ស្គម តែដុះក្បាលពោះ…អាចកែបានដោយទង្វើខាងក្រោម

តើអ្នកណាមានសភាវរាងកាយបែបហ្នឹងខ្លះ? ពេលថ្លឹង អាចនឹងមានទម្ងន់ខ្លួនទាបជាងកម្រិតស្តង់ដា តែហេតុអីបានមានក្បាលពោះ? ការពិតទៅ អ្នកអាចត្រូវបានចាត់ទៅក្នុងក្រុមមនុស្ស “Skinny Fat” គឺមនុស្សមានទម្ងន់ខ្លួនតិច ឬប្រក្រតី តែបែរជាមានសាច់ដុំតិច ខ្លាញ់ច្រើន មើលរូបរាងខាងក្រៅទៅ មិនមែនជាមនុស្សធាត់ទេ តែមានដុះក្បាលពោះ?

មូលហេតុរបស់ការស្គម តែមានក្បាលពោះ បណ្ដាលពីបច្ច័យជាច្រើន ដូចជា ៈ

1 . ការអត់អាហារ ឬការទទួលទានអាហារតិចជ្រុលពេក : ដោយសារតែការទទួលទានអាហារតិចជ្រុលពេក នឹងធ្វើឱ្យរាងកាយខ្វះសារធាតុអាហារ ទើបបឺតយកជាតិខ្លាញ់មកប្រើ តែនៅពេលដល់កំណត់ រាងកាយក៏នឹងប្ដូរទៅទាញសាច់ដុំមកប្រើជំនួសវិញ និងនៅពេលសាច់ដុំថយចុះ នឹងធ្វើឱ្យប្រព័ន្ធការដុតបំផ្លាញធ្លាក់ចុះទាបទៅតាមនោះដែរ។

វិធីកែគឺ ទទួលទានអាហារឱ្យច្រើនឡើង ជាពិសេសអាហារដែលផ្ដល់កម្លាំងថាមពល និងត្រូវហាត់ប្រាណរួមជាមួយផង ដើម្បីបន្ថយខ្លាញ់ដែលប្រមូលសន្សំច្រើន។

2 . ហាត់ប្រាណខុសវិធី ឬហាត់ប្រាណបែប Cardio ច្រើនជ្រុលពេក : ទោះជាការហាត់ប្រាណបែប Cardio ដូចជា ការរត់ ធាក់កង់ វាយបុក រាំអ៊ែរ៉ូប៊ិក ឌែនស៍-ល-មានផលល្អចំពោះរាងកាយក៏ពិតមែន តែបើធ្វើច្រើនរហូតជ្រុលពេក ក៏អាចកើតផលអាក្រក់ដល់រាងកាយបានដែរ ព្រោះការហាត់ប្រាណបែប Cardioច្រើនជ្រុលពេកនឹងក្លាយជាការបង្ខំដុតបំផ្លាញកម្លាំងថាមពល ហើយបើយើងទទួលទានអាហារតិចទៀតផងនោះ នឹងធ្វើឱ្យរាងកាយនាំសាច់ដុំទៅប្រើជាកម្លាំងថាមពលជំនួសវិញ និងនៅពេលរាងកាយបាត់បង់បណ្ដុំសាច់ដុំ ប្រព័ន្ធដុតបំផ្លាញក៏នឹងថយចុះ ធ្វើឱ្យជាតិខ្លាញ់កាន់តែប្រមូលសន្សំច្រើនឡើង ហេតុនេះទើបជាមូលហេតុធ្វើឱ្យមានរូបរាងស្គម តែទៅជាមានក្បាលពោះនោះ។

វិធីកែគឺ ចូរងាកមកហាត់ប្រាណដោយការលេង Weigth Trainning, Body Weigth ឬការហាត់ប្រាណបែប HIIT (High Intensive Interval Trainning) គួបផ្សំទៅជាមួយផង ព្រោះការហាត់ប្រាណដោយវិធីនេះ នឹងទៅជួយបង្កើនបណ្ដុំសាច់ដុំ ធ្វើឱ្យប្រព័ន្ធការដុតបំផ្លាញធ្វើការខ្លាំងឡើង ហើយខ្លាញ់ដែលប្រមូលសន្សំនោះ ក៏នឹងថយចុះទៅតាមនោះដែរ។

