កម្ពុជា​​រក​ឃើញ​​អ្នក​​​ផ្ទុក​​វីរុស​​Covid-19​ ថ្មី​​ 1​ករណី​​ទៀត​​ហើយ ​ខណៈ​​ពិភព​លោក​ទើប​​បាន​​​រក​​ឃើញ​​បន្ថែម​​6,130​ករណី​

កម្ពុជា​រកឃើញ​អ្នក​​ផ្ទុក​វីរុស​Covid-19 ថ្មី​ 1ករណី​ទៀត​ហើយ ខណៈ​ពិភពលោកទើប​​​រក​ឃើញ​បន្ថែម​6,130ករណី​

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​នេះ មាន​អាសយដ្ឋាន​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។

ព្រឹក​ថ្ងៃទី​21​តុលា​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឱ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​Covid-19 ថ្មី​ ចំនួន​1​ករណី​​នៅក្នុង​ថ្ងៃទី​20​តុលាកន្លង​ទៅ​។ ករណី​នេះ​កើត​ឡើង​ចំពោះ​បុរស​ជា​ជន​ជាតិ​ប៉ូឡូញ​ម្នាក់ អាយុ​47​ឆ្នាំ​ ដែល​ធ្វើ​ដំណើរ​ពី​ប៉ូឡូញ ឆ្លង​កាត់តាម​​ប្រទេស​កូរ៉េខាង​ត្បូង​ មុន​នឹង​មក​ដល់​កម្ពុជា​ក្នុង​ថ្ងៃទី​19​តុលា​។

បុរស​ខាងលើ​ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​មួយ​ដែល​មាន​ដឹក​អ្នក​ដំណើរ​ចំនួ​ន54​នាក់​។ បច្ចុប្បន្ន​ អ្នកជំងឺ​ថ្មី​នេះ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ខណៈ​ដែល​អ្នក​ដំណើរ​ក្រៅ​ពី​នេះ ក៏​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែករយៈ​ពេល​14​ថ្ងៃ​នៅ​ឯ​​សណ្ឋគារ​មួយ​ចំនួន​នាទីក្រុង​​ភ្នំ​ពេញ​ដើម្បី​តាម​ដាន​សុខភាព​។

គិត​មក​ដល់​ថ្ងៃ​ទី​21​តុលា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ 286​នាក់​ ក្នុង​នោះ​មាន​280​នាក់​បាន​ជា​សះស្បើយ និង​6​នាក់​កំពុង​សម្រាក​ព្យាបាល​។

ដោយ​ឡែក​ នៅ​ទូទាំង​សកល​លោក​ឯណោះ​វិញ មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​ចំនួន​41,029,279​នាក់​បាន​ឆ្លង​វីរុស​Covid-19 ក្នុង​នោះ​មាន​ អ្នក​កំពុង​ផ្ទុក​វីរុស​​​ចំនួន​9,275,532​នាក់​ ​ជា​សះស្បើយ​ចំនួន​30,624,255​នាក់​ និង​​ស្លាប់​សរុប​1,129,492​នាក់។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​6,130​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​582​នាក់ ៕

ក្រសួង​សុខាភិបាល​, Worldometers

Advertisement