រឿង 7 យ៉ាងដែលអ្នកមិនធ្លាប់ដឹង ពាក់ព័ន្ធនឹងទឹកភ្នែក…

មនុស្សយើងគ្រប់រូប ម្នាក់ៗសុទ្ធតែមានសម្ព័ន្ធភាពយ៉ាងស៊ីជម្រៅជាមួយទឹកភ្នែកពេញមួយជីវិត សាកល្បងគិតទៅមើល៍ នៅពេលកើតមកភ្លាម រឿងដំបូងគេដែលយើងធ្វើមុននឹងបើកភ្នែកមើលពិភពលោក គឺការហាមាត់ស្រែកយំ លុះដល់ធំឡើង យើងក៏ប្រើទឹកភ្នែកបង្ហាញពីអារម្មណ៍សោកស្ដាយខូចចិត្ត(ឬត្រេកអរនៅពេលខ្លះ) និងច្រើនដងណាស់ដែលវាហូរចេញមកប្រៀបដូចទឹកបាក់ទំនប់ ដោយសារគ្រាន់តែយើងហាន់មើមខ្ទឹមបារាំង!។

មើលទៅវាហាក់ដូចជាថា តំណក់ទឹកថ្លាៗដែលហូរចុះមកលើថ្ពាល់របស់យើងនេះ មានរឿងរ៉ាវអាថ៌កំបាំងច្រើនគួរសម…

ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលពីរឿង 7 យ៉ាងដែលយើងមិនធ្លាប់ដឹងពាក់ព័ន្ធនឹងទឹកភ្នែកនេះ ធានាថា លោកអ្នកច្បាស់ជានឹកចម្លែកចិត្តមិនខាន។

1 . ហៅថា “ទឹកភ្នែក” តែមិនមែនជា ទឹក ទេ

ទឹកដែលហូរចេញមកពីកែវភ្នែក វាត្រូវតែជាទឹកហ្នឹងហើយ!។ មិនខុសទេ! តែក៏មិនបានត្រឹមត្រូវទាំងអស់ដែរ។ ការពិតទៅ ទឹកភ្នែករបស់យើងមានលក្ខណៈដូចជាបន្ទះហ្វ៊ីលម៍ដែលដាក់ពីលើគ្នា 3 ជាន់។

ជាន់ក្រៅបំផុត ឬ “ស្រទាប់ខ្លាញ់” ( Lipid layer ) មានខ្លាញ់ជាផ្នែកផ្សំចម្បង មានតួនាទីការពារការហើរស្ងួតរបស់ទឹកភ្នែក បញ្ចៀសពន្លឺ និងជួយក្នុងការមើលឃើញ។

ជាន់ទីពីរ ហៅថា “ស្រទាប់សារធាតុទឹក” ( Aqueous layer ) ប្រាកដណាស់! មានទឹកជាចំណែកផ្សំចម្បង និងនៅមានផ្សំដោយសារធាតុសំខាន់ផ្សេងៗដូចជា អំបិលរ៉ែ ប្រូតេអ៊ីន និងសារធាតុការពារជំងឺផ្សេងៗទៀតផង។ មុខនាទីរបស់ស្រទាប់សារធាតុទឹកភ្នែកដែលសំខាន់បំផុតគឺ ផ្ដល់អុកស៊ីហ្ស៊ែនដល់កែវភ្នែក និងជាប្រភពអាហារសំខាន់របស់កែវភ្នែក។

ជាន់ក្នុងបំផុត ជា “ស្រទាប់រំអិល” ( Mucous layer ) ប្រកបដោយរំអិល ប្រូតេអ៊ីន និងអំបិលរ៉ែ មានតួនាទីធ្វើឱ្យស្រទាប់កញ្ចក់ភ្នែករាប ជួយឱ្យសម្លឹងមើលឃើញច្បាស់ ជួយរំអិលស្រទាប់ផ្នែកខាងមុខកែវភ្នែក និងស្ទាក់ចាប់វត្ថុប្លែកចម្លែក ជួយការពារមិនឱ្យភ្នែកជាប់មេរោគ។

2 . ច្រើនជាង 1 តែមានដល់ទៅ 3

ប្រយោគនេះមិនមែនជាការផ្សាយពាណិជ្ជកម្មលក់ទំនិញទេ តែជាប្រភេទ “ទឹកភ្នែក” របស់មនុស្សយើងហ្នឹងឯង។ ទោះជាមានសភាព និងរូបរាងទ្រង់ទ្រាយដូចគ្នាទាំងអស់មែន តែការពិតវិញ ទឹកភ្នែកមានដល់ទៅ 3 ប្រភេទឯណោះ។

