រឹមតែគេងសម្រាកព្យាបាលខ្លួនក៏អាចជាសះស្បើយពីអាការនេះដែរ តែសម្រាប់អ្នកខ្លះ​ទៀតអាចចាំបាច់ត្រូវតែចូលទទួលការវះកាត់។

2.ឈឺខ្នងត្រង់ម្តុំចង្កេះ និងមានគ្រុនក្តៅរងា

មូលហេតុរបស់អាការនេះអាចបណ្តាលមកពីការឆ្លងមេរោគរលាកនៅក្នុងក្រលៀន ឬអាចជាជំងឺរលាកតម្រងនោម ដោយមូល​ហេតុទាំងនេះកើតឡើងបានដោយសារតែការទទួលទានទឹកក្នុង 1ថ្ងៃៗតិចពេក និងការទ្រាំទប់នោម។

ការព្យាបាល គ្រូពេទ្យនឹងប្រើថ្នាំសម្លាប់មេរោគ និងថ្នាំផ្សេងៗទៀតអាស្រ័យលើការវិនិច្ឆ័យរោគ រួមទាំងណែនាំឱ្យទទួលទាន​ទឹកឱ្យបានច្រើន ផ្លាស់ប្តូរទង្វើទ្រាំទប់នោម ហើយនៅពេលព្យបាលក្រលៀនជាប្រក្រតីឡើងវិញហើយ អាការឈឺខ្នងក៏បាត់ទៅវិញ​ដែរ។

3.ឈឺខ្នងផ្នែកខាងលើចង្កេះទាំងសងខាង

បើសិនជាមានអាការឈឺខ្នងផ្នែកខាងលើចង្កេះទាំងសងខាង រួចនៅពេលទៅជួបគ្រូពេទ្យ គ្រូពេទ្យអាចនឹងស្ទាបប៉ះដុំសាច់នៅលើខ្នងត្រង់កន្លែងម្តុំៗក្រលៀន រួមទាំងមានឈាមលាយឡំនៅក្នុងទឹកមូត្រ មានសម្ពាធឈាមឡើងខ្ពស់ និងមានសភាវលោហិតស្លេករួមជា​មួយ​​​ផងនោះ ក្នុងករណីនេះ គឺជាសញ្ញាបញ្ជាក់ពីរោគកើតថង់ទឹកនៅក្នុងក្រលៀន ជាជំងឺដែលអាចចម្លងតំណពូជបាន។

នៅពេលមានថង់ទឹកនៅក្នុងក្រលៀន នឹងធ្វើឱ្យក្រលៀនធ្វើការបានតិច នៅពេលក្រលៀនធ្វើការថយចុះ ហុចផលអាក្រក់ដល់រាងកាយ។ កើតជម្ងឺឡើងឈាម ក្រលៀនអាចនឹងងាយឆ្លងមេរោគ និងលែងធ្វើការរ៉ាំរ៉ៃ រហូតដល់គាំងលែងធ្វើការតែម្តង និងក្រៅពីបញ្ហានៅលើក្រលៀនហើយ នៅអាចធ្វើឱ្យកើតថង់ទឹកនៅក្នុងអវយវៈផ្សេងទៀតបាន ដូចជាថ្លើម ដៃស្បូន ពងស្វាស និងកើតសរសៃឈាមជំងឺរីកប៉ោងទៀតផង។

4.អាការឈឺខ្នងដែលកើតនៅលើស្រ្តីមានគភ៌

អាចជាផលប៉ះពាល់ដែលបណ្ដាលមកពីបច្ច័យច្រើនយ៉ាង ដូចជាអ័រម៉ូនក្នុងរាងកាយកើតការប្រែប្រួលធ្វើឱ្យសរសៃពួរ និងសាច់ដុំដែល​យឹតតោងឆ្អឹងយារធូរ។ សម្រាប់ស្រ្តីមានគភ៌មានការទ្រទម្ងន់ដែលចេះតែកើនឡើងរបស់ទារក ឬស្បូនដែលរីកធំឡើងទៅសង្កត់ពីលើសរសៃប្រសាទធ្វើឱ្យឈឺខ្នងរហូតឈឺរាលចុះទៅរកជើងបាន។

5.ឈឺខ្នងរ៉ាំរ៉ៃយូររាប់ខែ និងកាន់តែឈឺខ្លាំងឡើងជារឿយៗ

បើសិនកើតនៅលើមនុស្សធាត់ ឬមនុស្សដែលមានអាយុច្រើនជាង 45ឆ្នាំនោះ អាចកើតឡើងដោយសាររោគរលាកខួរ​សន្លាក់ ឬឆ្អឹងកងខ្នងសឹករេចរឹល។ ការព្យាបាលក្នុងករណីនេះ គ្រូពេទ្យនឹងឱ្យថ្នាំបំបាត់ការឈឺចាប់មកញ៉ាំ និងធ្វើការព្យាបាលដោយការ​ធ្វើចលនា ហើយគ្រូពេទ្យនឹងណែនាំឱ្យទទួលទានអាហារដែលមានជាតិកាល់ស្យូមខ្ពស់។ បើកើតនៅលើមនុស្សដែលធាត់ខ្លាំង ត្រូវឱ្យធ្វើការបញ្ចុះទម្ងន់។

បើអ្នកណាដែលកំពុងមានអាការឈឺខ្នង ចូរប្រញាប់ពិនិត្យមើលខ្លួនឯងជាបន្ទាន់ ឬបើមិនប្រាកដក្នុងចិត្ត ចូរទៅជួបគ្រូពេទ្យដើម្បីវិនិច្ឆ័យរោគ ព្រោះជួនកាលបើបណ្តោយឱ្យឈឺរ៉ាំរ៉ៃយូរទៅ អាចនឹងហុចផលអាក្រក់ដល់រាងកាយ ធ្វើឱ្យសុខភាពចុះទ្រុឌទ្រោមក៏អាចថា​បាន​ដែរ៕

Advertisement