គិលានុបដ្ឋាក នៅ អាល្លឺម៉ង់ បន្លំ​ចាក់ទឹក​អំបិល​ ជំនួស​វ៉ាក់សាំង COVID-19! ពលរដ្ឋ​ជិត​​ម៉ឺន​នាក់​អាច​រង​ផល​ប៉ះពាល់​

គិលានុបដ្ឋាក​ម្នាក់​នៅ​ប្រទេស អាល្លឺម៉ង់ ត្រូវបាន​គេ​សង្ស័យថា​ជា​អ្នក​បាន​បន្លំ​វ៉ាក់សាំង COVID-19 រាប់ពាន់​ដប ដោយ​ដាក់​ទឹកអំបិល ជំនួស។

បុគ្គលិក​សុខាភិបាល​ម្នាក់ ដែល​ធ្វើ​ការឱ្យ​កាកបាទក្រហម របស់ អាល្លឺម៉ង់ ត្រូវបាន​គេ​សង្ស័យថា បាន​ចាក់​ទឹកអំបិល saline (Sodium Chloride) ឱ្យ​ប្រជាជន ជំនួស​ឱ្យ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅក្នុង​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយ ក្នុង​ខេត្ត Friesland កាលពីដើមឆ្នាំ 2021។

Sven Ambrosy ដែលជា​សមាជិក​ក្រុមប្រឹក្សា​មូលដ្ឋាន កាលពី​ថ្ងៃទី 10 សីហា បានឱ្យដឹងថា មនុស្ស​ប្រហែល 8,600 នាក់ ទំនងជា​បាន​រង​ផលប៉ះពាល់​ដោយសារ​អំពើ​បន្លំ​នេះ។ ក្រុមមន្ត្រី​សុខាភិបាល កំពុងតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ទាំងនេះ ទៅ​ចាក់​វ៉ាក់សាំង​ជាថ្មី។ Sven Ambrosy និយាយថា៖ «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់ នៅពេល​បានដឹង​ហេតុការណ៍​នេះ»។

ធាតុ​រាវ​ជា​ទឹកអំបិល saline (Sodium Chloride) ថ្វីបើ​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ប៉ុន្តែ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កាលពី​ខែមីនា និង​ខែមេសា ជា​ពេលដែល​វ៉ាក់សាំង​ត្រូវគេ​បន្លំ ភាគច្រើន​ជា​ពលរដ្ឋ​វ័យ​ចំណាស់ ជា​ក្រុមមនុស្ស​ដែល​ងាយ​ឆ្លង​ជំងឺ និង​ងាយ​បាត់បង់​ជីវិត​ដោយសារ COVID-19។

មកដល់ពេលនេះ អាជ្ញាធរ​មិនទាន់​ប្រកាស​ឱ្យដឹង​អំពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​ដែលជា​គិលានុបដ្ឋាយិកា ខាងលើនេះ​នៅឡើយ។ មន្ត្រី​ពាក់ព័ន្ធ​ក៏​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ចេតនា​របស់​ជនសង្ស័យ ប៉ុន្តែ បុគ្គលិក​ពេទ្យ​រូបនេះ ធ្លាប់បាន​លើកឡើង​នៅលើ​បណ្ដាញ​សង្គម​អំពី​ការសង្ស័យ ឬ​ការមិនទុកចិត្ត​របស់​ខ្លួន ចំពោះ​វ៉ាក់សាំង​បង្ការ COVID-19។

បច្ចុប្បន្ន មិនទាន់​ច្បាស់​ថា ស្ត្រី​ជាប់​សង្ស័យ​នេះ ត្រូវបាន​ចាប់ខ្លួន ឬ​ត្រូវបាន​ចោទប្រកាន់​ហើយ ឬ​នៅ។ ករណីនេះ ត្រូវបាន​ប្រគល់ឱ្យ​អង្គភាព​ពិសេស ដែល​ជំនាញ​ខាង​ស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​នឹង​ចេតនា​នយោបាយ។ ប៉ូលិស​ក្នុង​តំបន់ ក៏​មិនទាន់មាន​ការអធិប្បាយ​អ្វី​ចំពោះ​ព័ត៌មាន​នេះ​នៅឡើយ​នោះដែរ៕

Advertisement