ញ៉ាំទឹកត្រជាក់ខ្លាំង មានគ្រោះថ្នាក់ដល់សុខភាពឬទេ?

នៅពេលធាតុអាកាសក្ដៅខ្លាំងម្ដងៗ តើមិនឱ្យញ៉ាំទឹកត្រជាក់ម្ដេចនឹងបានទៅ? តែមានមនុស្សជាច្រើនអាចធ្លាប់បានឮមកថា ទឹកត្រជាក់អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ អ៊ីចឹងសួរថា ដែលយើងនាំគ្នាញ៉ាំរាល់ដងហ្នឹង តើមានគ្រោះថ្នាក់ចំពោះរាងកាយខ្លាំងប៉ុនណាដែរ ឬក៏មិនមែនជាការពិត? ដូច្នេះសូមមកមើលចម្លើយទាំងអស់គ្នា…។

តើទឹកត្រជាក់បំផ្លាញរាងកាយយើងយ៉ាងដូចម្ដេច?

បើនិយាយយ៉ាងងាយៗនោះគឺ ការញ៉ាំទឹកដែលត្រជាក់ខ្លាំងក្នុងរយៈពេលដ៏ឆាប់រហ័ស អាចធ្វើឱ្យកើតអាការ Brain freeze ឬអាការត្រជាក់ខ្លាំងឡើងដល់ខួរក្បាល ធ្វើឱ្យឈឺក្បាលមួយភ្លែតបាន។ គឺជាកម្មវិធីរបស់ខួរក្បាលដែលបញ្ជាការបញ្ជូនឈាមមកសរសៃឈាមនៅម្ដុំដែលត្រជាក់ខ្លាំងភ្លាមៗដើម្បីធ្វើឱ្យសរសៃឈាមនៅម្ដុំនោះកក់ក្ដៅឡើងវិញ និងពង្រីកសរសៃឈាមឱ្យធំឡើង រហូតទៅជំរុញសរសៃប្រសាទផ្នែកដែលទទួលដឹងពីការឈឺចាប់ ទើបកើតអាការឈឺក្បាលភ្លាមៗឡើង តែមិនចាំបាច់បារម្ភទេ អាការនេះកើតឡើងត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងមិនបង្កផលប៉ះពាល់រយៈពេលវែងដល់រាងកាយឡើយ។

តែបើនិយាយពីគ្រោះថ្នាក់ដល់រាងកាយក្នុងរយៈពេលវែងក៏មានដូចគ្នាដែរ។ ការញ៉ាំទឹកដែលត្រជាក់ខ្លាំងនឹងធ្វើឱ្យក្រលៀនត្រូវបំពេញតួនាទីកម្ចាត់ភាពត្រជាក់ចេញពីរាងកាយយ៉ាងឆាប់រហ័ស ដោយការបណ្ដេញទឹកត្រជាក់ចេញមកស្តុកទុកនៅក្នុងប្លោកនោម។ ក្រៅពីក្រលៀននឹងធ្វើការខ្លាំងឡើងហើយ ភាពត្រជាក់នៅធ្វើឱ្យសរសៃឈាមពង្រឹងខ្លួន មិនយឺតយារ ឈាមឡើងខាប់ស្អិត រំកិលខ្លួនយឺត និងលំបាក ធ្វើឱ្យមានកំណកខ្លាញ់ និងរបស់សំណល់នៅក្នុងឈាមតោងជាប់នៅតាមជញ្ជាំងសរសៃឈាម និងអាចប្រមូលសន្សំពូនច្រើនឡើងរហូតក្លាយជាជំងឺត្បៀតសរសៃឈាម។

ដូច្នេះ បើចង់ចៀសវាងពីគ្រោះថ្នាក់ទាំងនោះ គួរញ៉ាំទឹកក្ដៅឧណ្ហៗ ឬទឹកធម្មតាជំនួសទឹកដែលត្រជាក់ខ្លាំង ឬកាត់បន្ថយការញ៉ាំទឹកត្រជាក់ខ្លះ ទទួលទានអាហារដែលមានជាតិខ្លាញ់តិច គ្រប់គ្រងអាហារពពួកម្សៅ និងស្ករឱ្យសមល្មមនឹងតម្រូវរបស់រាងកាយ ហាត់ប្រាណឱ្យបានជាប់លាប់ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រួលការធ្វើការងាររបស់អវយវៈខាងក្នុង រួមទាំងសរសៃឈាមឱ្យប្រក្រតីផង៕

Advertisement