3 . ញ៉ាំស្រាក៏មានចំណែករួមដែរ : មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានរកឃើញថា គ្រឿងភេសជ្ជៈអាល់កុល ដូចជា ស្រាបៀរ ស្រាវីស្គី វ៉ុដកា ខក់ថេល ឬវ៉ាញ សុទ្ធតែហុចផលឱ្យមានជាតិខ្លាញ់ប្រមូលសន្សំនៅត្រង់ប្រអប់ពោះច្រើនជាពិសេសទាំងអស់។ រឹតតែយើងញ៉ាំច្រើនប៉ុនណា ឱកាសដែលខ្លាញ់នឹងចូលទៅប្រមូលផ្ដុំនៅត្រង់បរិវេណចង្កេះ ក៏រឹតតែមានច្រើនឡើងដូចគ្នាដែរ។

4 . ញ៉ាំអាហារគ្មានប្រយោជន៍ជាប្រចាំ : ទោះជាយើងគ្រប់គ្រង់លើការហូបអាហារហើយក្ដី តែការដែលយើងនៅតែចូលចិត្តញ៉ាំនំ ឬបង្អែម ឬអាហារដែលមានជាតិខ្លាញ់ច្រើន ឧទាហរណ៍ដូចជា នំឃុកគី នំខេក ដូណាត់ ភីហ្សា អៃស្រ្គីម-ល- ក៏ធ្វើឱ្យដុះក្បាលពោះបានដែរ ព្រោះអាហារទាំងអស់នេះច្រើនតែមានខ្លាញ់ថ្រានស៍(Trans)ច្រើនណាស់ ហើយជាតិខ្លាញ់មួយនេះឯងដែលហុចផលឱ្យក្បាលពោះវាមិនបាត់ទៅណានោះ។

មានការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានខ្លាញ់ត្រានស៍ជាប្រចាំ នឹងហុចផលឱ្យជាតិខ្លាញ់ប្រមូលសន្សំនៅត្រង់ក្បាលពោះច្រើនឡើង ទោះជាបរិមាណកាឡូរីជារួម មិនបានខ្ពស់ក៏ដោយ។

វិធីបញ្ចុះក្បាលពោះ

– ផ្លាស់ប្ដូរទង្វើការហូបចុក ចៀសវាងការទទួលទានអាហារផ្អែម អាហារហ្វាសត៍ហ្វូ៊ដ ដោយជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ មានគុណតម្លៃខាងភោជនាហារខ្ពស់ តែផ្ដល់កម្លាំងថាមពលទាប។ សង្កត់ធ្ងន់លើអាហារដែលមានប្រូតេអ៊ីនជាចម្បង ដើម្បីជួយបង្កើនសាច់ដុំ។ ទទួលទានបន្លែ និងផ្លែឈើ បន្ថយបរិមាណខាបូហាយដ្រេតចុះពាក់កណ្ដាល ដោយបែរមកជ្រើសរើសទទួលទាន បាយអង្ករសម្រូប ឬនំប៉័ងហូលវីត ជាដើម និងទទួលទានខ្លាញ់ល្អ ដូចជាប្រេងម្កាក់ អាវ៉ូខាដូ សណ្ដែក ត្រីសាល់ម៉ុន ជាដើមក្នុងចំណែកដែលសមរម្យដែលរាងកាយគួរបានទទួលរៀងរាល់ថ្ងៃ។

– បង្កើនការសាងសាច់ដុំ ដោយការហាត់ប្រាណ ដូចជា ការលេង Weigth Trainning, Body Weigth ឬការហាត់ប្រាណបែប HIIT (High Intensive Interval Trainning) ព្រោះវានឹងជួយឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានច្រើនឡើង៕

Advertisement