COVID-19! សហរដ្ឋអាមេរិក​៖ ជាង​42,000​នាក់​ស្លាប់​ និង​ជិត​790,000​នាក់​បាន​​ឆ្លង​វីរុស​​

COVID-19! សហរដ្ឋអាមេរិក​៖ ជាង​42,000​នាក់​ស្លាប់​ និង​ជិត​790,000​នាក់​បាន​​ឆ្លង​វីរុស​​

វីរុស​ COVID-19 បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត​790,000​នាក់​ត្រូវ​កើត​ជំងឺ​​នៅ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​មាន​ជាង​42,000​នាក់​បាន​ស្លាប់​ និង​4,003,551នាក់​បានជាះស្បើយ​។

យោង​តាម​ទិន្ន​ន័យ​នៅ​លើ​ Worldometers គិត​មក​ដល់​បច្ចុប្បន្ន ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហ​រដ្ឋ​អាមេរិក បាន​ឡើង​ដល់​​ជាង​42,300​នាក់ កើន​ជាង​1,700​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ ចំនួន​អ្នក​ជំងឺ​ថ្មី​នៅ​ប្រទេស​នេះ​ក៏បាន​កើន​ជិត​25,000​នាក់ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​ឡើង​ដល់​ជាង​789,000​នាក់​។

បច្ចុប្បន្ន អាមេរិក​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ និង​អ្នក​ស្លាប់​ដោយ​សរ​ ​COVID-19 ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។ រដ្ឋ​មួយ​ចំនួន​មាន​សញ្ញា​បង្ហាញ​ថា បាន​ឆ្លង​ផុត​ដំណាក់​កាល​​កំពូល​នៃ​ការ​ឆ្លង​វីរុស ប៉ុន្តែ​អភិបាល​រដ្ឋ​នានា​នៅ​តែ​បង្ហាញ​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាមួយ​នឹង​គម្រោង​បើក​ដំណើរការ​សេដ្ឋ​កិច្ច​ឡើង​វិញ​។

អភិបាល​រដ្ឋ New York យល់​ថា អាច​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​សប្ដាហ៍ ឬ​រាប់ខែ​ទៀត​ ទើប​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​នេះ អាច​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ ដោយ​សារ​តែ​មិន​ទាន់​ធ្វើ​តេស្ត​ជា​ទូទៅ​ដើម្បី​កំណត់​ទំហំ​នៃ​ស្ថាន​ភាព​រោគ​រាត​ត្បាត​នេះ​នៅ​ឡើយ។

ក្រុម​អ្នក​ជំនាញ​យល់​ថា កត្តា​ចាំបាច់​បំផុត​ដើម្បី​អាច​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ នោះ​គឺ​ត្រូវ​តែ​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​។ ផ្ទុយ​ទៅ​វិញ ការ​បន្ធូរ​បន្ថយ​ការ​ដើរ​ហើរ ឬ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ឆាប់​ពេក​ អាច​ធ្វើ​ឱ្យ​វីរុស​នេះ​ បង្កើន​ឥទ្ធិពល​របស់​វា​ឡើង​វិញ​។

ចំណែក​លោក​ប្រធានាធិបតី​ Donald Trump បាន​បង្ហាញ​ភាព​អន្ទះ​សា​ជាមួយ​នឹង​គម្រោង​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​របស់​ប្រទេស​នេះ​។ កាល​ពី​ចុង​សប្ដាហ៍​មុន លោក​បាន​អំពាវ​នាវ​ឱ្យ “ដោះលែង​” រដ្ឋ​មួយ​ចំនួន​ចេញ​ពី​ស្ថាន​ភាព​នៃ​បម្រាម​គោចរ​។ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​បែប​នេះ បាតុកម្ម​ជា​ច្រើន​ដែល​ប្រឆាំង​ទៅ​នឹង​ការ​ពន្យារ​សុពល​ភាព​នៃ​បម្រាម​គោចរ​ ក៏​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​មួយចំនួន​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក​។

រោគ​រាត​ត្បាត​ COVID-19 បាន​ និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក ខណៈ​ដែល​ក្រុម​ហ៊ុន អាជីវ​កម្ម​មិន​ចាំបាច់​ទាំង​អស់ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ​។ ពល​រដ្ឋ​អាមេរិកាំង​រាប់​សិប​លាន​នាក់​ត្រូវ​បាត់​បង់​ចំណូល​ប្រចាំ​ខែ​ ដោយ​សារ​គ្មាន​ការ​ងារ​ធ្វើ​ ក្នុង​នោះ​ក៏មាន​ពលរដ្ឋ​ជាង​22​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​៕

Advertisement