COVID-19! ការ​ពិសោធ​របស់​​ ​សហរដ្ឋ​អាម៉េរិក​៖ ​​ស្ករ​កៅស៊ូ​​ពិសេស​ ជួយ​កាត់បន្ថយ​បរិមាណ​វីរុស

សាកលវិទ្យាល័យ​មួយ​របស់ សហរដ្ឋ​អាម៉េរិក បានធ្វើ​ការពិសោធ​ស្ករ​កៅស៊ូ​ដែលមាន​ផ្ទុក​ប្រភេទ​ប្រូតេអ៊ីន ដែល​អាចដាក់​អន្ទាក់ COVID-19 ដើម្បី​កាត់បន្ថយ​បរិមាណ​វីរុស​ដែលមាន​នៅក្នុង​ទឹកមាត់។

ប្រភេទ​ស្ករ​កៅស៊ូ​នេះ មាន​ផ្ទុក CTB-ACE2 ដែលជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ត្រូវបាន​រកឃើញ​នៅលើ​ផ្ទៃ​នៃ​កោសិកា និង​ត្រូវបាន​វីរុស​ប្រើប្រាស់​ជា​ច្រក ដើម្បី​ចូលមកក្នុង​កោសិកា​របស់​រាងកាយ​ម​នុស្ស។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋ​អាម៉េរិក ដែល​បាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Molecular Therapy កាលពី​ដើមខែ​នេះ។

ក្នុងការ​ពិសោធ​ដោយ​ប្រើប្រាស់​ទឹកមាត់​របស់​អ្នកជំងឺ COVID-19 អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា វីរុស​ទាំងឡាយ​បាន​ភ្ជាប់​ខ្លួន​ទៅនឹង​ប្រូតេអ៊ីន ACE2 នៅក្នុង​ស្ករ​កៅស៊ូ ដោយ​ឯកឯង។ ជា​លទ្ធផល បរិមាណ​វីរុស​ក្នុង​សំណាក​ទឹកមាត់​បាន​ថយចុះ​ជាង 95%។

ក្រុម​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ប្រភេទ​ស្ករ​កៅស៊ូ​នេះ មាន​ក្លិន និង​រសជាតិ​ដូច​ទៅនឹង​ប្រភេទ​ស្ករ​កៅស៊ូ​ធម្មតា ហើយ​ធាតុ ACE2 ក្នុងនោះ មិន​ត្រូវបាន​បំផ្លាញ​នៅពេល​ទំពារ។ ជាង​នេះ ពួកគេ​អះអាងថា ស្ករ​កៅស៊ូ​នេះ អាច​រក្សាទុក​បាន​ក្នុង​សីតុណ្ហភាព​ធម្មតា ក្នុង​រយៈពេល​ច្រើន​ឆ្នាំ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​ថ្លែងថា ការប្រើប្រាស់​ស្ករ​កៅស៊ូ​ដើម្បី​កាត់បន្ថយ​បរិមាណ​វីរុស​ក្នុង​ទឹកមាត់​នឹងមាន​ផលប្រយោជន៍​ខ្លាំង​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ និង​បណ្ដា​ប្រទេស​ដែល​មិនទាន់មាន​ប្រភព​វ៉ាក់សាំង​គ្រប់គ្រាន់ ដោយសារ​វា​មានតម្លៃ​ទាប៕

Advertisement