អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជិត 1.5លាន​នាក់ នៅ​ទូទាំង​ពិភពលោក! WHO ថា​នឹង​រកឱ្យឃើញ​ប្រភព​របស់​វីរុស​នេះ

អ្នកស្លាប់ដោយសារ Covid-19 កើនដល់ជិត 1.5លាននាក់ នៅទូទាំងពិភពលោក! WHO ថានឹងរកឱ្យឃើញប្រភពរបស់វីរុសនេះ
លោក Tedros Adhanom ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក​

ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ឡើងដល់ 63,584,784នាក់ ក្នុងនោះ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ មាន​ចំនួន​ 1,473,741​នាក់​​ និង 43,980,097នាក់​ផ្សេង​ទៀត​​​បានជា​សះស្បើយ ខណៈដែល​អង្គការ​សុខ​ភាព​​ពិភព​លោក​​បាន​សន្យាថា នឹង “ធ្វើ​គ្រប់យ៉ាង” ដើម្បី​ស្វែងរក​ប្រភព​របស់​វីរុស​នេះ។

សហរដ្ឋអាមេរិក​នៅតែ​ជា​សម្បុក​វីរុស​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយបាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 13,919,870នាក់ និង​អ្នកស្លាប់​ចំនួន 274,332នាក់។

បន្ទាប់ពី​សហរដ្ឋអាមេរិក ក៏​នៅមាន​ប្រទេស​ចំនួន 11ផ្សេងទៀត​ដែលមាន​អ្នកជំងឺ Covid-19 លើសពី 1លាន​នាក់ រួមមាន៖ ឥណ្ឌា ប្រេ​ស៊ី​ល រុស្ស៊ី បារាំង អេ​ស្ប៉ា​ញ អង់គ្លេស អ៊ីតាលី អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ម៉ិ​ក​ស៊ិ​ក និង​អាល្លឺម៉ង់។

ចំណែក​ប្រទេស​ដែលមាន​អ្នកស្លាប់​លើសពី 1សែន​នាក់​ដោយសារ​វីរុស​នេះ មាន​ចំនួន 4ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល ឥណ្ឌា និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាងថា​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​រកឱ្យឃើញ​ប្រភព​នៃ​សត្វ​ដែល​បាន​ចម្លង​វីរុស Covid-19 មក​មនុស្ស។ លោក​ថ្លែងថា ការយល់ដឹង​អំពី​វា គឺជា​គន្លឹះ​ដើម្បី​ទប់ស្កាត់​រោគរាតត្បាត​នៅ​ថ្ងៃ​អនាគត។ ក្រៅពីនេះ លោក Tedros ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី បញ្ឈប់​ការ​លាប​ពណ៌​គ្នា ឬ​ការចោទប្រកាន់​ទៅលើ​ការដែល WHO ស្វែងរក​ជំនួយ​ពី​ចិន​ដើម្បី​ស៊ើបអង្កេត​លើ​ប្រភព Covid-19៕

ប្រភព៖ Reuters, Worldometers

Advertisement