លោក​ Trump ​លែង​មាន​រោគ​សញ្ញា​របស់​ COVID-19​ ហើយ

លោក Trump លែងមានរោគសញ្ញារបស់ COVID-19 ហើយ
លោក Trump លែងមានរោគសញ្ញារបស់ COVID-19 ហើយ

វេជ្ជបណ្ឌិតប្រចាំសេតវិមាន បានឱ្យដឹងថា ប្រធានាធិបតី “លែងមានរោគសញ្ញា” របស់វីរុសCOVID-19 ហើយ ក្រោយពីបានចេញពីមន្ទីរពេទ្យ និងឆ្លងកាត់ការសម្រាកមួយយប់ដំបូងនៅឯផ្ទះ។

“ព្រឹកនេះ ក្រុមវេជ្ជបណ្ឌិតរបស់ប្រធានាធិបតី បានជួបលោកនៅឯភូមិគ្រឹះ។ ប្រធានាធិបតីបានសម្រាកប្រកបដោយផាសុខភាពមួយយប់ដំបូងនៅឯផ្ទះ ហើយថ្ងៃនេះ លោកលែងមានរោគសញ្ញាណាមួយទៀតហើយ” នេះបើតាមវេជ្ជបណ្ឌិតប្រចាំការនៅសេតវិមាន លោក Sean Conley ដែលបានថ្លែងកាលពីថ្ងៃទី6តុលា។ លោកបន្តថា៖ “សញ្ញានៃការរស់រាន និងការពិនិត្យសុខភាព បង្ហាញថា នៅតែធម្មតា ដោយកំហាប់អ៊ុកស៊ីហ្សែនស្ថិតក្នុងកម្រិតចន្លោះពី95ទៅ97%។ និយាយរួម ស្ថានភាពសុខភាពរបស់ប្រធានាធិបតីនៅតែល្អប្រសើរ ខ្ញុំនឹងផ្ដល់ព័ត៌មានបន្ថែមនៅពេលមានដំណឹងថ្មី”។

ដំណឹងខាងលើនេះ ត្រូវបានលើកឡើងក្រោយរយៈពេល1ថ្ងៃបន្ទាប់ពីលោក Trump បានចេញពីមន្ទីរពេទ្យយោធា Walter Reed ក្រោយពីបានទទួលការព្យាបាល4ថ្ងៃដោយសារឆ្លងវីរុសCOVID-19។

ព្រឹត្តិការណ៍ជជែកតតាំងគ្នាលើកទីពីរ រវាងលោក Trump និងលោក Biden តាមគម្រោងនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី15តុលា នៅសាលមហោស្រព Adrienne Arsht ក្នុងទីក្រុង Miami រដ្ឋ Florida។ យោងតាមគណៈកម្មការរៀបចំព្រឹត្តិការណ៍ជជែកតតាំងសម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើឡើងក្រោមរូបភាព “ប្រជាជនដាក់សំណួរទៅកាន់បេក្ខភាព” ពោលគឺមិនដូចទៅនឹងការជជែកតតាំងលើកទីមួយនោះទេ៕

ប្រភព៖ CNBC, Fox

 

Advertisement