អ្នកស្រាវជ្រាវ រកឃើញថា វីរុស COVID-19 អាចលុកលុយបំផ្លាញប្រព័ន្ធសរសៃប្រសាទអ្នកជំងឺ

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យប៉េកាំង Ditan បានធ្វើការផ្ទាល់ជាមួយនឹងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Capital ជាស្ថាប័នដែលចាត់តាំងឡើងដើម្បីព្យាបាលជំងឺឆ្លងថ្មី COVID-19 បានប្រកាសថា ពួកគេបានព្យាបាលអ្នកជំងឺម្នាក់​ដែលមានសារធាតុរាវ Cerebrospinal មានផ្ទុកវីរុសនេះ។

ករណី​រក​ឃើញ​នេះ គឺ​ជាលើក​ដំបូង​ហើយ​ដែលគ្រូ​ពេទ្យ​ចិនបាន​ធ្វើ​ការ​បញ្ជាក់​ថា ​មេរោគ​កូរ៉ូណា​​អាច​បណ្ដាល​ឱ្យ​ខូច​ខាត​​ប្រព័ន្ធប្រសាទ​របស់​អ្នក​ជំងឺ។ បុគ្គលិកពេទ្យនៅ​ទីនោះ បានធ្វើ​តេស្ដ​លើ​គំរូនៃសារធាតុរាវ Cerebrospinal របស់អ្នកជំងឺ និងបានបញ្ជាក់ថា ពិត​ជាមានវត្តមាននៃ Coronavirus ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺរលាកខួរក្បាលពិតមែន។

ការសិក្សាពីពេលមុនបានបង្ហាញថា Covid-19 អាចវាយប្រហារសរីរាង្គជាច្រើន រួមទាំងក្រលៀន ថ្លើម និងបេះដូង ប៉ុន្តែមិនមានកំណត់ត្រាអំពីការខូចខាតប្រព័ន្ធសរសៃប្រសាទកណ្តាលទេ។

យោងតាមលោក Liu Jingyuan  ​​ប្រធានផ្នែក ICU នៃ​មន្ទីរ​ពេទ្យ​ខាង​លើ​បានឱ្យ​ដឹង​ថា ​នៅពេលដែលអ្នកជំងឺ COVID-19 ត្រូវបានគេរកឃើញថា មានការសន្លប់ បុគ្គលិកពេទ្យគួរតែពិចារណាពីលទ្ធភាពនៃការឆ្លង​មេរោគ​ចូល​ដល់​ប្រព័ន្ធសរសៃប្រសាទ ហើយ​ធ្វើការពិនិត្យសារធាតុរាវ Cerebrospinal ក្នុងខួរក្បាល​ឱ្យ​បាន​ទាន់​ពេលវេលាដើម្បីចៀសវាងការធ្វើរោគវិនិច្ឆ័យយឺត និងកាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺធ្ងន់ធ្ងរ។

គិតមកត្រឹមថ្ងៃអាទិត្យ មន្ទីរពេទ្យ​ខាង​លើបានផ្តល់ការព្យាបាលវេជ្ជសាស្រ្តដល់អ្នកជំងឺឆ្លងមេរោគ Covid-19 បានចំនួន 150នាក់ហើយ និងបានរកឃើញករណីរលាកខួរក្បាល​លើ​អ្នក​ជំងឺ​ម្នាក់។

សូមជម្រាបជូនថា អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា វីរុស SARS និងវីរុស MERS ក៏អាចលុកលុយប្រព័ន្ធសរសៃប្រសាទរបស់អ្នកជំងឺបានដែរ៕

Advertisement