– Basal Tear ទឹកភ្នែកដែលហូរចេញមកគ្រប់ពេលវេលា ដើម្បីផ្ដល់សំណើមដល់កែវភ្នែក និងការពារធូលីដី។

– Reflex Tear បើត្រឹមតែមានធូលីដីហើរចូលភ្នែក ហើយចេញទឹកភ្នែកនោះ ហ្នឹងហើយគឺ Reflex Tear។ ជាទឹកភ្នែកដែលហូរចេញមកក្នុងបរិមាណច្រើននៅពេលមានកម្ទេចអ្វីម្យ៉ាងចូលភ្នែក ឬនៅពេលមានអារម្មណ៍ថា ក្ដៅក្រហាយភ្នែក ដូចជា ពេលហាន់មើមខ្ទឹមបារាំង ឬប៉ះនឹងពន្លឺចាំងខ្លាំងៗជាដើម។

– Emotional Tear ជាទឹកភ្នែកដែលមានតែមនុស្សប៉ុណ្ណោះដែលអាចបង្ហូរចេញមកបាន។ វានឹងហូរចេញមកនៅពេលកើតមានអារម្មណ៍ផ្សេងៗ ដូចជា សោកសៅ ខូចចិត្ត អផ្សុក ខកបំណងស្នេហ៍ ត្រេកអរខ្លាំង ជាដើម តែភាគច្រើន…ប្រាកដណាស់!…ជាទឹកភ្នែកនៃក្ដីសោកស្ដាយខូចចិត្ត។

3 . មិនយំ មិនមែនមានន័យថា មិនមានទឹកភ្នែកនោះទេ

កុំអាលភ្ញាក់ផ្អើលអី! ព្រោះអាចនឹងស្ដាប់មើលទៅរាងកម្សត់ តែវាជាសភាវប្រក្រតីរបស់រាងកាយមនុស្សយើង។ ទឹកភ្នែកប្រភេទ Basal Tear របស់យើងនឹងហូរចេញមកដើម្បីថែរក្សាកែវភ្នែកឱ្យមានសំណើមគ្រប់ពេលវេលា តែហូរចេញមកក្នុងបរិមាណតិចបំផុត មួយថ្ងៃត្រឹមតែ 5 – 10 អនស៍ប៉ុណ្ណោះ ហើយនឹងហើរស្ងួតទៅវិញប្រមាណជា 10 – 20%គ្រប់ពេលដែលយើងបើកភ្នែក ទើបយើងស្ទើរតែមិនដឹងឡើយថា មានទឹកភ្នែកកំពុងថែទាំយើង។

4 . ទឹកភ្នែក និងទឹកសមុទ្រ…ដូចគ្នាទេ?

ហេតុអីបានជាទឹកភ្នែកមានរសជាតិប្រៃដូចទឹកសមុទ្រដែរ? ជាទឹកតែមួយដូចគ្នាឬយ៉ាងណា?

ទេ…ខុសគ្នាស្រឡះ! ព្រោះនៅក្នុងទឹកភ្នែក និងទឹកសមុទ្រមានចំណែកផ្សំរបស់ “អំបិល” ឬសូដ្យូមខ្លូរ៉ាយដ៍ដូចគ្នាមែន តែកម្រិតជាតិប្រៃរបស់ទឹកភ្នែកខុសប្លែកពីគ្នាអាស្រ័យលើបច្ច័យជាច្រើន ដូចជា ការយំ និងការត្រេកអរ ឬរំភើបចិត្តជាដើម។

5 . គ្មានទឹកភ្នែក…អាចនឹងមើលឃើញមិនច្បាស់

អ្នកណាទៅដឹងថា វត្ថុសំខាន់មួយដែលធ្វើឱ្យមនុស្សយើងមើលឃើញបានច្បាស់នោះគឺ “ទឹកភ្នែក”?។ ក្រៅពីនឹងជួយឱ្យមានសំណើមដល់កែវភ្នែកហើយ ទឹកភ្នែកនៅជួយសម្អាតកញ្ចក់ភ្នែក ធ្វើឱ្យយើងមើលឃើញបានច្បាស់ល្អឡើង។ ដូច្នេះ យើងគួរមើលថែទាំសុខភាពកែវភ្នែកឱ្យមានទឹកភ្នែកចេញមកចិញ្ចឹមកែវភ្នែកជាប់ជានិច្ចដោយការឧស្សាហ៍ប៉ប្រិចភ្នែកឱ្យបានញឹកញាប់ ចៀសវាងពីបរិស្ថាន និងទង្វើដែលធ្វើឱ្យទឹកភ្នែកងាយហើរស្ងួត ដូចជាការប្រើខ្សែភ្នែកយូរៗជាដើម។

6 . មានអារម្មណ៍តានតឹងពិបាកចិត្ត ក៏យំចេញមក!

