លោក Trump ធ្លាប់ត្រូវដកដង្ហើមពីប្រព័ន្ធជំនួយអ៊ុកស៊ីហ្សែន ដោយសារកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ព្រោះតែក្ដៅខ្លួនខ្លាំង

លោក Sean Conley វេជ្ជបណ្ឌិត​របស់​លោក​ Trump

វេជ្ជបណ្ឌិតមកពីសេតវិមាន គឺលោក Sean Conley បានទទួលស្គាល់ថា បានព្យាយាមលាក់បាំងការពិតដែលថា លោក Trump ត្រូវដកដង្ហើមដោយមានជំនួយពីប្រព័ន្ធអ៊ុកស៊ីហ្សែន នៅពេលកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ដោយសារតែក្ដៅខ្លួនខ្លាំង។

“ស្ថានភាពសុខភាពរបស់ប្រធានាធិបតីកំពុងល្អប្រសើរឡើងជាបណ្ដើរៗ ហើយលោកអាចចេញពីមន្ទីរពេទ្យយ៉ាងឆាប់បំផុតគឺនៅថ្ងៃទី5តុលា” នេះបើតាមវេជ្ជបណ្ឌិតរបស់សេតវិមាន លោក Sean Conley ដែលបាននិយាយកាលពីថ្ងៃទី4តុលា នៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីអំពីស្ថានភាពសុខភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

លោក Conley ឱ្យដឹងថា លោក Trump ត្រូវប្រើថ្នាំ dexamethasone បន្ថែមពីលើថ្នាំដែលកំពុងព្យាបាល ដែលនេះបានធ្វើឱ្យការព្រួយបារម្ភខ្លាំងអំពីប្រតិកម្មនៃការរលាកដែល COVID-19 ធ្វើឱ្យកើតមាននៅក្នងសួត និងអាការផ្សេងទៀត។

លោក Trump កំពុងទទួលការព្យាបាលដោយប្រើថ្នាំ remdesivir ជាថ្នាំប្រឆាំងនឹងវីរុស ទប់ទល់នឹងការឆ្លងរោគដោយសារCOVID-19។ Sean Dooley ដែលជាវេជ្ជបណ្ឌិតម្នាក់ផ្សេងទៀត បានឱ្យដឹងថា លោក Trump “មិនមានអាការក្ដៅខ្លួន ចាប់តាំងពីព្រឹកថ្ងៃទី2តុលា។ សញ្ញានៃការរស់រានរបស់លោក នៅតែល្អប្រសើរ ហើយលោកនៅតែស្ថិតក្នុងបន្ទប់ស្អាត អាចដើរដោយខ្លួនឯងបានដោយមិនចាំបាច់មានអ្នកជួយ”។

ក៏ប៉ុន្តែ នៅចំពោះមុខការសួរជីកឫសជីកគល់របស់ក្រុមអ្នកសារព័ត៌មាន លោក Conley ក៏បានបង្ហើបប្រាប់ថា លោក Trump ធ្លាប់ក្ដៅខ្លួនខ្លាំង និងកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមត្រូវថយចុះក្រោម94% (ធម្មតាគឺ96 ឬខ្ពស់ជាងនេះ) កាលពីព្រឹកថ្ងៃទី2តុលា។

វេជ្ជបណ្ឌិត​ Sean Coley និង​ក្រុម​ការ​ងារ​

លោក Conley បញ្ជាក់ថា ដោយសារមូលហេតុខាងលើ ក្រុមវេជ្ជបណ្ឌិតក៏បានស្នើឱ្យលោក Trump ដកដង្ហើមពីបំពង់អ៊ុកស៊ីហ្សែន ប៉ុន្តែដំបូងឡើយលោកបានប្រកែក ហើយក្រោយមកក៏បានយល់ព្រម។ បន្ទាប់ពីទទួលបានអ៊ុកស៊ីហ្សែនបន្ថែម កំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមរបស់គាត់ក៏បានឡើងដល់កម្រិតធម្មតាដោយប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ នៅចុងថ្ងៃនោះដែរ លោក Trump ក៏បានឡើងឧទ្ធម្ភាគច្រើន ធ្វើដំណើរទៅកាន់ Walter Reed។

លោក Conley ទទួលស្គាល់ថា បានចៀសវាងការឆ្លើយត្រង់ទៅនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាន ព្រោះតែ “កំពុងព្យាយាមបង្ហាញអំពីភាពជឿជាក់របស់ក្រុមវេជ្ជបណ្ឌិតដែលកំពុងធ្វើការព្យាបាល និងប្រធានាធិបតី នៅក្នុងដំណាក់កាលលោកមានជំងឺ។ លោក Conley បន្តថា៖ “ខ្ញុំមិនចង់ផ្ដល់ព័ត៌មានណាដែលនាំឱ្យមានការយល់ច្រឡំអំពីស្ថានភាពជំងឺ ដែលប្រការនេះ បាននាំឱ្យយើងព្យាយាមលាក់បាំងព័ត៌មានខ្លះដែលមិនចាំបាច់ត្រូវនិយាយការពិត”។

នៅពេលត្រូវបានសួរអំពីលទ្ធភាពដែលប្រព័ន្ធសួតរបស់លោក Trump ត្រូវរងរបួស ឬត្រូវឆ្លងរោគ លោក Conley និយាយថា៖ “យើងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ ហើយមានបញ្ហាខ្លះបានកើតឡើងដូចការគិត ប៉ុន្តែមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើង”៕

ប្រភព៖ AP

Advertisement