រឿងតូចតាច 8យ៉ាងដែលយើងគួរធ្វើឱ្យបានញឹកញាប់ដើម្បីសុខភាពល្អ

នៅក្នុងក្បួនតម្រាពេទ្យរបស់ចិនបានបង្រៀនថា មានកាយវិការ 8យ៉ាងដែលយើងគួរធ្វើនៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បី​​​ឱ្យមានសុខភាពរាងកាយ និងផ្លូវចិត្តល្អ។ កាយវិកាទាំងអស់នោះគឺ ៖

1 . ធ្វើចលនាកែវភ្នែក : ការផ្ចង់ខ្សែភ្នែកទៅរកចំណុចណាមួយក្នុងរយៈពេលយូរ គឺជាការធ្វើបាបកែវភ្នែករបស់ខ្លួនដោយផ្ទាល់។ នៅក្បួនតម្រារបស់ពេទ្យចិនបានប្រាប់ថា យ៉ាងហោចណាស់នៅរៀងរាល់ 1ម៉ោងម្តង មនុស្សម្នាក់ៗគួរធ្វើលំហាត់ប្រាណខ្សែភ្នែកដោយការបើកភ្នែកសម្លឹងមើលទៅលើពិដាន រួចហើយបង្វិលកែវភ្នែកសន្សឹមៗទៅខាងឆ្វេង រួចចុះទៅក្រោម ហើយរេទៅខាងស្តាំ មុននឹងវិលទៅសម្លឹងមើលខាងលើវិញ។ ធ្វើបែបហ្នឹងឱ្យបានច្រើនដង សាច់ដុំភ្នែកនឹងបានរឹងមាំ។

2 . លេបទឹកមាត់ : ការលេបទឹកមាត់ញឹកញាប់ គឺជាការធ្វើលំហាត់ប្រាណសាច់ដុំបំពង់ក ជួយជំរុញប្រព័ន្ធរំលាយ​អាហារឱ្យធ្វើការតាមប្រក្រតី។

3 . សិតសក់ : ទោះជាការសិតសក់ញឹកញាប់មិនបានជួយឱ្យសក់ស្អាតឡើងក៏ដោយ តែវាជាការជួយម៉ាស្សា​សរសៃប្រសាទលើខួរក្បាល ធ្វើឱ្យភ្នែកភ្លឺច្បាស់ ឫសសរសៃសក់រឹងមាំល្អឡើង ព្រោះមានលោហិតហូរទៅចិញ្ចឹមស្បែកក្បាលរៀងរាល់ពេលដែលយើងសិតជានិច្ច។

4 . ម៉ាស្សាស្លឹកត្រចៀក :​​ នៅនឹងត្រចៀករបស់យើងមានសសៃប្រសាទដែលតភ្ជាប់ជាមួយក្រលៀន ការទាញ ផ្ទាត់ ច្របាច់ ឬត្រដុសស្លឹកត្រចៀកញឹកញាប់ នឹងជួយជំរុញការធ្វើការងាររបស់ក្រលៀនដោយផ្ទាល់ ជួយការពារអាការវិលមុខ និងការបានឮអ្វីផ្តេសផ្តាស់។

5 . កម្រើកអណ្តាតពេលអង្គុយទំនេរៗ : បើបានយកអណ្តាតរុញក្រអូមមាត់ខាងលើផងនោះ នឹងជួយជំរុញការបញ្ចេញ​ទឹកមាត់ ធ្វើឱ្យប្រអប់មាត់ស្អាត និងបំបាត់ក្លិនមាត់ទៀតផង។

6 . ខ្ជឹបរន្ធគូទ : ជាវិធីបំបាត់អាការឆ្អល់ពោះយ៉ាងងាយបំផុត។ ចូរខ្ជឹបរន្ធគូទក្នុង 1ថ្ងៃឱ្យបាន 3ឈុត 1ឈុតចាប់ពី 50 -​ 100ដង ព្រោះរាល់ពេលដែលយើងខ្ជឹបរន្ធគូទ ពោះវៀននឹងពង្រឹងខ្លួន កម្ចាត់វត្ថុកខ្វក់មិនល្អដែលនៅសេសសល់មិនឱ្យរាតត្បាត​បំផ្លាញរាងកាយរបស់យើង។

7 . ខាំធ្មេញ : ការខាំធ្មេញស្រាលៗញឹកញាប់ នឹងជួយធ្វើឱ្យធ្មេញរឹងមាំ និងជួយជំរុញការផលិតទឹករំលាយអា​ហារ ដូច្នេះអ្នកដែលមានបញ្ហារឿងពោះវៀនចូរកុំខកខានឱ្យសោះ។

8 . ត្រដុសថ្ពាល់ និងផ្ទៃមុខ : ផ្ទៃមុខ គឺជាកន្លែងដែលខ្វះការហាត់ប្រាណខ្លាំងបំផុត។ ការត្រដុសថ្ពាល់ និងផ្ទៃមុខ គឺជាវិធីមួយដ៏សែនងាយបំផុត គ្រាន់តែត្រដុសបាតដៃទាំងសងខាង ហើយយកបាតដៃមកដុសមុខស្រាលៗ នឹងជួយជំរុញលំហូរវិលរបស់លោហិត ធ្វើឱ្យឈាមហូរមកចិញ្ចឹមផែនថ្ពាល់ទាំងសងខាងបានកាន់តែច្រើនឡើង ធ្វើឱ្យផ្ទៃមុខស្អាតស្រស់ថ្លាជាប់ជានិច្ច៕

Advertisement