ផ្នែកមួយពីការសិក្សាស្រាវជ្រាវរឿងទឹកភ្នែករបស់លោក William Frey អ្នកជីវគីមីនៃមជ្ឈមណ្ឌលវិភាគកែវភ្នែកបានប្រាប់ថា គ្រប់ពេលដែលយើងទួញយំ សារធាតុអេនដូហ្វ៊ីននឹងហូរចេញមក ជួយកាត់បន្ថយកម្រិតអ័រម៉ូននៃភាពតានតឹងពិបាកចិត្តបាន។ ដោយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ Frey ក៏បានរកឃើញទៀតថា មនុស្សប្រុសជាង 73% និងស្រ្តីជាង 75% និយាយថា មានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តឡើងវិញនៅពេលបានយំរួច។

7 . តើមនុស្សប្រុស និងមនុស្សស្រីយំដូចគ្នាឬទេ?

ការសិក្សាស្រាវជ្រាវពីស្ថាប័នជាច្រើនបានរកឃើញថា “ស្រ្តីមានសញ្ញាថានឹងយំញឹកញាប់ជាបុរស” ដោយអ្នកគីមីវិទ្យា William Frey ប្រធានក្រុមអ្នកស្រាវជ្រាវដែលបានប្រើពេលវេលាសិក្សាអំពីទឹកភ្នែកជាពិសេសអស់រយៈពេលដល់ទៅ 15 ឆ្នាំបានរាយក្ារណ៍ថា ក្នុង 1 ខែស្រ្តីយំ 5.3 ដង ចំណែកបុរសវិញយំប្រមាណតែ 1.4 ប៉ុណ្ណោះ។ ភាពញឹកញាប់នៃការយំដែលខុសប្លែកពីគ្នានេះ មួយផ្នែកកើតឡើងពី “អ័រម៉ូនប្រូលែកទីន” ដែលរាងកាយនឹងផលិតចេញមកនៅពេលដែលយើង “មានអារម្មណ៍ខ្លាំងដល់ទីបំផុត” ដូចជា ត្រេកអរបំផុត រំភើបចិត្តបំផុត ខូចចិត្ត ឬសោកស្ដាយបំផុត រហូតទៅដល់មួម៉ៅ តានតឹងតែនិយាយមិនចេញ និងពិបាកចិត្តបំផុត ជាដើម។ ក្នុងអំឡុងអារម្មណ៍បែបនេះ រាងកាយនឹងទម្លាយចេញមកជាដំណក់ទឹកភ្នែក ដើម្បីបញ្ចុះកម្រិតភាពតានតឹង ដោយស្រ្តីនឹងផលិតអ័រម៉ូននេះបានច្រើនជាងបុរសដល់ទៅ 4 ដង ទើបវាជាដើមហេតុឱ្យមនុស្សស្រីមានសញ្ញា និងទំនោរក្នុងការឆាប់ទួញយំ និងរំអួយជាងបុរស តែទាំងអស់នេះ វាអាស្រ័យលើហ្ស៊ែន ខ្នាតរបស់បំពង់បង្ហូរទឹកភ្នែករបស់មនុស្សម្នាក់ៗ និងការចិញ្ចឹមមើលថែរបស់គ្រួសារផងដែរ។​

ឃើញទេថា ទឹកភ្នែកដែលជាចំណែកតូចមួយរបស់រាងកាយយើង មានអ្វីដែលគួរឱ្យចាប់អារម្មណ៍ច្រើនណាស់ និងថែមទាំងបំពេញតួនាទីចម្បងៗ ជួយឱ្យយើងមើលឃើញបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ បានដឹងបែបនេះហើយ ចូរកុំភ្លេចងាកមកយកចិត្តទុកដាក់មើលថែទាំទឹកភ្នែក ដោយឧស្សាហ៍ទៅជួបគ្រូពេទ្យជំនាញខាងភ្នែកដើម្បីទទួលយកការណែនាំក្នុងការមើលថែទាំសុខភាពកែវភ្នែក រួមទាំងពិនិត្យរកមើលអាការខុសប្រក្រតីផ្សេងៗ ដូចជា សភាវភ្នែកឡើងស្ងួត ជាដើម។ល។ ទាំងអស់នេះគឺដើម្បីប្រសិទ្ធភាពក្នុងការមើលឃើញដែលល្អបំផុត៕

Advertisement